ទីក្រុងហុងកុង៖ ប្រមុខទីក្រុងអ្នកស្រី ការី ឡាំ បានបញ្ជាក់ថា គម្រោងបង្កើតច្បាប់សន្តិសុខជាតិសម្រាប់ទីក្រុងហុងកុង គឺបានផ្ដល់ការធានាថាសេរីភាព និងសិទ្ធិមូលដ្ឋានដទៃទៀតរបស់ហុងកុង នឹងមិនរងផលប៉ះពាល់ឡើយ ។ គម្រោងបង្កើតច្បាប់សន្តិសុខជាតិនេះដែល បង្កឲ្យមានការរំជើបរំជួលយ៉ាងខ្លាំងក្នុងតំបន់រដ្ឋបាលពិសេសមួយនេះ។ ខណៈប្រទេសខ្លះ និងក្រុមសកម្មជនដែលគាំទ្រប្រជាធិបតេយ្យក្នុងទីក្រុងហុងកុង បានបង្ហាញក្ដីបារម្ភពីឥទ្ធិពលរបស់សេចក្ដីព្រាងច្បាប់នេះលើសិទ្ធិសេរីភាពរបស់ហុងកុង។
បើតាមទីភ្នាក់ងារព័ត៌មាន AFP បានចេញផ្សាយនៅថ្ងៃទី២៦ ខែឧសភានេះថា ប្រធានប្រតិបត្តិតំបន់រដ្ឋបាលពិសេសហុងកុង អ្នកស្រី ការីឡាំ បានចេញមុខនិយាយការពារគម្រោងបង្កើតច្បាប់សន្តិសុខជាតិមួយដែលត្រូវអនុវត្តនៅហុងកុងពីសំណាក់រដ្ឋាភិបាលមជ្ឈិម។ ខណៈមានសំឡេងប្រឆាំងការបង្កើតច្បាប់បែបនេះ អ្នកស្រី ឡាំ និយាយថា ហុងកុងត្រូវការច្បាប់បែបនេះដើម្បីប្រយោជន៍ធំធេងរបស់ប្រជាជនក្នុងទីក្រុង។
អ្នកស្រី ឡាំ បានអះអាងទៀតថា សេរីភាពហុងកុង នឹងត្រូវបានការពារ ហើយភាពរស់រវើករបស់ហុងកុងលើផ្នែកនីតិរដ្ឋ ឯករាជ្យភាពប្រព័ន្ធតុលាការ និងសិទ្ធិសេរីភាពច្រើនទៀតរបស់ហុងកុង នឹងនៅតែបន្តមានដដែល។ មេដឹកនាំទីក្រុងហិរញ្ញវត្ថុមួយនេះ ក៏ស្នើឲ្យអ្នកដែលបង្ហាញក្ដីបារម្ភលើគម្រោងបង្កើតច្បាប់សន្តិសុខ រង់ចាំដល់ពេលឃើញឯកសារច្បាប់សិន ចាំមានប្រតិកម្មតាមក្រោយ។
«ការធានានេះ ត្រូវបានបញ្ជាក់យ៉ាងច្បាស់ក្នុងសេចក្ដីព្រាង ក៏ដូចជាការពន្យល់របស់ថ្នាក់ដឹកនាំសភាប្រជាជនចិន។ មិនមានការចាំបាច់អ្វីដែលយើងត្រូវបារម្ភឡើយ។» នេះជាការបញ្ជាក់របស់អ្នកស្រី ឡាំ ដោយសំដៅកិច្ចប្រជុំសភាប្រជាជនចិនដែលកំំពុងធ្វើនៅឯទីក្រុងប៉េកាំង។ ឯរឿងក្ដីបារម្ភទៀតសោត ប្រធានប្រតិបត្តិរូបនេះ បកស្រាយថា អ្នកដែលត្រូវបារម្ភ គឺមនុស្សមួយក្ដាប់តូចដែលបំពានច្បាប់ដើម្បីរៀបចំនិងចូលរួមសកម្មភាពភេរវកម្មប្រឆាំងអំណាចរដ្ឋ។
ទីក្រុងប៉េកាំង ចង់បានច្បាប់សន្តិសុខជាតិនៅពេលនេះ ក្រោយអស់ការអត់ធ្មត់នឹងការតវ៉ានៅហុងកុងកាលពីឆ្នាំកន្លងទៅ ដែលពេលខ្លះប្រែទៅជាហិង្សាផងដែរ។ ច្បាប់ថ្មី នឹងហាមឃាត់ការផ្ដាច់ខ្លួន វិទ្ធង្សនា ភេរវកម្ម និងការលូកដៃរបស់បរទេសក្នុងទីក្រុងនេះ។ ជានីតិវិធី សភាប្រជាជនចិន នឹងអនុម័តសេចក្ដីសម្រេចមួយដែលបើកផ្លូវឲ្យគណៈអចិន្ត្រៃយ៍សភាប្រជាជនតាក់តែងសេចក្ដីព្រាង រួចអនុម័តតែម្ដង។បន្ទាប់មក ច្បាប់នេះអាចអនុវត្តបាន ដោយមិនចាំបាច់ឆ្លងសភាទីក្រុងនេះឡើយ។
គម្រោងបង្កើតច្បាប់នេះ ក៏នាំឲ្យការឆ្លើយឆ្លងពាក្យសម្តីរវាងប៉េកាំង និងវ៉ាស៊ីនតោនរហូតមានការគំរាមដាក់ទណ្ឌកម្មទៀតផង។ ទីប្រឹក្សាម្នាក់របស់ប្រធានាធិបតីអាមេរិក ព្រមានថា អាមេរិកនឹងដកឋានៈពាណិជ្ជកម្មពិសេសពីហុងកុង បើច្បាប់នេះលេចជារូបរាង។ ប៉ុន្តែប៉េកាំងឆ្លើយវិញថា ខ្លួនក៏មិននៅស្ងៀមដែរ បើផលប្រយោជន៍នៅហុងកុងមានបញ្ហា៕ដោយ៖ស តារា