សម្តេចក្រឡាហោម ស ខេង ស្នើដល់សមត្ថកិច្ចតាមបណ្តាខេត្តជាប់ព្រំដែនខិតខំទប់ស្កាត់ឱ្យបាននៅការលួចធ្វើដំណើរឆ្លងកាត់ព្រំដែន

ចែករំលែក៖

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រឆាំងការជួញដូរមនុស្ស បានស្នើដល់បណ្តាខេត្តមួយចំនួនដែលជាប់ព្រំដែនត្រូវធ្វើយ៉ាងណាខិតខំទប់ស្កាត់ឱ្យបាននូវការលួចធ្វើដំណើរឆ្លងកាត់ព្រំដែន។ សម្តេចក្រឡាហោម មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ជាតិការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នាព្រឹកថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ។

សម្តេចក្រឡាហោម មានប្រសាសន៍បន្តថា ៖ បច្ចុប្បន្ននេះបើទោះបីជាយើងបានបិទច្រកចេញ-ចូលផ្លូវការរួចហើយក៏ដោយ ក៏មានពលរដ្ឋមួយចំនួននៅតែចេញ-ចូលនៅតាមច្រករបៀង ដូចនេះសមត្ថកិច្ចនៅតាមបណ្តាខេត្តត្រូវយកចិត្តទុកដាក់បន្ថែម។ សម្តេចក្រឡាហោម បានមានប្រសាសន៍បន្ថែមទៀតថា “ប្រទេសថៃនាពេលនេះ កំពុងតែដាក់ប្រទេសនៅក្នុងភាពអាសន្ននៅឡើយ ហេតុនេះហើយការលួចឆ្លងដែន គឺខុសច្បាប់ទាំងស្រុង ទាំងអ្នកទៅ ក៏ខុស អ្នកនាំ ក៏ខុសច្បាប់ដូចគ្នា”។

ក្នុងឱកាសនោះដែរ សម្តេចក្រឡាហោម បានស្នើទៅដល់សមត្ថកិច្ចទាំងអស់ ទាំងរដ្ឋបាលដែនដី កម្លាំងកងយោធពលខេមរភូមិន្ទ កម្លាំងនគរបាលជាតិ និងសមត្ថកិច្ចដទៃទៀត ដែលមានការពាក់ព័ន្ធត្រូវរួមគ្នា ទប់ស្កាត់ដើម្បីកុំឱ្យមានការលួចឆ្លងកាត់ខុសច្បាប់ទៅក្រៅប្រទេស ជាពិសេសប្រទេសថៃ។

គួរបញ្ជាក់ដែរថា ក្នុងរយៈពេលពី២ខែចុងក្រោយនេះ ចំនួនពលករវិលត្រឡប់មកកម្ពុជាវិញមានរហូតទៅដល់ជាង៩ម៉ឺននាក់។ កងកម្លាំងសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានខេត្តក្រុង ស្រុកជាប់ព្រំដែន មន្ទីរសុខាភិបាល នៃបណ្តាខេត្តពាក់ព័ន្ធ និងបានការគាំទ្រមធ្យោបាយដឹកជញ្ជូន ពីក្រសួងការពារជាតិផងនោះ បានអនុវត្តភារកិច្ចទទួលពលករផ្តល់ការឧបត្ថម្ភពិនិត្យសុខភាពវាស់កំដៅ និងអនុវត្តចត្តាឡីស័កបានយ៉ាងខ្ជាប់ខ្ជួន ដើម្បីការពារការឆ្លង និងចម្លងជម្ងឺកូវីដ១៩ ទៅសហគមន៍របស់ខ្លួន៕

...

ប្រភព ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print