អនុសាខាកាកបាទក្រហមខណ្ឌច្បារអំពៅចែកអំណោយដល់ប្រជាពលរដ្ឋ៣៥ គ្រួសារនៅសង្កាត់ក្បាលកោះ

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌបានដឹកនាំប្រតិភូអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ចុះជួបសំណេះសំណាល សាកសួរ សុខទុក្ខ និងនាំយកអំណោយឧបត្តម្ភជូនដល់ប្រជាពលរដ្ឋ ចំនួន ៣៥ គ្រួសារ ដែលមានជីវភាពខ្វះខាត ស្ថិតនៅភូមិជ្រោយអំពិល ក្នុងសង្កាត់ក្បាលកោះ 

ក្នុងឱកាសអញ្ជើញចូលរួមផ្តល់អំណោយនេះដែរ លោក ចេង មុនីរ៉ា បានថ្លែងនូវក្តីអាណិតអាសូរចំពោះប្រជាពលរដ្ឋក្រីក្រ ហើយលោកក៏បានថ្លែងកោតសរសើរមន្ត្រីមូលដ្ឋានភូមិ-សង្កាត់ និងមន្រ្តីអនុសាខាកាកបាទក្រហមខណ្ឌ ដែលតែងតែតាមដានពិនិត្យមើលពីស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋទីទ័លក្រដោយបានរៀបចំជាអំណោយ ចែកជូនដើម្បីសម្រាលនូវការលំបាកខ្វះខាតរបស់បងប្អូន។

លោកអភិបាលខណ្ឌ បានលើកឡើងផងដែរពីការយកចិត្តទុកដាក់គិតគូររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្ដេចតែងតែ បានគិតគូរពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទិសទី ជាពិសេស ប្រជាពលរដ្ឋជួបការលំបាកក្នុងជីវភាព និងងាយរងគ្រោះនានា ហើយសម្តេចតែងតែបានក្រើនរំលឹកដល់អាជ្ញាធរគ្រប់ទីកន្លែងឱ្យតាមដានពី សុខទុក្ខប្រជាពលរដ្ឋ និងគិតគូរដោះស្រាយជូនពួកគាត់ឲ្យទាន់ពេលវេលា។

ក្នុងឱកាសនោះដែរលោកប្រធានកិត្តិយសអនុសាខាបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជា រាជធានីភ្នំពេញ ជាពិសេស ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារទាំងអស់  ដោយមិនប្រកាន់ប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ។

ជាមួយគ្នានោះដែរលោកប្រធានក៏បានផ្ដាំផ្ញើដល់លោកយាយលោកតាបងប្អូនទាំងអស់ឲ្យរក្សានូវអនាម័យល្អ ផឹកស្អាត ហូបស្អាត រស់នៅស្អាត  ជាពិសេសត្រូវអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលជានិច្ចក្នុងការបង្ការទប់ស្កាត់ប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩ ដែលកំពុងតែគំរាមកំហែងសុខភាព និងជីវភាពប្រជាពលរដ្ឋជាសកល មិនថាតែប្រទេសកម្ពុជាយើងមួយប៉ុណ្ណោះទេ ៕ដោយ៖សណ្តោស

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print