ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវសន្តិសុខឯកជននៅផ្សារទំនើបអ៉ីអន២ ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ភ្នំពេញថ្មី ក្រោយពីរូបគេបានបន្លំលួចយកទឹកអប់បានហើយប្រុងគេចខ្លួន ។
ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅចំណុចក្នុងផ្សារទំនើបអ៉ីអន២សែនសុខ ផ្លូវលេខ១០០៣ ភូមិប៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ជនសង្ស័យមានឈ្មោះ ឡុង វុទ្ធី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ផ្សារដើមគរខណ្ឌទួលគោក (គ្មានសារធាតុញៀន)។ ចំណែកជនរងគ្រោះមានឈ្មោះ ណុប ណារ៉ុង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិគោកចំបក់ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។
តាមការរៀបរាប់របស់សន្តិសុខ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យបានដើរចូលក្នុងផ្សារទំនើបអ៉ីអន២ ហើយបានបន្លំលួចយកទឹកអប់ចំនួន៣៩ដប ហើយមិនបានយកទៅកន្លែងគិតលុយនោះទេ រួចក៏ដើរចេញពេលនោះបុគ្គលិកមើលឃើញតាមកាមេរ៉ាសុវត្តិភាពក៏ឲ្យសន្តិសុខឃាត់ខ្លួនយកមកប្រគល់ឲ្យសមត្ថកិច្ចតែម្តង ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕ ដោយ៖ ចន្ទ លីហ្សា