ក្លិបយក្សអេស្ប៉ាញអ្នកមានបុណ្យ Barcelona មានផែនការច្បាស់លាស់ដោយអាចនឹងលក់កីឡាករចំនួន៦រូបដើម្បីប្រមូលលុយឲ្យបានច្រើនថ្មីចូល។ កីឡាករដែលក្លិបគ្រោងទិញចូលគឺទិញកីឡាករ Lautaro Martiniez និងកីឡាករ Miralem Pjanic ដែលជាគោលដៅសំខាន់របស់ក្លិប។
កីឡាករសញ្ជាតិឈីលី Arturo Vidal នឹងអាចទៅលេងជាមួយនឹងក្លិបអ៊ីតាលី Inter Milan ប៉ុន្តែជឿជាក់ថា គ្រូបង្វឹកក្លិបអ៊ីតាលីលោក Antonio Conte មិនចង់ដាក់បញ្ជូលកីឡករសញ្ជាតិឈីលីរូបនេះ នៅក្នុងការដោះដូរ ជាមួយនឹងកីឡាករ Martinez នោះទេ។
Barcelona ត្រូវបានគេជឿជាក់ដែរថា នឹងអាចប្រមូលលុយ បានយ៉ាងហោចណាស់១៣លានផោន ពីកីឡាករVidal ដែលខ្លួនទើបតែបានទិញមកពីក្លិប Bayern Munich កាលពីឆ្នាំ២០១៨ ។ ក្រៅពីនេះកីឡាករផ្សេងទៀត ដែលត្រូវលក់ចេញមានដូចជា Nelson Semedo, Jean Clair Todibo, Rafinha, Junir Firpo និងកីឡាករ Moussa Wague ជាដើម។
កីឡាករទាំងនេះមិនសូវមានឱកាសបង្ហាញខ្លួនញឹកញាប់ក្នុងក្លិបយក្សអេស្ប៉ាញមួយនេះទេ។ សម្រាប់រដូវកាលនេះក្លិបអ្នកមានបុណ្យ Barcelona កំពុងឈរកំពូលតារាងដោយមាន៥៨ពិន្ទុលើក្រុមលេខ២ Real Madrid តែ២ពិន្ទុប៉ុណ្ណោះ ដោយត្រូវប្រជែងយកពានសម្រាប់រដូវកាលនេះយ៉ាងស្វិតស្វាញ ៕
ដោយ៖ ភិរក្ស