ប៉ូលិសប៉ាគីស្ថានបានបញ្ជាក់ថា ខ្មាន់កាំភ្លើងបានឡោមព័ទ្ធ និងវាយប្រហារចូលទៅកាន់សាកលវិទ្យាល័យមួយកន្លែង ស្ថិតនៅភាគពាយព្យប្រទេសប៉ាគីស្ថាន កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ ។ ការផ្ទុះអាវុធនៅតែបន្តឮស្នូរសំឡេង លាន់ឮយ៉ាងកងរំពង ហើយជាមួយគ្នានេះ ក៏មានការផ្ទុះគ្រាប់បែកផងដែរ ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា ខ្មាន់កាំភ្លើង៣នាក់បានចូលទៅកាន់បរិវេណសាកលវិទ្យាល័យ Bacha Khan University ស្ថិតនៅក្នុងតំបន់ Charsadda ភាគពាយព្យខេត្ត Khyber Pakhtunkhwa ប្រទេសប៉ាគីស្ថាន ហើយបានបើកការបាញ់ប្រហារទៅលើលោកគ្រូ និងសិស្សនៅក្នុងថ្នាក់រៀងតែម្តង ។
ប្រភពបន្តថា ការបាញ់ប្រហារនេះបណ្តាលឲ្យលោកគ្រូ អ្នកគ្រូ និងនិស្សិតស្លាប់ និងរងរបួសប្រមាណ៥០នាក់ ។ រីឯខ្មាន់កាំភ្លើង២នាក់ត្រូវកម្លាំងសន្តិសុខបាញ់សម្លាប់ផងដែរ ។ ក្រុមនិស្សិតភាគច្រើនត្រូវបានរំដោះប្រកបដោយសុវត្ថិភាព ។
រដ្ឋាភិបាលប៉ាគីស្ថានបានបាញ់សម្លាប់ និងចាប់ខ្លួនជនសង្ស័យច្រើនរយនាក់ពាក់ព័ន្ធជាមួយក្រុមឧទ្ទាមភេរវកម្ម ក្រោមយុទ្ធនាការប្រឆាំងភេរវកម្ម ។ យុទ្ធនាការរបស់រដ្ឋាភិបាលបាគីស្ថានបានកើតឡើងបន្ទាប់ពីក្រុមឧទ្ទាមវាយប្រហារសម្លប់រង្គាលក្មេងៗសិស្សសាលាកាលពីខែធ្នូ ឆ្នាំ២០១៤ ស្ថិតនៅភាគពាយព្យប៉ាគីស្ថាន ។
លោក Saeed Wazir អនុប្រធានអធិការកិច្ចប៉ាគីស្ថានបានប្រាប់រ៉យទ័រថា គេនៅមិនទាន់ដឹងថា តើខ្មាន់កាំភ្លើងមានប៉ុន្មាននាក់ឲ្យពិតប្រាកដនោះឡើយ ប៉ុន្តែប៉ូលិសបានសម្រុកចូលទៅកាន់សាកលវិទ្យាល័យនោះ និងបានផ្ទុះអាវុធជាមួយជនវាយប្រហារទាំងនោះ ។ ការផ្ទុះអាវុធនៅតែបន្តកើតឡើង ។ លោកបញ្ជាក់ថា យើងបាននិងកំពុងធ្វើប្រតិបត្តិការនៅក្នុងថ្នាក់រៀន និងព្យាយាមរំដោះជនរងគ្រោះដែលជានិស្សិត និងបុគ្គលិកនៅក្នុងសកវិទ្យាល័យ ។
សាស្ត្រាចារ្យម្នាក់ ឈ្មោះ Shabir Khan ដែលបង្រៀនខាងអក្សរសាស្ត្រអង់គ្លេសនិយាយថា លោកត្រៀមនឹងចូលថ្នាក់ដើម្បីបង្រៀនទៅហើយ ស្រាប់តែមានករណីផ្ទុះអាវុធកើតឡើង ។ លោកបន្តថា នៅអំឡុងពេលផ្ទុះអាវុធ ក្រុមនិស្សិត និងបុគ្គលិកសាលាទាំងអស់ភាគច្រើនស្ថិតនៅក្នុងថ្នាក់ ។ លោកបន្តថា លោកមិនបានដឹងថា មានរឿងអ្វីកើតឡើងនោះទេ ប៉ុន្តែលោកបានឮប៉ូលិសម្នាក់និយាយទូរស័ព្ទថា មនុស្សច្រើននាក់បានស្លាប់ និងរងរបួស ។
ខ្មាន់កាំភ្លើងត្រូវគេដឹងថា បានចូលទៅកាន់បរិវេណសាកលវិទ្យាល័យខាងលើនេះតាមរយៈច្រកខាងត្បូងនៃសាកលវិទ្យាល័យ ។ ការវាយប្រហារនេះ គ្មានការគំរាមកំហែងទុកជាមុននោះឡើយ ប៉ុន្តែទោះបីយ៉ាងណា សន្តិសុខនៅទីនេះមានការរឹតបន្តឹងខ្លាំងណាស់ ។
ទីក្រុង Peshawar ជាទីតាំងដែលក្រុមជ្រុលនិយមតាលីបង់ជ្រើសរើសក្នុងការវាយប្រហារសម្លាប់រង្គាល ។ ក្រុមឧទ្ទាមតាលីបង់កាលពីខែធ្នូ ឆ្នាំ២០១៤ វាយប្រហារចូលទីតាំងសាលារៀន ស្លាប់សិស្សសាលា ភាគច្រើនជាកុមារតូចៗ និង លោកគ្រូ អ្នកគ្រូអស់ប្រមាណ១៥០នាក់ ។ នៅពេលនោះ កម្លាំងសន្តិសុខបានប្រើពេលជាច្រើនម៉ោងទម្រាំគ្រប់គ្រងសភាពការណ៍បានទាំងស្រុង ។
ការវាយប្រហារនេះហើយបានធ្វើឲ្យរដ្ឋាភិបាលចេញបទបញ្ជអនុវត្តយុទ្ធនាការប្រឆាំងទៅលើក្រុមជ្រុលនិយមឲ្យអស់ពីទឹកដីប៉ាគីស្ថាន ។ កងកម្លាំងសន្តិសុខបានផ្តោតទៅលើយុទ្ធនាការវាយឆ្មក់យ៉ាងសំខាន់ទៅលើតំបន់ក្រុមឧទ្ទាមរស់នៅ ដែលពីដើមមក រដ្ឋាភិបាលតែងតែអនុគ្រោះឲ្យនោះ ។
កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ នៅប៉ាគីស្ថានផងដែរ ការវាយប្រហារគ្រាប់បែកអត្តឃាតមួយបានកើតឡើងស្ថិតនៅក្នុងផ្សារមួយកន្លែង តំបន់ជាយក្រុងបណ្តាលឲ្យស្លាប់មនុស្ស១០នាក់ ក្នុងនោះមានជនវាយប្រហារម្នាក់ផងដែរ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត