ពិភពលោក៖ ពេលថ្មីៗនេះ អង្គការយុទ្ធនាការ តំណាងអ្នកសារព័ត៌មាន PEC បានប្រកាសឲ្យដឹងថា៖ មានអ្នកសារព័ត៌មានដល់ទៅ១២៧នាក់បានស្លាប់ដោយកូវីដ១៩ នៅទូទាំងពិភពលោក គិតក្នុងរយៈពេល ពីថ្ងៃ ទី១ ខែមីនា ដល់ថ្ងៃ ទី៣១ ខែឧសភា ។ ភាគច្រើនអ្នកសារព័ត៌មានឆ្លងកូវីដ ពេលធ្វើការផ្ទាល់ជាមួយ អ្នកជំងឺ ដូចជាយកព័ត៌មានក្នុងមន្ទីរពេទ្យ ព្យាបាលកូវីដ១៩ជាដើម។
លោក Blaise Lempen អគ្គលេខា PEC បានឲ្យដឹងថា៖ តួលេខខាងលើគឺប្រមូលបានពីបណ្តាសមាគម អ្នកសារព័ត៌មាន ក្នុងប្រទេសទាំងអស់ជុំវិញពិភពលោក។
ប្រទេសបេរ៉ូមានអ្នកសារព័ត៌មានស្លាប់ ច្រើនជាងគេបំផុតលើពិភពលោក ដោយមានអ្នកស្លាប់ដល់ទៅ១៥នាក់។ លំដាប់ទីពីរគឺប្រទេសប្រេស៊ីលមានអ្នកស្លាប់កើនឡើងដល់១៣នាក់, និងម៉ិចស៊ីកូក៏១៣នាក់ផងដែរ។ នៅអាមេរិក មានអ្នកសារព័ត៌មាន១២នាក់ស្លាប់ រុស្ស៊ី និងអង់គ្លេស មានអ្នកស្លាប់ ៥នាក់ដូចគ្នា។
អង្គការ PEC បានបង្កើតឡើងនៅខែមិថុនាឆ្នាំ២០០៤ ដោយក្រុមអ្នកសារព័ត៌មានអន្តរជាតិ មានទីតាំងនៅទីក្រុងហ្សឺណែវប្រទេសស្វិស។ អង្គការនេះមានគោលដៅធ្វើសកម្មភាព ការពារសុវត្ថិភាព ដល់ក្រុមអ្នកសារព័ត៌មានទូទាំងពិភពលោក។
តាមតួលេខ ថ្មីបំផុតដែលគេហទំព័រ worldometers.info បានផ្សាយថា ៖ គិតត្រឹមម៉ោង៧ និង៣០នាទី ព្រឹកថ្ងៃទី៣ ខែមិថុនា កូវីដ១៩ បានសម្លាប់មនុស្សកើនឡើងដល់ទៅ ៣៨១ ៧១៨ នាក់ និងអ្នកឆ្លងកើនឡើង ៦ ៤៧៤ ០៧៥ នាក់។ ចំណែកអ្នកជំងឺជាសះស្បើយវិញ មានដល់ទៅ ៣ ០០៦ ៨៣១ នាក់ ផងដែរ។
បច្ចុប្បន្នការឆ្លងរាលដាលកូវីដ១៩ មានសញ្ញាថយចុះជាបន្តបន្ទាប់ដោយប្រទេស ដែលឆ្លងច្រើនក្នុងតំបន់អឺរ៉ុប បានគ្រប់គ្រងការឆ្លងយ៉ាងល្អបំផុត។
គិតដល់ថ្ងៃ៣ខែមិថុនានេះ ប្រទេសទាំង១០ដែលមានអ្នកឆ្លងច្រើនជាងគេ គឺលើសពី១៧០ ពាន់នាក់ មិនមានការផ្លាស់ប្តូរច្រើននោះឡើយ។ អាមេរិកគឺជាប្រទេសដែលមានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេបំផុត ដោយមានអ្នកឆ្លងកើនឡើងដល់ទៅ ១ ៨៨១ ២០៥ នាក់ និងស្លាប់១០៨ ០៥៩នាក់ ។ បន្ទាប់មកគឺប្រទេសប្រេស៊ីល មានអ្នកឆ្លងកើនឡើងដល់ ៥៥៦ ៦៦៨ នាក់ និងស្លាប់ ៣១ ១៩៩នាក់។ រុស្ស៊ីស្ថិតនៅលំដាប់ទី៣ដោយមានអ្នកឆ្លង៤២៣ ៧៤១ ប៉ុន្តែអ្នកស្លាប់វិញមានតែ៥០៣៧នាក់តែប៉ុណ្ណោះ៕
ដោយ៖ ធី រីណា