មន្ដ្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ និងJICAចុះដោះស្រាយផលប៉ះពាល់ ប្រអប់ទូបញ្ជាស្ថានីយបូមទឹករបស់គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ នៅខណ្ឌដូនពេញ

ចែករំលែក៖

ភ្នំពេញ៖ មន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ លោកទី ដូរី បានបញ្ជាក់ឲ្យដឹងថានៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយក្រុមការងាររបស់គម្រោងJICA ដឹកនាំដោយ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានចុះសម្របសម្រួលជាមួយមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ដើម្បីដោះស្រាយផលប៉ះពាល់សម្រាប់ទីតាំង ដើម្បីសាងសង់ប្រអប់ទូបញ្ជាស្ថានីយបូមទឹករបស់គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ រាជធានីភ្នំពេញ ជំហានទី៤ ដែលជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន ។

លោក ទី ដូរី នាយករងទីចាត់ការរៀបចំក្រុង បានបញ្ជាក់ថា ក្រោយពីចុះពិនិត្យជាក់ស្តែង និងការពន្យល់នានាមក លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន នាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យក្រុមការងារចុះវាស់វែងដើម្បីគម្រោងសាងសង់ទូបញ្ជាស្ថានីយបូមទឹកនៅចំណុចលើចិញ្ចើមផ្លូវសាធារណៈ ជាប់របងខ្លោងទ្វារច្រកចេញចូលមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ(ស្តាតចាស់) ។

ក្នុងឱកាសនោះដែរ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា គម្រោង សាងសង់ប្រអប់ទូបញ្ជាស្ថានីយបូមទឹកនេះ មានបណ្តោយ១,៦៦ម៉ែត្រ ទទឹង០,៨០ម៉ែត្រ និងកម្ពស់២,៣០ម៉ែត្រ ដោយសាងសង់គម្លាតចេញពីជញ្ជាំងរបងប្រវែង០,៤០ម៉ែត្រ និងផ្តើមចេញពីចំណុចគែមបង្អួចប៉ុស្តិ៍យាមទៅផ្នែកខាងកើតប្រវែង ១,៦០ម៉ែត្រ និងមានជម្រៅគ្រឺះទៅក្នុងដី ០,៦០ម៉ែត្រ ។ លោកបន្តថា ការងារនេះ ត្រូវសាងសង់អណ្តូងលូខ្សែបណ្តាញអគ្គិសនីនៅលើចិញ្ចើមផ្លូវសាធារណៈ ទំហំ ០,៨០ម៉ែត្រគុណនឹង០,៨០ ម៉ែត្រ ជម្រៅ០,៧០ម៉ែត្រ នៅចំពីមុខទូបញ្ជាស្ថានីយបូមទឹក ចាប់ប្រអប់កុងទ័រអគ្គិសនីនៅលើទូបញ្ជាស្ថានីយបូមទឹក ដែលមានទំហំកំណត់ជាក់ស្តែងដោយអគ្គិសនីកម្ពុជា។

សូមបញ្ជាក់ថា មុននឹងសាងសង់ការងារខាងលើនេះ ត្រូវទុករយៈពេល៧ថ្ងៃ ដោយគិតចាប់ពីថ្ងៃទីទី០៣ ដល់ថ្ងៃទី១០ ខែមិថុនា ដើម្បីជូនមជ្ឈមណ្ឌលកីឡាខេមរភូមិន្ទ រាយ ការណ៍ជូនថ្នាក់ដឹកនាំក្រសួងការពារជាតិជាមុនសិន ទើបឱ្យសាងសង់ជាក្រោយ ៕ដោយ៖សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print