ភ្នំពេញ៖ នៅថ្ងៃពុធ ទី ៣ ខែមិថុនា ឆ្នាំ២០២០ នេះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងសហការី បានអញ្ជេីញចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជាលេីកទី៦ ជូនដល់កុមារខ្សោយសតិបញ្ញា កុមារពិការ កុមារផ្ទុកមេរោគអេដស៍ កុមារកំព្រា និងគ្រូ-បុគ្គលិក សរុបចំនួន ២២៥នាក់ នៃបុរីទារក និងកុមារជាតិ ដែលមានទីតាំងស្ថិតនៅ ភូមិដំណាក់៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោកស្រី អគ្គលេខាធិការ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងព្រះរាជបណ្តាំរបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើការសួរសុខទុក្ខ ក្តីអាណិត ស្រឡាញ់ចំពោះកុមារនិងបុគ្គលិកទាំងអស់ ជាពិសេសការកោតសរសើរចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់គ្រូ-បុគ្គលិក ដែលបានយកអស់កម្លាំងកាយ-ចិត្ត មេីលថែទាំ ចិញ្ចឹមបីបាច់ ផ្តល់ភាពកក់ក្តៅ និងផ្តល់ការអប់រំ ដល់កុមារទាំងអស់ប្រកបដោយទឹកចិត្តមនុស្សធម៌ និងក្តីអាណិតស្រឡាញ់។ ទន្ទឹមនឹងនេះ លោកស្រីបានផ្តាំផ្ញេីដល់គ្រូ-បុគ្គលិកទាំងអស់ សូមបន្តចូលរួមប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយផ្លាស់ប្តូរឥរិយាបទក្នុងការរស់នៅ ជាពិសេស ការរក្សាអនាម័យដៃស្អាត ការពាក់ម៉ាស់ក្នុងករណីចាំបាច់ និងការរក្សាគម្លាតពីគ្នា។
ជាមួយគ្នានោះ លោកស្រី ថោ ពៅ ប្រធានបុរីទារក និងកុមារជាតិ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនៃ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងមាន សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស ដែលតែងតែគិតគូរពីសុខទុក្ខ ហើយបានឧបត្ថម្ភជាបន្តបន្ទាប់។
សូមបញ្ជាក់ថា អំណោយប្រគល់ជូនបុរីទារកនិងកុមារជាតិ រួមមាន ៖ អង្ករ ៣តោន មី ៤០កេស ត្រីខ ១០កេស ទឹកក្រូច ១៥កេស ទឹកសុទ្ធ ១៥កេស ទឹកត្រី ២៤ដប ទឹកស៊ីអ៊ីវ ២៤ដប អាល់កុល ៦០លីត្រ ម៉ាស់ ១០ដុំ (ស្មេីនឹង ៥០០ម៉ាស់) និងថវិកា ១០លានរៀល។ ដោយឡែក សាប៊ូដុំ ចំនួន ១៥កេស (ស្មេីនឹង ១,០៨០ដុំ) ជាព្រះរាជអំណោយរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា។ សម្រាប់ គ្រូ-បុគ្គលិក ចំនួន ៨០នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ ៣០គីឡូក្រាម ឃីត (មុង ភួយ សារុង ក្រមា អាវយឺត) ១ឃីត និងថវិកា ៥ម៉ឺនរៀល៕
ដោយ៖ សិលា