បាតុកម្មប្រឆាំងនិឹងការប្រកាន់ជាតិសាសន៍បានកើតឡើងនៅ៥០រដ្ឋក្នុងទឹកដីអាមេរិក ហើយពេលនេះបានរាលដាលមកដល់ទីក្រុងប៉ារីសប្រទេសបារាំងហើយ។ កន្លងមក នៅតំបន់អឺរ៉ុប ក្នុងនោះមានប្រទេសអង់គ្លេស និងស្វិុស ក៏មានបាតុកម្មផងដែរដែលជាការរួមចំណែកជាមួយក្រុមជនជាតិស្បែកខ្មៅ ទាមទារយុត្តិធម៌និងបញ្ចប់ការរើសអើងជាតិសាសន៍។
នៅពេលនេះបាតុកម្មបានប្រមូលផ្តុំគ្នានៅមុខតុលាការ Tribunal de Grande ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ដែលជាការចូលរួមក្នុងមហាបាតុកម្ម«ខ្ញុំមិនអាចដកដង្ហើមបាន » របស់ជនរងគ្រោះ Floyd ដែលត្រូវប៉ូលិសអាមេរិកសង្កត់ករហូតដល់ស្លាប់។
បាតុកម្មនៅក្នុងប្រទេសបារាំង ក៏បានបង្ហាញនូវការគោរពដល់យុវជនស្បែកខ្មៅជនជាតិបារាំងដើមកំណើតអាហ្វ្រិកអាយុ២៤ឆ្នាំឈ្មោះ ឈ្មោះ Adama Traore ដែលបានស្លាប់ក្នុងពេលប៉ូលិសបារាំងឃុំខ្លួនកាលពីឆ្នាំ២០១៦។ គ្រួសារ Adama Traore បានលើកឡើងថា ការស្លាប់ដោយសារតែថប់ដង្ហើម ហើយសម្តីចុងក្រោយដូចទៅនឹងសម្តីរបស់ Floyd «ខ្ញុំមិនអាចដកដង្ហើមបាន»។
ប៉ូលិសបារាំងបានហាមប្រាមធ្វើបាតុកម្មដោយសារតែច្បាប់គម្លាតសង្គមហាមប្រាមពលរដ្ឋប្រមូលផ្តុំគ្នា ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩។ ប៉ុន្តែក៏មានពលរដ្ឋរាប់ពាន់នាក់ពាក់ម៉ាស់ចូលរួមបាតុកម្មនៅមុខតុលាការ Tribunal de Grande ដោយមិនខ្វល់ពីច្បាប់ហាមប្រាមឡើយ។ ប៉ូលិសប្រឆាំងបាតុកម្មនៅបារាំងក៏បានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងបាតុករដែរ។
លោក Didier Lallement ស្នងការប៉ូលិសទីក្រុងប៉ារីស បានបញ្ជាក់ថា កម្លាំងប៉ូលិសមិនមានសកម្មភាពប្រើហិង្សា ឬក៏រើសអើងជាតិសាសន៍ទៅលើក្រុមបាតុករឡើយ៕
ដោយ៖ ធី រីណា