ការប្រកួតដណ្តើមពានង្វាន់អង់គ្លេស FA Cup វគ្គផ្តាច់ព្រ័ត្រ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ បន្ទាប់ពីសមាគមបាល់ទាត់អង់គ្លេស បានប្រកាសកាលបរិច្ឆេទបណ្តោះអាសន្ន ដើម្បីបញ្ចប់ការប្រកួត។ នេះបើយោងតាមការចេញផ្សាយសារព័ត៌មានអង់គ្លេសកាលពីម្សិលមិញ។
ស្របពេលដែលក្របខណ្ឌ Premier League មានគម្រោងបន្តរដូវកាលនៅថ្ងៃទី១៧ ខែមិថុនានោះ ការប្រកួតពានរង្វាន់ FA Cup ក៏បានវិលត្រឡប់ទៅរកការប្រកួតវិញដែរ បន្ទាប់ពីផ្អាកដោយសារជំងឺកូវីដ១៩។ ពានរង្វាន់ FA Cup ត្រូវបានបញ្ឈប់មុនវគ្គ១/៤ផ្តាច់ព្រ័ត្រដោយសារជំងឺរាតត្បាតនេះ ប៉ុន្តែអ្នករៀបចំការប្រកួតសង្ឃឹមថា នឹងបញ្ចប់កម្មវិធីប្រកួតនេះប្រហាក់ប្រហែលនឹងការបញ្ចប់របស់ Premier League ដែរ។
កាលបរិច្ឆេទសម្រាប់ការប្រកួតចំនួន៤គូក្នុងវគ្គ៨ ក្រុមចុងក្រោយ នឹងត្រូវប្រកួតនៅចុងសប្តាហ៍ទី២៧ និង២៨ ក្នុងខែមិថុនា ដោយមិនទាន់មានការសម្រេចចិត្ត ថាតើការប្រកួតទាំងនេះ នឹងត្រូវលេងនៅលើទឹកដី និងក្រៅទឹកដូចធម្មតា ឬលេងនៅកីឡដ្ឋានអព្យាក្រឹតណាមួយ ។
សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងត្រូវប្រកួតនៅថ្ងៃទី១១ និងថ្ងៃទី១២ ខែកក្កដា និងវគ្គផ្តាច់ព្រ័ត្រនឹងត្រូវប្រកួតនៅកីឡដ្ឋាន Wembley ដូចរដូវកាលមុនដែរ៕
សូមបញ្ជាក់ថា ការប្រកួតសម្រាប់៨ក្រុមចុងក្រោយនៃពានរង្វាន់ FA Cup នោះគឺមានក្រុមចចកកំណាច Leicester ប៉ះជាមួយក្រុមតោខៀវ Chelsea, ក្រុមសារិកាព្រៃ Newcastle ប៉ះជាមួយក្រុមខ្លាំងមេឃខៀវ Manchester City, ក្រុម Sheffield United ប៉ះជាមួយក្រុមកាំភ្លើងធំ Arsenal និងក្រុម Norwich ប៉ះជាមួយក្រុមបិសាចក្រហម Manchester United ៕
ដោយ៖ ភិរក្ស