ភ្នំពេញ៖ ជាទូទៅមនុស្សម្នាក់ៗតែងចង់គេងលក់ឲ្យបានស្កប់ស្កល់ តែជួនកាលវាពិបាកជាងការគិតទៅទៀត បើសិនជាយើងអនុវត្តទម្លាប់អាក្រក់មួយចំនួន ខណៈយើងគិតមិនដល់ ឬធ្វេសប្រហែស។
សូមរម្លឹកខ្លះៗថា៖ ដើម្បីឲ្យគេងឆាប់លក់ និងគេងបានស្កប់ស្កល់នៅពេលយប់ វិធីសាស្ត្រល្អៗខាងក្រោមនេះអាចជួយអ្នកបាន។ វាគឺជាទម្លាប់ល្អមួយចំនួន ដែលអ្នកគួរតែអនុវត្តនៅពេលយប់ ជាពិសេសមុនពេលចូលគេង។ ក្នុងមានចំនួន ៦ចំណុច គួរសិក្សាពិចារណា៖
ទី១.កំណត់ម៉ោងគេងឲ្យបានត្រឹមត្រូវ៖ គឺភ្នែករបស់អ្នកធ្វើតាមទម្លាប់របស់អ្នក នេះមានន័យថាបើសិនជាអ្នកធ្លាប់គេងនៅម៉ោងណា អ្នកគួរគេងនៅម៉ោងនោះ ព្រោះវាគឺជាទម្លាប់ល្អមួយ។ ធ្វើបែបនេះអ្នកកម្រនឹងមានជំងឺគេងមិនលក់ណាស់។ មិនតែប៉ុណ្ណោះអ្នកគេងលក់បានស្កប់ស្កល់ ហើយស្រស់ស្រាយនៅពេលក្រោកពីគេងទៀតផង។
ទី២.ទទួលទានទឹកដោះគោក្តៅៗ ហើយឈប់ទទួលទានកាហ្វេអុីន៖ ទឹកដោះគោក្តៅៗ គឺជាអាហារល្អណាស់សម្រាប់ពេលយប់។ វាជួយកម្តៅរាងកាយរបស់អ្នក និងជួយឲ្យឆាប់គេងលក់ផងដែរ។ ជាមួយគ្នានេះដែរសារជាតិកាហ្វេអុីនគួរកាត់ផ្តាច់នៅពេលយប់ដូចជាកាហ្វេ តែ ហើយសូកូឡាផងដែរ ព្រោះវាមានសារធាតុបង្អាក់ការគេងរបស់អ្នក។
ទី៣.អានសៀវភៅមុនពេលចូលគេង៖ វិធីសាស្ត្រថ្មីហើយមានប្រសិទ្ធភាពសម្រាប់ការគេង គឺអ្នកគេងនៅក្នុងបន្ទប់មានពន្លឺភ្លើងតិចៗ ហើយអានសៀវភៅគេង។ សៀវភៅដែលអ្នកអាននោះគ្រាន់តែជាសៀវភៅធម្មតាក៏អាចជួយអ្នកបានដែរ។ ហេតុនេះបើសិនជាជួបបញ្ហានេះទៀត កុំស្ទាក់ស្ទើរក្នុងការប្រើវិធីសាស្ត្រនេះឲ្យសោះ។
ទី៤.ផ្តាច់ដំណើរការគ្រឿងអេឡិចត្រូនិច៖ អ្នកសិក្សាពីការគេងបានបញ្ជាក់ថា ភ្លើងភ្លឺៗរបស់ទូរស័ព្ទបង្អាក់សកម្មភាពគេងរបស់អ្នក ព្រមទាំងធ្វើឲ្យខួរក្បាលរបស់អ្នកគិតថាវានៅជាពេលថ្ងៃនៅឡើយ។ ពន្លឺទាំងនោះបញ្ជូនទៅកាន់ខួរក្បាលដែលរារាំងមិនឲ្យអ្នកសម្រាកបាន។ ទាំងនេះហើយជាហេតុផលដែលអ្នកត្រូវគិតគូរទុកទូរស័ព្ទនៅឆ្ងាយ ដើម្បីឲ្យអ្នកមានដំណេកស្កប់ស្កល់មួយ។
ទី៥.រក្សាភាពត្រជាក់នៅក្នុងបន្ទប់របស់អ្នកជានិច្ច: វីធីជួយឲ្យឆាប់គេងលក់មួយទៀត គឺការរក្សាបន្ទប់ឲ្យបានត្រជាក់ តែកុំឲ្យត្រជាក់ពេក។ ភាពត្រជាក់ក្នុងបន្ទប់ គឺជារឿងសំខាន់ណាស់។ ការសិក្សាបានបង្ហាញថា សីតុណ្ហភាពក្នុងខ្លួនរបស់អ្នកចាប់ផ្តើមធ្លាក់ចុះនៅពេលដែលអ្នកគេងលក់។ ហេតុនេះមុនពេលគេង ដើម្បីឲ្យឆាប់គេងលក់ គឺត្រូវរកកន្លែងត្រជាក់បែបនោះហើយ។
ទី៦.ការធ្វើសមាធិ ឬការធ្វើចិត្តឲ្យស្ងប់: បន្ទាប់ពីមានភាពតានតឹងជាមួយការងារ ឬការសិក្សាពេញមួយថ្ងៃ មនុស្សម្នាក់ៗតែងតែចង់បានពេលនៅស្ងប់សុខនៅពេលយប់ ហើយការសមាធិនេះអាចជាវិធីល្អណាស់។ ការសិក្សាបានបញ្ជាក់ថាការសមាធិអាចធ្វើឲ្យមានការកាត់បន្ថយភាពតានតឹង ការខឹង ការធ្លាក់ទឹកចិត្ត ការឈឺចាប់ ឬជម្ងឺជាដើម។
តើយើងអាចជួបប្រទៈ ឬអាចអនុវត្តបានទេ ដើម្បីឱ្យបានគេងស្កប់ស្កល់ ជាប្រយោជន៍សុខភាព៕
ដោយ៖ សហការី