ផឹកស្រាស្រវឹងចុះមុជទឹកស្ទឹងលង់ស្លាប់អស់មួយយប់ទើបរកសពឃើញ

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសម្នាក់ចូលចិត្តផឹកស្រាជាប្រចាំ លុះមកដល់ថ្ងៃកើតហេតុគាត់បានផឹកស្រាស្រវឹងខ្លាំងជាងសព្វដង ហើយដើរទៅងូតទឹកស្ទឹងតែម្នាក់ឯងបណ្តាលឲ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះបង្កការភ្ញាក់នៅពេលឃើញសាកសពអណ្តែតឡើងលើទឹកនៅវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ បន្ទាប់ពីបាត់ខ្លួនអស់មួយយប់ នៅភូមិអំពុះ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ។
មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលពងក្រពើបានឲ្យដឹងថា សាកសពមានឈ្មោះ មី គិន ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិកើតហេតុខាងលើ។

តាមការបំភ្លឺរបស់ប្រពន្ធនៃសពបានរៀបរាប់ថា កាលពីថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១រសៀល ពេលនោះគាត់នៅក្នុងផ្ទះ ឯប្ដីបានធ្វើការងារនៅក្រោយផ្ទះតែម្នាក់ឯងដោយផឹកស្រាផងធ្វើការងារបន្តិចបន្តួចផង។បន្ទាប់មកគាត់ឃើញប្តីដើរទៅងូតទឹកស្ទឹងបាត់ទៅ។ លុះមកដល់ម៉ោង ២រសៀល ពុំឃើញប្ដីត្រឡប់មកពីងូតទឹកស្ទឹងវិញ គាត់ក៏ដើរទៅមើលប្ដីដល់ស្ទឹងតែ រកមិនឃើញ ឃើញតែក្រមានិង ស្បែកជើងនៅលើក្បាលទូក ។
ពេលឃើញដូច្នេះគាត់ក៏ដើរមកផ្ទះវិញប្រាប់បងប្អូននិងកូនៗឱ្យ ជួយដើររកប្តីនៅកន្លែងផ្សេងក្រែងប្តីទុកក្រមានិងស្បែកជើងចោលរួចដើរទៅលេងផ្ទះអ្នកជិតខាង តែរកមិនឃើញដដែល។ លុះដល់ព្រឹកឡើងថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០២០ វេលាម៉ោងប្រហែល ១០ និង ២០ នាទី ស្រាប់តែឃើញសាកសពអណ្តែតឡើងនៅក្នុងទឹកស្ទឹងបង្កការភ្ញាក់ផ្អើលតែម្តង ។
ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយទទួលបានព័ត៌មានខាងលើភ្លាម សមត្ថកិច្ចជំនាញ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល និង ក្រុមប្រឹក្សាឃុំ.មេភូមិ ចុះទៅដល់ទីកន្លែងកើតហេតុ ដើម្បីពិនិត្យនិងធ្វើកោសល្យវិច័យលើសាកសពដោយពុំឃើញមានស្លាកស្នាមអ្វីកត់សម្គាល់ឡើយ។ សមត្ថកិច្ចជំនាញបានធ្វើការសន្និដ្ឋានថា
ជនរងគ្រោះបានស្លាប់ដោយសារលង់ទឹកប្រាកដមែនដោយ
មូលហេតុ ផឹកស្រាស្រវឹងចុះមុជទឹកស្ទឹងបណ្តាលឲ្យលង់។
បន្ទាប់ពីបានពិនិត្យចប់សព្វគ្រប់រួចហើយសមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុ ប្រគល់សាកសពជូនក្រុមគ្រួសារដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
ដោយ÷ប្រាថ្នា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print