សភា​ហុងកុង បានអនុម័ត​សេចក្តីស្នើច្បាប់​ស្តីពី​ភ្លេង​ជាតិចិន​ហើយ អ្នក​បំពាននឹងត្រូវ​មានទោសជាប់ពន្ធនាគា នឹងពិន័យ​ជា​ប្រាក់​រាប់​ពាន់​ដុល្លារ

ចែករំលែក៖

ទីក្រុងហុងកុង៖ នៅ​ល្ងាច​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ២០២០ សភា​ហុងកុង បានអនុម័ត​សេចក្តីស្នើច្បាប់​ស្តីពី​ភ្លេង​ជាតិចិន​ចូល​ជា​ធរមាន ហើយប្រជាជន​ក្នុង​ទីក្រុង​ហុងកុង​ទាំងអស់ ត្រូវតែ​គោរព​តាម ​។ ដោយក្នុងសំណើ​ច្បាប់​ភ្លេងជាតិ​នេះ បានចែង​ពី​ការដាក់ទណ្ឌកម្ម​លើ​ជន​ទាំងឡាយណា ដែល​ប្រមាថ​ភ្លេង​ជាតិចិន​។ ចំណែកអ្នក​បំពាន នឹងត្រូវ​រង​ពិន័យ​ជា​ប្រាក់​រហូតដល់​ជាង ៦​ពាន់​ដុល្លារ ឬ​អាច​ជាប់ពន្ធនាគារ​រហូត​ដល់ ៣​ឆ្នាំ ឬ​អាច​ពិន័យ​ជា​ប្រាក់ និង​ដាក់ពន្ធនាគារ​ជាមួយគ្នា​។

​មិន​ត្រឹមតែ​ប៉ុណ្ណោះ គ្រប់​បឋមសិក្សា និង​អនុវិទ្យាល័យ ក៏ត្រូវ​បង្រៀន​សិស្ស​ឲ្យ​ចេះ​ច្រៀង​ភ្លេង​ជាតិចិន និង​ប្រវត្តិសាស្ត្រ​ចិន​ផងដែរ​។ចំណែក​បុគ្គល និង​អង្គការ​ផ្សេងទៀត គួរតែ​គោរព​និង​ប្រតិបត្តិ​ភ្លេងជាតិ​នេះ ឲ្យ​បាន​ត្រឹមត្រូវ​ក្នុងឱកាស ឬ​ពិធី​ណាមួយ​ដែរ​។​

គួរបញ្ជាក់ថា ក្នុងអំឡុងពេល អនុម័ត​សេចក្តីស្នើច្បាប់​នេះ មាន​សមាជិកសភា​ចំនួន​ពីរ​នាក់​បានចេញ​តវ៉ា និង​បោះ​ទឹកស្អុយ​ម្យ៉ាង នៅ​ចំពោះមុខ​សមាជិកសភា​ទាំងអស់ ដើម្បី​តវ៉ា​ជុំវិញ បញ្ហា​រដ្ឋបាល​ទីក្រុង​ហុងកុង​ហាម​មិន​ឲ្យ​ប្រជាជន​ជួបជុំគ្នា​រំឭក​ពិធីការ​បង្ក្រាប​នៅ​ទីលាន​ធាន​អាន​មិន​។បន្ទាប់ពី​មានការ​ពិភាក្សា​ច្រើន​លើ​នៅក្នុង​សភា និង​បាតុកម្ម​របស់​ប្រជាជន​នៅក្នុង​ទីក្រុង​នាពេល​កន្លងមក ពេលនេះ​សភា​ហុងកុង បានអនុម័ត​សេចក្តីស្នើច្បាប់​ភ្លេងជាតិ​ចិន​ហើយ​។ ការអនុម័ត​នេះ គឺ​ទទួលបាន​សំឡេងគាំទ្រ​ចំនួន​៤១ និង​ប្រឆាំង ១​សំឡេង​។ សមាជិកសភា​ហុងកុងដែលមាន​និន្នាការ​ទៅរក​លទ្ធិប្រជាធិបតេយ្យ បាន​បដិសេធ​មិន​បោះឆ្នោត​លើ​សេចក្តីព្រាងច្បាប់​នេះឡើយ​។

​បើតាម​ការចុះផ្សាយ​របស់​ទូរទស្សន៍ Channel News Asia​បានឲ្យដឹងថា ក្នុងអំឡុងពេល​អនុម័ត​សេចក្តីស្នើច្បាប់​ភ្លេងជាតិ​ចិន​នេះសមាជិកសភា​ដែលមាន​និន្នាការ​ទៅរក​លទ្ធិប្រជាធិបតេយ្យ​ចំនួន​ពីររូប បាន​ចោល​ទឹកស្អុយ​ម្យ៉ាង នៅ​ចំពោះមុខ​សមាជិកសភា​ហុងកុង​ទាំងអស់​។ ទង្វើ​របស់​សមាជិកសភា​ទាំងពីរ​នេះ គឺធ្វើឡើង​ដោយសារតែ រដ្ឋបាល​ហុងកុង បាន​ហាមឃាត់​ប្រជាជន មិន​ឲ្យ​ជួបគ្នា ដើម្បី​រលឹក​ខួប​នៃ​ការបង្ក្រាប​របស់​បក្ស​កុម្មុយនីស្ត​ចិន នៅ​ទីលាន​ធាន​អាន​មិន​ក្នុង​ឆ្នាំ ១៩៨៩​ ។ ចំពោះការហាមឃាត់​របស់រ​ដ្ឋ​បាល​ហុងកុង គឺ​ផ្អែក​ទៅតាម​ហេតុផល​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស ស្របពេល​ប្រជាជន​ហុងកុង​ចាប់ផ្តើម​ធ្វើបាតុកម្ម​ឡើងវិញ ដើម្បី​ប្រឆាំងនឹង​ផែនការ​សេចក្តីស្នើច្បាប់​ស​ន្តិ​សុខ​ជាតិចិន និង​សេចក្តីស្នើច្បាប់​ភ្លេង​ជាតិចិន​។​

​គួរបញ្ជាក់ទៀតថា ទីក្រុង​ហុងកុង ក្នុង​ឆ្នាំ​១៩៩៧​ ត្រូវបាន​អង់គ្លេស​ប្រគល់​ឲ្យ​មក​ចិន​វិញ ។ តាមរយៈ​កិច្ចព្រមព្រៀង​នេះ ចិន​ត្រូវតែ​ធានា​ពី​សេរីភាព និង​ការរស់នៅ​របស់​ប្រជាជន​ហុងកុង ដែល​ត្រូវបាន​ការពារ​ដោយ​គោលការណ៍ «​ប្រទេសមួយ ប្រព័ន្ធ​ពីរ​»៕ដោយ៖ស តារា

...

​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print