ខេត្តក្រចេះ៖ នាព្រឹកថ្ងៃសុក្រ១៥ កើត ខែ ជេស្ឋ ឆ្នាំជូត ឯកស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ ២០២០នេះ លោក វ៉ា ថនអភិបាលនៃគណៈអភិបាល ខេត្តក្រចេះ បានទទួលជួបពិភាក្សាការងារជាមួយ អគ្គកុងស៊ុល ឡាវថ្មី ប្រចាំខេត្តស្ទឹងត្រែង ដើម្បីពង្រឹងទំនាក់ទំងនង កិច្ចសហប្រតិបត្តិការ ជាពិសេសបណ្ដាខេត្ដនៅជាប់ព្រំដែនរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំថែមទៀត។
ក្នុងឱកាសនោះលោក វ៉ា ថន អភិបាលខេត្ត បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានលោក ខុម សនឃុនប៉ាសើត ដែលត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ តែងតាំងជាអគ្គកុងស៊ុលថ្មីប្រចាំខេត្រស្ទឹងត្រែង។
លោកអភិបាលខេត្ត បញ្ជាក់ថា រដ្ឋបាលខេត្រក្រចេះនឹងខិតខំប្រឹងប្រែងបន្តកិច្ចសហការ សម្របសម្រួលរបស់អគ្គកុងស៊ុលឡាវ ដើម្បីឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសពីរទទួលបានជោគជ័យ ពិសេសលើគោលដៅដើម្បីឱ្យខេត្តជិតខាងគ្នាបានលើកកម្ពស់ដល់សេដ្ឋកិច្ចរបស់ប្រជាជននៃប្រទេសទាំងពីរ។ ឯកឧត្តមអភិបាលខេត្តបានបន្តថា តាមរយៈទំនាក់ទំនងនេះ កម្ពុជា–ឡាវ នឹងបន្តអប់រំផ្សព្វ ផ្សាយដល់ប្រជាពលរដ្ឋឱ្យមានការគោរពច្បាប់ អធិបតេយ្យភាពព្រមទាំងការថែរក្សា ប្រពៃ ណី វប្បធ៌ម ទំនៀមទម្លាប់ឱ្យស្ថិតស្ថេរគង់រង្ស និងសហការគ្នាលើកកម្ពស់ការគោរពច្បាប់និងខឿនការពារជាតិ ដោយមិនអនុញ្ញាតឱ្យក្រុមណាមួយយកទឹកដីខ្លួនប្រឆាំងនឹងប្រទេសផ្សេងបានឡើយ។
ក្នុងជំនួបពិភាក្សានោះដែរឯកឧត្តមអភិបាលខេត្ដក៏បានលើកឡើងផងដែរពីការខិតខំរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក្នុងការជុំរុញខេត្តជាប់ព្រុំដែនធ្វើការអភិវឌ្ឍសេដ្ឋកិច្ច ដោយជំរុញការបើកច្រកទ្វារទ្វេភាគីដើម្បីបង្កើនសេដ្ឋកិច្ចជូនប្រជាពលរដ្ឋ និងការទាក់ទាញភ្ញៀវទេសចរមកទស្សនា ក្នុងខេត្តក្រចេះ ប្រទេសកម្ពុជា និងបង្ហាញពីគោល បំណងចង់ឱ្យមកធ្វើការវិនិយោគនៅខេត្តក្រចេះយើងផងដែរ។
ដោយឡែកលោក ខុម សនឃុនប៉ាសើត បានសម្ដែងការ កោតសរសើចំពោះការដឹកនាំរបស់គណៈអភិបាល ខេត្តក្រចេះ ដែលធ្វើឱ្យមានការរីកចម្រើនលើគ្រប់វិស័យ មានសន្តិភាពនិងការអភិវឌ្ឍនៅទូទាំងខេត្ដ ជាពិសេក្រោមការដឹកនាំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាផងដែរ។
អគ្គកុងស៊ុលឡាវថ្មីរូបនេះ បានបន្តថា ក្នុងអាណត្តិថ្មីនេះលោកនឹងបន្តសហការជាមួយរដ្ឋបាលខេត្តក្រចេះ ដើម្បីធ្វើឱ្យទំនាក់ទំនងនិងការសាមគ្គីភាពល្អរវាងខេត្តជិតខាងគ្នា។ លោកសង្ឃឹមជឿជាក់ថាក្រោមការដឹកនាំរបស់លោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ នឹងបន្តលើកកម្ពស់ទំនាក់ទំនងគ្រប់វិស័យ រួមទាំងសេដ្ឋកិច្ច និងវប្បធ៌មឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ជាពិសេសរួមគ្នាប្រយុទ្ធប្រឆាំងនៃការរីករាលដាលវីរុសកូវីដ–១៩ ដែលជាក្ដីកង្វល់រួមរបស់ប្រទេសយើងទាំងពីរ ក៏ដូចជានៅក្នុងតំបន់និងពិភពលោកទាំងមូល ៕ដោយ៖ស តារា