ហ្វូងកណ្តូបដ៏ច្រើនមហិមា បាន​បំផ្លាញដំណាំប្រជាជនអាហ្វ្រិកខាងកើតជិត៥លាននាក់ កំពុង​ប្រឈមនឹងភាពអត់ឃ្លាន​

ចែករំលែក៖

អន្តរជាតិ៖ ប្រជាជនជិត៥លាននាក់ រស់នៅក្នុងទ្វីបអាហ្រ្វិកខាងកើត កំពុងប្រឈមនឹង​ការអត់ឃ្លាន ខណៈដែលវត្តមានរបស់​ហ្វូងកណ្តូប​ដ៏ច្រើនសន្ធឹកសន្ធាប់ បានទៅបំផ្លាញដំណំពួកគេ ។ នេះបើតាមការបញ្ជាក់ពី គណៈកម្មាធិការជួយសង្គ្រោះអន្តរជាតិ ហៅកាត់ថា (IRC) ​។

នៅក្នុងសេចក្តីថ្លែងការណ៍ របស់គណៈកម្មាធិការជួយសង្គ្រោះអន្តរជាតិខាងលើនេះ បានលើកឡើង​ថា សត្វកណ្តូបវាលខ្សាច់ជំនាន់ទី៤ដែលមាន​ចំនួនច្រើនជាងហ្វូងកណ្តូបមុនៗរហូតដល់ទៅ ៨០០០ដង អាចបំផ្លាញដំណាំគ្មានសល់ នៅពេល​រដូវស្រែកឃ្លានរបស់ពួកវាមកដល់។ ហើយនៅពេលនោះ ​ប្រជាជនរាប់លាននាក់ នឹងត្រូវប្រឈមមុខ​ជាមួយបញ្ហា​ស្បៀង និងគ្រោះ​អត់ឃ្លាន។ ការគំរាមកំហែងពីពពួកកណ្តូប ​ដែល​​​មានកម្លាំងដ៏ធំធេងបែបនេះ គឺមិនធ្លាប់មានទេក្នុងរយៈ ៧០ឆ្នាំមក​នេះ ហើយបូករួមទាំងជំងឺរាតត្បាតកូវីដ១៩មួយកម្រិតទៀត ​ហានិភ័យ​ផ្សេង​ៗនៅក្នុងតំបន់នេះ នឹងបន្ត​កើតមានកាន់តែខ្លាំងឡើង។

សូមជម្រាបថា កណ្តូបវាលខ្សាច់គឺជាសត្វល្អិតដែលមានគ្រោះថ្នាក់បំផុតក្នុងពិភពលោក ដោយកណ្តូបមួយហ្វូងទំហំមួយគីឡូម៉ែត្រការ៉េ អាចស៊ីចំណី​ស្មើគ្នាទៅនឹងរបបអាហាររបស់មនុស្ស​ ៣៥,០០០នាក់ក្នុងមួយថ្ងៃ។ ហើយប្រសិនបើ​មនុស្សមិនបានចាត់វិធានការបង្ការ​ឱ្យបានទាន់ពេលវេលាទេនោះ ​គ្រោះអត់ឃ្លានដ៏ធំបំផុតនឹងកើតមានឡើង។

​បច្ចុប្បន្នប្រទេសនៅក្នុងទ្វីបអាហ្វ្រិកខាងកើតចំនួន៦ ដែលកំពុងរងការគំរាមកំហែង​ដោយសារ​ហ្វូងកណ្តូបវាលខ្សាច់រួមមាន​ ប្រទេសអេត្យូពីកេនយ៉ា សូម៉ាលី ស៊ូដង់ខាងត្បូង អ៊ូហ្គង់ដា និងតង់ហ្សានី។ ហើយមូលហេតុចម្បង ដែលបណ្តាលឱ្យមានការលុកលុយរបស់ពពួក​កណ្តូប​នេះ​គឺដោយសារការប្រែប្រួល​អាកាសធាតុខ្លាំងក្លាជាបន្តបន្ទាប់នៅទ្វីបអាហ្វ្រិកខាងកើត ​ដែល​ដំបូងឡើយមានគ្រោះរាំងស្ងួត​ បន្ទាប់មកក៏មានភ្លៀង និងគ្រោះទឹកជំនន់ជាហូហែ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print