ភ្នំពេញ៖កាលពីល្ងាចថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ ថ្មីៗនេះ យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ « Mich Heang» បានបង្ហោះ ថា «លុយដុល្លារក៏កាត់ទឹក លុយខ្មែរក៏កាត់ទឹក ដោយយកលេសថា ជាក្រដាសប្រាក់ចាស់ ។ នេះហើយជាការជញ្ចក់ឈាមរាស្រ្ត» នៅចំណុចសាខា «លីហួរ ប្តូរប្រាក់» ជិតច្រមុះជ្រូកស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
គណនីហ្វេសប៊ុក ដដែលបន្តថា «នៅពេលដែលពលរដ្ឋយកលុយខ្មែរទៅប្តូរជាលុយដុល្លារ តែត្រូវបានខាងហាងប្តូរប្រាក់ លីហួរ គាត់ថា ក្រដាសប្រាក់ចាស់ត្រូវតែកាត់ទឹក ។ បញ្ជាក់ ៖ លុយដុល្លារប្តូរជាលុយខ្មែរក៏កាត់ទឹក លុយខ្មែរប្តូរជាលុយដុល្លារក៏កាត់ទឹក ដោយយកលេសថា ក្រដាសប្រាក់ចាស់»។
ទោះបីយ៉ាងណា ជុំវិញការលើកឡើងនេះ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ អ្នកសារព័ត៌មាន បានទំនាក់ទំនងទៅកាន់លេខ 017 666 668 ដែលដាក់លើស្លាកយីហោ តែអ្នកទទួលទូរស័ព្ទប្រាប់ថា គេជាហាងបញ្ចាំ មិនមែនជាហាងប្តូរប្រាក់ទេ ពោលគឺ មិនអាចនិយាយបានឡើយ ៕