ខេត្តពោធិ៍សាត់៖ អង្គភាពមន្ទីរព័ត៌មានខេត្តពោធិ៍សាត់បានអោយដឹងថា៖ ស្របពេលដែលស្ថានភាពកូវីដ១៩ នៅកម្ពុជា ក៏ដូចជានៅក្នុងខេត្តពោធិ៍សាត់ ហាក់មានភាពស្ងប់ស្ងាត់និងធូរស្រាលជាងមុនបន្តិចនោះ សង្កេតឃើញថា ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋទាំងក្នុងខេត្តនិងក្រៅខេត្ត បានដ្វើដំណើរកម្សាន្តជាលក្ខណៈ គ្រួសារទៅកាន់តំបន់អេកូទេសចរណ៍ ក៏ដូចតាមដងផ្លូវជាតិលេខ៥៥និងរមណីយដ្ឋានទឹកធ្លាក់ថ្មដាតូចស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែងនាចុងសប្តាហ៍ចាប់ពី១៥០នាក់ទៅ២០០នាក់។
លោក សេង ចិត្រា តំណាងគ្រប់គ្រងទឹកធ្លាក់ថ្មដារតូច បានឲ្យដឹងថា ៖ជារៀងរាល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យគឺចាប់ពីពាក់កណ្តាលខែឧសភានិងដើមខែមិថុនាឆ្នាំ២០២០នេះទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋទាំងក្នុងខេត្តនិងក្រៅខេត្ត បានធ្វើដំណើរមកកម្សាន្តតាមដងផ្លូវជាតិលេខ៥៥ដែលពត់ពេនដូច អន្ទង់អាំង ហើយត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ឈ្មោះថា ផ្លូវបុប្ផាលាក់ខ្លួន កាលពីថ្ងៃទី៩ខែមិនាឆ្នាំ២០២០ក្នុងឱកាសអញ្ជើញជាអធិតីក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ប្រវែង១៨២គីឡូម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៥ទីរួមខេត្តពោធិ៍សាត់ទៅកាន់ថ្មដា ព្រំប្រទល់កម្ពុជា ថៃនិងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១០ប្រវែង១៩៨គីឡូម៉ែត្រចាប់ពីសំឡូត វាលវែង អូរសោមដល់កោះកុង។
ខាងមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ បានបន្តថា៖ ផ្លូវជាតិលេខ៥៥ដែលពត់ពេនប្រៀបបានដូចអន្ទង់អាំងឬហៅថា បុប្ផាលាក់ខ្លួន គឺជាគោលដៅទេសចរណ៍មួយដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្ពស់ពីភ្ញៀវជាតិនិងអន្តរជាតិមកពីគ្រប់ទិសទីដោយបានគយគន់ ថត ផ្តិតរូបភាពជាលក្ខណៈគ្រួសារអំពីសម្រស់ព្រៃភ្នំធម្មជាតិនៅតាមដងផ្លូវគួបផ្សំទៅនឹងបរិយាកាសបរិសុទ្ធដោយក្តីរីរាយរួចបន្តដំណើរទៅដល់រម្មណីយដ្ឋានទឹកធ្លាក់ថ្មដាតូច មានចម្ងាយ ៥០គីឡូម៉ែត្រពីទីរួមស្រុកវាលវែងនិងមានចម្ងាយ១៥៣គីឡូម៉ែត្រពីទីរួមខេត្តពោធិ៍សាត់ ស្ថិតនៅក្នុងភូមិឯកភាព ឃុំថ្មដា។ លោកបាន ឲ្យដឹងទៀតថា រម្មណីយដ្ឋានទឹកធ្លាក់ថ្មដាតូច គឺជាជ្រោះនិងជាកន្លែងកម្សាន្តមួយរ៉បនឹងសម្រស់ព្រៃភ្នំធម្មជាតិដ៏ល្អប្លែកធ្វើឲ្យអ្នកដំណើរ មានការចាប់អារម្មណ៍និងទៅលេងកម្សាន្តមិនដាច់នោះឡើយជាពេសសថ្ងៃឈប់សម្រាកសៅរ៍ អាទិត្យជាហូរហែរក្នុងមួយថ្ងៃ១៥០នាក់ទៅ២០០នាក់មានថ្ងៃខ្លះច្រើនជាងនេះទៅទៀត។ទឹកធ្លាក់ថ្មដាតូចនេះមានទទឹង៥០ម៉ែត្របណ្តោយជាង២០០ម៉ែត្រចែកចេញជា២ផ្នែក គឺផ្នែកខាងលើ ភ្ញៀវធ្វើដំណើរប្រមាណ៥០ម៉ែត្រទៅដល់គោលដៅ ពេលនោះភ្ញៀវបានឃើញទឹកហូរថ្លាឈ្វេងមានជាទីកន្លែងសម្រាប់ចុះងួតទឹក និងទីកន្លែងអង្គុយលេងចំនួន៤២ នៅសង្ខាងជ្រោះ។នៅប៉ែកខាងក្រោមគឺជាល្បាក់ទឹកធ្លាក់មានកម្ពស់ប្រមាណ ១០ម៉ែត្រភ្ញៀវអាចងូតទឹកលេងក្នុងនោះក៏មានការត្រួតពិនិត្យពីអ្នកគ្រប់គ្រងផងដែរ។ លោក សេង ចិត្រា បានលើកឡើងទៀតថា នៅក្នុងអំឡុងពេលដែលកូវីដ១៩ផ្ទុះឡើង រម្មណីយដ្ឋានទាំងអស់ត្រូវបានរដ្ឋបាលខេត្តប្រកាសបិទជាបណ្តោះអាសន្ន រហូតមកដល់ពេលនេះក៏ពុំទាន់ប្រកាសបើកទទួលភ្ញៀវជាផ្លូវការនោះទេ តែដោយសារថ្ងៃសៅរ៍និងថ្ងៃអាទិត្យភ្ញៀវ ជាតិនិងអន្តជាតិបានមកលេងកម្សាន្តដោយខ្លួនឯង ក្រោមការសម្របសម្រួលពីអ្នកគ្រប់គ្រងនៅទីនោះដោយឲ្យភ្ញៀវចេះការពារខ្លួនអនុវត្តទៅតាមគោលការណ៍ របស់ក្រសួងសុខាភិបាលនិងរាជរដ្ឋាភិបាលដើម្បីរួមគ្នាបង្ការទប់ស្កាត់ជម្ងឺកូវីដ១៩ រលកទី២នោះផងដែរ។ នៅចំពោះមុខនេះអ្នកគ្រប់គ្រង រម្មណីយដ្ឋានមានគោលដៅសំខាន់ ដូចជា ធ្វើទំនប់បង្ហៀរមួយកន្លែងសម្រាប់ដំកល់ទឹកទុកក្នុងរដូវប្រាំង រៀបចំទីតាំងចំណតរថយន្តនិង កែលម្អសោភ័ណភាពនៅទីនេះឲ្យកាន់តែទាក់ទាញភ្ញៀវថែមទៀត។
លោកស្រី កែវ សារ៉ាត មកពីស្រុកបាធាយ ខេត្តកំពង់ចាម បានសម្តែងនូវការចាប់អារម្មណ៍អំពីទេសភាពទូទៅតាមដងផ្លូវជាតិលេខ៥៥ក៏ដូចរម្មណីយដ្ឋានទឹកធ្លាក់ថ្មដាតូចនៅក្នុងស្រុកវាលវែងពិតជាស្រស់ស្អាតទាំងផ្លូវធ្វើដំណើរ ទាំងព្រៃភ្នំជាពិសេស កន្លែងលេងកម្សាន្តមិនចាញ់ទីកន្លែងផ្សេងៗនោះឡើយ។ទាំងអស់នេះគឺដោយសារការខិតខំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានិងអាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់ដែលបានអភិវឌ្ឍន៍នៅក្នុងតំបន់ នេះកាន់តែមានភាពល្បីល្បាយទូទាំងប្រទេស៕
ប្រភព៖ មន្ទីរព័ត៌មានខេត្តពោធិ៍សាត់