ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរខណ្ឌ សង្កាត់ ត្រូវចុះមើលឲ្យដល់មូលដ្ឋានរបស់ខ្លួនក្នុងការបង្ការ ទប់ស្កាត់ ការរំលោភយកចំណីផ្លូវ ប្រឡាយ លូ អាងស្តុកទឹកដើម្បីធ្វើយ៉ាងណា ដោះស្រាយបញ្ហាលិចលង់របស់ប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ខណៈរដូវវស្សាបានឈានមកដល់ ។
អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានជំរុញបែបនេះក្នុងកិច្ចប្រជុំពាក់ព័ន្ធនឹងវិធានការដោះស្រាយបញ្ហាលិចលង់ដោយទឹកជំនន់ទឹកភ្លៀង កាលពីព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា តំបន់មួយចំនួនដែលទទួលរងការលិចលង់ដោយទឹកជំនន់ដោយសារតែប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់ ខ្លាំង រហូតដល់កម្ពស់ទឹក១០៥មិល្លីម៉ែត្រ ដែលធ្វើឲ្យតំបន់មួយចំនួនមានការលិចលង់ ។ លោកបន្ដថា ការលិចលង់នេះ គឺផ្ដើមចេញពីមូលហេតុមួយចំនួនផងដែរ ដូចជាការរំលោភយកប្រឡាយ ការទុកដាក់សំរាមមិនបានល្អ ធ្វើឲ្យសំរាមហូរចូលទៅក្នុងប្រឡាយ លូ ជាដើម ។ ជុំវិញបញ្ហានេះ លោកសូមឱ្យអាជ្ញាធរខណ្ឌ សង្កាត់ត្រូវចុះផ្ទាល់ដល់ទីតាំងប្រឈមនៅពេលមានភ្លៀងធ្លាក់ម្ដងៗ គឺទៅធ្វើសកម្មភាពកាយសំរាមចេញពីលូ ប្រឡាយ ដើម្បីធ្វើយ៉ាងណាឱ្យទឹកអាចហូរបានលឿន ។
លោកឃួង ស្រេង បានបញ្ជាក់ថា ពាក់ព័ន្ធនឹងការទុកដាក់សំរាមមិនបានល្អ បណ្ដាលឲ្យហូរចូលទៅក្នុងប្រឡាយ លូនេះ ជាវិធានការចំពោះមុខ អាជ្ញាធររាជធានីភ្នំពេញ និឹងធ្វើការផាកពិន័យចំពោះប្រជាពលរដ្ឋណាដែលទុកដាក់សំរាមមិនបានត្រឹមត្រូវ ។ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកអភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា មុនការអនុវត្តនូវវិធានការផ្អាកពិន័យនេះ ក្នុងនាមយើងជាអាជ្ញាធរត្រូវសម្អាតខ្លួនប្រាណឲ្យបានល្អជាគំរូដល់ប្រជាពលរដ្ឋជាមុនសិន។
លោកឃួង ស្រេង បញ្ជាក់ផងដែរថា បញ្ហាសំរាម បញ្ហាការលិចលង់គឺជារឿងទាំងអស់គ្នា ទាំងប្រជាពលរដ្ឋ និងអាជ្ញាធរ។ ដូច្នេះ យើងត្រូវរួមសហការគ្នាដើម្បីធ្វើកិច្ចការងារនេះ បើសិនគ្មានការចូលរួមពីប្រជាពលរដ្ឋទេយើងក៏មិនអាចអនុវត្តការងារនេះបានជោគជ័យដែរ ។
លោកបានបញ្ជាក់ទៀតថា កិច្ចប្រជុំខាងលើនេះធ្វើឡើងដើម្បីឲ្យអាជ្ញាធរខណ្ឌ សង្កាត់ ដូចជាមន្ត្រីជំនាញសាធារណការលើកឡើងពីបញ្ហាប្រឈមពិភាក្សារួមគ្នា ដើម្បីដោះស្រាយធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញលែងលិចលង់ដោយជំនន់ទឹកភ្លៀង ហើយជាទិសដៅចំពោះមុខ នៅក្នុងរដូវវស្សានេះ រដ្ឋបាលរាជធានីភ្នំពេញ និងកំណត់ទីតាំងដែលប្រឈមនឹងការលិចលង់ខ្លាំងជាងគេ ដើម្បីយើងនឹងអាចដាក់ស្ថានីយមួយនៅទីតាំងនោះ ដើម្បីបូមទឹកចេញភ្លាមៗតែម្ដង ៕.សំរិត