ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃចន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពកាណ៍ និងលទ្ធផលកិច្ចប្រតិត្តិការប្រចាំខែឧសភា ឆ្នាំ២០២០ និងដាក់ចេញទិសដៅអនុវត្តបន្ត ។
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ក៏មានការចូលរួមពីលោក-លោកស្រីស្នងការរង ,លោកនាយការិយាល័យ ,លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែកគោកលេខ៦០៥ ,លោកនាយប៉ុស្តិ៍ច្រកទ្វារជ្រៃធំ ,លោកអធិការនគរបាលក្រុង/ស្រុកទាំង១១ និងលោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែនទាំង០៦ ចំណុះ បញ្ជាការវរសេនាតូចនគរបាលការពារព្រំដែកគោកលេខ៦០៥ផងដែរ ។
បន្ទាប់ពីស្តាប់របាយការណ៍បូកសរុបប្រចាំខែឧសភា ដែលអានដោយលោកឧត្តមសេនីយ៍ត្រី ឈុន ស៊ីណាត ស្នងការរង និងជាប្រធានសេនាធិការរួចមក លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត បានអនុញ្ញាតអោយអស់លោក-លោកស្រីស្នងការរង និងអស់លោកដែលជានាយការិយាល័យជំនាញ ឡើងមានមតិជុំវិញបញ្ហាប្រឈម ដែលកើតមានពេលបំពេញការងារភារកិច្ចនាពេលកន្លងមក ។ លោកស្នងការ ក៏បានណែនាំដល់អស់លោកជានាយ-នាយរង និងមន្ត្រីនគរបាល ត្រូវលើកឡើងបញ្ហាប្រឈម ក៏ដូចជាកង្វល់នៅក្នុងចិត្តរាយការណ៍ជូនគណៈស្នងការ ហាមដាច់ខាតយករឿងផ្ទៃក្នុងរបស់អង្គភាពដើរនិយាយតាមក្រោមដើមឈើ ឬតុការហ្វេ ។
ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ក៏បានណែនាំដល់លោកនាយការិយាល័យជំនាញ ពិសេសការិយាល័យបុគ្គលិក ត្រូវយកចិត្តទុកដាក់ធ្វើសំណើសុំឡើងស័ក្តិ តួនាទី ឬមេដាយជូនមន្ត្រីនគរបាលណា ដែលមានសមត្ថិភាព និងស្នាដៃក្នុងការបំពេញភារកិច្ច ។
ជាចុងបញ្ចប់លោកឧត្តមសេនីយ៍ស្នងការ ក៏បានធ្វើការកោតសសើរដល់អស់លោក-លោកស្រីស្នងការរង និងនាយការិយាល័យជំនាញ លោកអធិការនគរបាលក្រុង/ស្រុក ដែលបានដឹកនាំមន្ត្រីក្រោមឱវាទ ចុះបំពេញការងារតាមតួនាទី ទទួលបានជោគជ័យនាពេលកន្លងមកគួរជាទីមោទនៈ ។ ទន្ទឹមនឹងនោះអស់លោក ក៏ត្រូវខិតខំ ដឹកនាំមន្ត្រីក្រោមឱវាទចុះបំពេញការងារឲ្យកាន់ដែលល្អប្រសើទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ៕
ប្រភព៖ អគ្គស្នងការនគរជាតិ