ភ្នំពេញ៖ ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា លោកប៊ុន ហុន បានបញ្ជាក់ថា៖ សុខភាព គឺជាកត្តាដ៏សំខាន់ដែលមិនអាចខ្វះបាន ក្នុងការបំពេញភារៈកិច្ចការងារ ឲ្យមានភាពរលូន បើសុខភាពយើងមានភាពទន់ខ្សោយ យើងមិនអាចបំពេញការងារបានល្អ និងលទ្ធផលគ្រប់ជ្រុងជ្រោយនោះទេ ខណៈគណៈមេធាវីមានតួនាទីយ៉ាងសំខាន់ក្នុងការស្វែងរកយុត្តិធម៌ជូនសង្គមជាតិទាំងមូល។
នេះជាការលើកឡើងរបស់ប្រធានគណៈមេធាវីកម្ពុជា នៅក្នុងពិធីចុះអនុស្សារណៈយោគយល់ រវាងមន្ទីរពេទ្យជោរៃ ភ្នំពេញ និងគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះ នាមន្ទីរពេទ្យជោរៃ ភ្នំពេញ ដើម្បីផ្តល់ជូនសេវាកម្ម ក្នុងតម្លៃពិសេស ជូនទៅដល់សមាជិក សមាជិកា និងក្រុមការងាររបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។
លោក ប៊ុន ហុន បានបន្តថា៖ នេះគឺជាលើកទីមួយ នៃផ្នែកវិជ្ជាជីវៈសេរី ក្នុងវិស័យសុខាភិបាល និងវិស័យច្បាប់ ដោយនេះគឺជាកិច្ចសហការដ៏ល្អ នៅក្នុងការបម្រើដល់សង្គម ហើយនេះគឺជាការយកចិត្តទុកដាក់ ពីសំណាក់មន្ទីរពេទ្យផងដែរ ជូនចំពោះសមាជិក សមាជិកាគណៈមេធាវី ឲ្យមានសុខភាពល្អ ដើម្បីចូលរួមក្នុងការពង្រឹងយុត្តិធម៌សង្គមនិងនិតិរដ្ឋ។
លោក ងៀន ហុងណាំ អគ្គនាយកមន្ទីរពេទ្យជោរៃ ភ្នំពេញ បានលើកឡើងដែរថា៖ ក្រៅពីពិនិត្យ និងព្យាបាលជូនដល់ប្រជាជនកម្ពុជា មន្ទីរពេទ្យក៏បានធ្វើការចែករំលែក នូវបទពិសោធន៍បច្ចេកវិទ្យា ក្នុងវិស័យវេជ្ជសាស្ត្រ ដល់វេជ្ជបណ្ឌិតកម្ពុជាផងដែរ ដោយក្នុងនោះ កាលពីពេលថ្មីៗកន្លងទៅនេះ មន្ទីរពេទ្យជោរ៉ៃភ្នំពេញបានចុះMOUជាមួយសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលទៀតផង។
លោក ងៀន ហុងណំា បានបន្តថា៖ ស្របទៅតាមបេសកម្មរបស់ខ្លួន គឺត្រូវតួ្រតពិនិត្យ និងព្យាបាល ជូនប្រជាជនកម្ពុជាឲ្យបានល្អ ក្នុងគោលបំណង រឹតចំណងមិត្តភាព សាមគ្គីភាព នៃការទំនាក់ទំនាក់រវាងប្រទេសកម្ពុជា និងវៀតណាម។ ពិសេសក្នុងការបំពេញភារៈកិច្ចការងារ ឲ្យមានភាពរលូន ទៅលើផ្នែកសុខភាព ផ្នែកហិរញ្ញវត្ថុ ការប្រើប្រាស់ថវិកា និងការចំណាយថវិកាឲ្យសមស្របទៅតាមកាលៈទេសៈនិងសមស្របតាមតម្រូវរបស់ប្រជាពលរដ្ឋ។ បញ្ហាទំាងអស់នេះប្រសិនបើយើងចេះសហការគ្នាបានល្អនោះការងារផ្នែកបម្រើសេវាសុខភាពនៅទីនេះក៏មិនមានបញ្ហាអ្វីកើតឡើងដែរ។
សូមបញ្ចាក់ថា៖ តាមរយៈការចុះ MOU នេះ មន្ទីរពេទ្យជោរៃភ្នំពេញ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការព្យាបាលដល់ប្រជាពលរដ្ឋជារួម និងមន្ត្រីរាជការផងដែរ ដោយនេះគឺជាដំណើរការវិវឌ្ឍន៍ ដើម្បីឲ្យប្រទេសកម្ពុជា កាន់តែមានភាពប្រសើរឡើងថែមទៀត៕
ដោយ៖ សំរិត