រឿងព្រេង​ទាក់ទង​នឹង​ទង់​ក្រពើ – ទង់​ព្រលឹងនៅពេលមានបុគ្គលស្លាប់

ចែករំលែក៖

នៅគ្រប់ស្រុកុក ក្នុងប្រទេសកម្ពុជា គេតែងនិយាយប្រើទង់ក្រពើ និង ទង់ព្រលឹង នៅពេលមានបុគ្គលស្លាប់ គឺថា កាលណាអ្នកជំងឺមានកម្លាំងតិច ជិតនឹងអស់ខ្យល់អស្សាសៈបស្សាសៈហើយ អាចារ្យតែងឲ្យហែកសំពត់ ផាឌិប ទេសឯក ប្រវែង ហត្ថ បត់ជា យកឈើ បន្ទះឫស្សី កំណាត់ ដាក់ខ្វែងគ្នា គឺមួយជាដង មួយជាឈើឆ្កាង រួចស៊កក្នុងផ្នត់សំពត់ ហើយចងបង្រួមក្រសោបក្រោម សម្រាប់កាន់ មានឆ្នាំងបាយថ្មីមួយចងបន្តោងភ្ជាប់នឹងដងទង់នោះផង ហើយអាចារ្យសរសេរបាលីនៅលើផ្ទៃទង់នោះថា ៖ អាទាយ វត ឥទំ អយំ តុស្សិតភវនំអាគច្ឆន្តិ អសាមិកំ សុញ្ញំ គណ្ហាបិហើយអាចារ្យលើកទង់នោះ ទៅដាក់នៅក្បាលដំណេកបុគ្គលស្លាប់ រួចផ្ដាំបុគ្គលនោះថា ទង់ព្រលឹងនេះ ជាសំបុត្រដើរផ្លូវរបស់អ្នកហើយ ចូរអ្នកកាន់ឲ្យជាប់ទៅចុះ ដើម្បីធ្វើដំណើរទៅថ្វាយបង្គំព្រះចូឡាមណីចេតិយ ក្រែងគេឆែកឆេរតាមផ្លូវ ព្រោះអ្នកត្រូវទៅតែម្នាក់ឯង គ្មានអ្នកណានាំផ្លូវទេ រួចអាចារ្យក៏ដាក់ឈ្មោះរបស់គេក្នុងនាមបព្វជ្ជា

រឿងទង់ព្រលឹងនេះ មានដំណាលដូចតទៅ ៖

មានកូនប្រុសរបស់បុរសម្នាក់ បានលាឪពុកទៅរៀនសិល្បសាស្ត្រនគរតក្កសិលា លុះរៀនចេះចប់កាលណា ក៏លាអាចារ្យចេញទៅរកគ្រូផ្សេងរៀនថែមទៀត លុះដើរទៅ ក៏ទៅជួបព្រះបច្ចេកពុទ្ធមួយអង្គ ឃើញលោកប្រព្រឹត្តហ្មត់ចត់ល្អតាមរបៀបសមណៈស្ងប់ស្ងៀមមាណពនោះ មានចិត្តស្រឡាញ់ ជ្រះថ្លា ក៏ចូលទៅសុំរៀនក្នុងសម្នាក់ព្រះបច្ចេកពុទ្ធនោះ លោកក៏សុខចិត្តឲ្យរៀន តែលោកដាក់លក្ខខណ្ឌថា ត្រូវឲ្យបួសដូចលោកសិន លុះមាណពនោះបួសរួចហើយ លោកក៏បង្រៀនធម៌កម្មដ្ឋាន នៅរៀនយូរ ទៅ មាណពនោះក៏បានសម្រេចពោធិញាណ ជាព្រះបច្ចេកពុទ្ធមួយអង្គ ដូចព្រះបច្ចេកពុទ្ធជាគ្រូនោះដែរ ហើយក៏ចូលបរិនិព្វានទៅ អ្នកស្រុកអ្នកភូមិ ក៏នាំគ្នាធ្វើបុណ្យបូជាសព ហើយកសាងចេតិយបញ្ចុះអដ្ឋិព្រះបច្ចេកពុទ្ធអង្គនោះ ត្រង់ផ្លូវបំបែក

បុរសជាឪពុក បាត់កូនយូរពេក ក៏ទៅតាមដល់ស្រុកនោះ ហើយសួររក អ្នកស្រុកក៏បានប្រាប់តាមដំណើររឿងថា កូនរបស់អ្នកឯង បានសម្រេចជាព្រះបច្ចេកពុទ្ធមួយអង្គ ចូលបរិនិព្វានបាត់ទៅហើយ បុរសនោះក៏យំសោកអាល័យកូន ទៅដងទឹកមកស្រោចស្រពទ្រនាប់ខ្សាច់រួចយកក្រមាបង់ចងជាទង់ ដោតឧទ្ទិសថ្វាយនៅមុខចេតិយ ហើយថ្វាយបង្គំលាវិលទៅស្រុកកំណើតវិញ បន្ទាប់មក អ្នកស្រុកក៏យកតម្រាប់តាម លុះចំណេរចីរកាលមកទៀត ក៏ក្លាយទៅជាទំនៀមទម្លាប់ គឺពេលដែលហែខ្មោច អាចារ្យតែងលីទង់ព្រលឹងដើរមុខ រហូតដល់ទីប៉ាឆា ទើបយកទង់នោះទៅដាក់នៅទិសឦសាន1 ជាសញ្ញាឲ្យខ្មោចនោះដឹងថា ខ្លួនត្រូវចេញដំណើរទៅតាមទិសឦសាន ដើម្បីទៅថ្វាយបង្គំព្រះចូឡាមណីចេតិយ

រឿងដំណាលអំពីទង់ក្រពើ ៖ មានដំណាលថា កាលព្រះសម្មាសម្ពុទ្ធគង់ធរមាននៅឡើយ មានសត្វក្រពើញីឈ្មោលមួយគូ មានសេចក្ដីជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ក៏ចូលទៅសុំព្រះពុទ្ធអង្គបួស តែព្រះពុទ្ធអង្គពុំព្រមអនុញ្ញាត ព្រោះជាសត្វតិរច្ឆាន ក្រពើនោះ ក្រាបទូលព្រះអង្គថា យើងខ្ញុំព្រះអង្គទាំងពីររូបនេះ ពុំមាននិស្ស័យក្នុងសាសនាព្រះអង្គទេ តែដោយយើងខ្ញុំទាំងពីររូបនេះស្រឡាញ់ប្ដូរផ្ដាច់ នូវសាសនាព្រះអង្គ យើងខ្ញុំព្រះអង្គ សូមធ្វើសំណូមពរថាបើដល់យើងខ្ញុំស្លាប់ទៅ សូមឲ្យគេមកយកស្បែកយើងខ្ញុំទៅដោតជាទង់ថ្វាយចំពោះព្រះភក្ត្រព្រះអង្គ ទុកជាសក្ការបូជា កុំបីអាក់ខានឡើយ ព្រះពុទ្ធអង្គ ទ្រង់ទទួលសំណូមពរនោះ ដោយព្រះមេត្តា លុះក្រពើនោះស្លាប់ទៅ គេក៏យកស្បែកទៅដោតថ្វាយតាមបណ្ដាំមែន

លុះព្រះសម្មាសម្ពុទ្ធទ្រង់ចូលបរិនិព្វានទៅ ស្បែកក្រពើនោះ ក៏ពុករលួយអស់ទៅ គេក៏នាំគ្នាយកក្រណាត់ក្រដាស មករចនាធ្វើជារាងស្បែកក្រពើ ដើម្បីប្រើជាតំណាងតទៅទៀត ដូចយើងតែងឃើញគេដោតទង់ក្រពើនៅគ្រប់កន្លែងអាសនៈព្រះពុទ្ធរូបស្រាប់2

សមាជិកក្រុមជំនុំទំនៀមទម្លាប់ម្នាក់ទៀត3 បានឲ្យការថាមានព្រះមហាក្សត្រមួយព្រះអង្គ ព្រះនាមព្រះបាទធម្មាសោករាជ ទ្រង់មានព្រះទ័យជ្រះថ្លា បានកសាងព្រះចេតិយ ដើម្បីបញ្ចុះព្រះសារីរិកធាតុនៃព្រះសម្មាសម្ពុទ្ធ កាលណោះ ទេវបុត្តមារ មានទិដ្ឋិមានះចង់តាមបំផ្លាញព្រះអង្គ ក៏ទៅបំផ្លាញព្រះចេតិយដោយឫទ្ធានុភាពអង់អាច លុះឃើញការមិនគួរដូច្នោះ ព្រះបាទធម្មាសោករាជ ក៏ទៅទូលព្រះឧបគតត្ថេរ ដែលជាព្រះអរហន្តដ៏វិសេសមួយអង្គ ដើម្បីឲ្យទៅបង្ក្រាបមារដែលកំពុងបំផ្លាញព្រះចេតិយនោះ ប៉ុន្តែ មារកំណាច មិនស្ដាប់ ព្រមទាំងរករឿងប្រឈ្លោះតបនឹងព្រះឧបគតវិញថាកាលពីមុន យើងខ្លាចតែសមណគោតមមួយប៉ុណ្ណោះ ព្រោះលោកមានឫទ្ធិ, ឥឡូវ ឥតអំពីសមណគោតមហើយ យើងគ្មានត្រូវការគោរពកោតខ្លាចអ្នកណាទៀតទេ កាលបើទូន្មានយ៉ាងណា ក៏ក្រុងមារនៅតែមិនព្រមស្ដាប់, ទើបព្រះឧបគតយល់ថាឃាត់ដោយពាក្យល្អ គេមិនស្ដាប់ទេដូច្នោះ ក៏សម្ដែងឫទ្ធិចងរូបមារនឹងវត្ថពន្ធជាប់ ឲ្យតឹងស្ទើរដាច់ខ្យល់ស្លាប់

ក្រុងមារ ក្ដៅចិត្តណាស់ ប្រឹងស្ទុះហោះទាំងចំណងទៅរកព្រះឥន្ទ្រឲ្យជួយស្រាយ ព្រះឥន្ទ្រប្រកែកថា តើយើងណានឹងអាចស្រាយចំណងព្រះឧបគនោះបាន ក្រុងមារក្ដៅចិត្តណាស់ ដៀលត្មះព្រះឥន្ទ្រដោយពាក្យទ្រគោះបោះបោកផ្សេង រួចស្ទុះហោះទៅរកព្រះព្រហ្មឲ្យជួយស្រាយទៀត ព្រះព្រហ្មយល់ហេតុការណ៍ ក៏ឆ្លើយតបថា ក្រុងមារអើយ ! ព្រះឧបគតនោះ មានឫទ្ធិអំណាចខ្លាំងណាស់ បើលោកចងហើយគ្មានអ្នកណាឡើយនឹងស្រាយបានទេ, ចូរមារឯងត្រឡប់ទៅក្រាបអភិវាទព្រះឧបគតវិញទៅ ទើបដោះរួចអំពីចំណងវិញបាន ពុំនោះសោតទេអ្នកនឹងត្រូវស្លាប់អសារបង់ ទើបមារសុខចិត្តត្រឡប់ទៅសុំអង្វរឲ្យព្រះឧបគតត្ថេរស្រាយឲ្យ វត្ថពន្ធដែលជាប់នៅនឹងដៃមានោះ បានក្លាយទៅជាគំរង់ស្បែកឆ្កែ ស្អុយក្រៃលែងស្អុយ កម្រនឹងរកអ្វីប្រៀបបានទៅហើយ មុននឹងស្រាយចំណងគំរង់នោះ ព្រះឧបគតត្ថេរ យកខ្សែទាក់មារអូសបណ្ដើរ ឲ្យស្រែកអាក្រោសតាមផ្សារ ឲ្យសច្ចាថារាងចាល លែងមករាតត្បាតបំផ្លាញចេតិយព្រះសារីរិកធាតុ ព្រះអរហន្តធាតុណាទៀតហើយ លុះក្រុងមារប្ដេជ្ញាថារាងចាលហើយទើបព្រះឧបគតត្ថេរស្រាយចំណងឲ្យវិលទៅស្រុកភូមិវិញ រួចលោកប្រាប់ក្រុងមារថាដរាបណា ឯងឃើញទង់នេះនៅឡើយ, ដរាបនោះ អង្គអាត្មាអញរស់នៅឡើយដែរ ឯងមិនត្រូវចូលមកយាយីដល់អ្នកភូមិអ្នកស្រុកឡើយ លុះក្រោយ មក អ្នកស្រុកក៏នាំគ្នាធ្វើទង់មួយតូចចងនៅមុខផ្ទះ កាលណាមានបុគ្គលស្លាប់ ដើម្បីចៀសវាងអន្តរាយគ្រប់បែបយ៉ាងអំពីសម្នាក់នៃមារនេះឯង4

សមាជិករបស់ក្រុមទំនៀមទម្លាប់ម្នាក់ បានឲ្យនិទានមួយទៀត ក្នុងរឿងទាក់ទងនឹងទង់ក្រពើនេះដែរ ថា

មានព្រះរាជបុត្រីនៃព្រះមហាក្សត្រមួយព្រះអង្គ ត្រូវក្រពើលេបហើយសុគតទៅ ព្រះបិតា មិនអស់ព្រះហឫទ័យនឹងព្រះរាជបុត្រីក្ស័យ ក៏បង្គាប់ឲ្យតម្កល់សពនោះ ទុកធ្វើបុណ្យជាយូរថ្ងៃ ដើម្បីចាំប៉ាវគងប៉ាវឃ្មោះរកអ្នកចេះប្រស់ ហើយទ្រង់បញ្ជាឲ្យអាមាត្យវះស្បែកក្រពើទៅចងនៅមុខព្រះរាជវាំង ជាសញ្ញាឲ្យគេដឹងថាព្រះរាជបុត្រីព្រះអង្គ ត្រូវសុគតដោយក្រពើលេប” (ដូចជំនាន់ដើមដែលគេដោតវែកនៅផ្នូរអ្នកដែលស្លាប់ដោយពស់វែកចឹកដែរ)

អ្នកស្រុក ឃើញដូច្នោះ ក៏នាំគ្នារចនាក្រណាត់ជារាងស្បែកក្រពើ ហើយដោតនៅផ្ទះដែលមានបុគ្គលស្លាប់ ជាប់ជាទម្លាប់រហូតមក ៕ចប់

កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត

(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print