ស្លាប់ម្នាក់របួសធ្ងន់ម្នាក់ពេលជិះម៉ូតូទៅខេត្តត្រូវរថយន្តបែនដឹកដីបុកនិងកិនពីក្រោយនៅរង្វង់មូលកួរស្រូវ

ចែករំលែក៖

ភ្នំពេញ ៖ រថយន្ដបែនដឹកដីបានបើកបុកនិងកិនស្ដ្រីម្នាក់បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកេីតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ដែលហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ៨ និង ៣០នាទីព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចរង្វង់មូលកួរស្រូវ ផ្លូវលេខ១០៤​ ភូមិកណ្ដាល​ សង្កាត់រលួស ខណ្ឌដង្កោ ។

​ សពជនរងគ្រោះមានឈ្មោះ ភឿន ស្រីកា ភេទស្រី អាយុ១៥ឆ្នាំ មុខរបរបុគ្គលិក ហាង​ មានទីលំនៅក្នុងស្រុកបសេដ្ឋ​​ ខេត្តកំពង់ស្ពឺ (ស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកេីតហេតុ) ។ ចំណែកជនរងរបួសមានឈ្មោះ ភឿន ស្រីរត្ន័ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរបុគ្គលិកហាង មានទីលំនៅឋិតក្នុងស្រុកបសេដ្ឋ​ ខេត្តកំពង់ស្ពឺ ជាមួយគ្នា។

ដោយឡែកតៃកុងរថយន្ដមានឈ្មោះ ចឹក ធូ អាយុ៣៤ឆ្នាំ មុខរបរបេីកបររថយន្ត មានទីលំនៅក្នុងភូមិអង្គខ្ជាយ​ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

​ ប្រភពពីអ្នកធ្វើការជាមួយជនរងគ្រោះបានប្រាប់ឲ្យដឹងថា ជនរងគ្រោះ និងបងស្រី បានខ្ចីម៉ូតូអ្នកធ្វើការជាមួយគ្នា ដើម្បីទៅមើលម្ដាយឈឺនៅឯស្រុកកំណើត ប៉ុន្ដែពេលជិះមកដល់កន្លែងកើតហេតុស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់បែបនេះតែម្តងទៅ ។

​ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញនារី២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២០​ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល 1AI-6655 បើកបរតាមបណ្ដោយផ្លូវលេខ២១៧ បត់ស្ដាំទៅតាមបណ្ដោយផ្លូវលេខ ១០៤ ស្រាប់តែរថយន្ដបែនដឹកដីដែលបើកបរតាមបណ្ដោយផ្លូវជាតិលេខ២ បត់ទៅផ្លូវលេខ១០៤ ក៏ជ្រុលទៅបុកម៉ូតូពីក្រោយហើយកិនស្ដ្រីម្នាក់ស្លាប់នៅកន្លែងកេីតហេតុភ្លាមៗ និង ម្នាក់ទៀតរងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់។

​ ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញខណ្ឌបានចុះមកជួយសម្រួលចរាចរណ៍ និងទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកវាស់វែងហើយយករថយន្ដនិងម៉ូតូទៅរក្សាទុកដើម្បីដោះស្រាយគ្នានៅពេលក្រោយ ។ ចំណែកសាកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ឯស្រុកកំណើត៕

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print