ខេត្តកណ្ដាល៖ អាជ្ញាធរក្រុង-ស្រុកទាំងអស់ ត្រូវរៀបចំផែនការឲ្យបានច្បាស់លាស់ដើម្បីត្រៀមបង្ការគ្រោះទឹកជំនន់នាពេលខាងមុខ ពីព្រោះកិច្ចការនេះគឺជាកិច្ចការសំខាន់ណាស់ បើសិនជាយើងមិនបានគិតគូរត្រៀមបង្ការទុកជាមុនទេ នោះយើងនឹងជួបបញ្ហា និងផលលំបាកជាច្រើននៅក្នុងមូលដ្ឋានយើង ដូច្នេះក្នុងនាមជាអាជ្ញាធរធ្វើត្រូវមានផែនការច្បាស់លាស់ ត្រូវក្តាប់ឲ្យបាន ធ្វើឲ្យបាន និងទាន់ពេលវេលា។
នេះជាការលើកឡើងរបស់ លោក នុត ពុធដារ៉ា អភិបាល រងខេត្តកណ្ដាល នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងប្រមូលទិន្ន័យផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបគ្រោះអាសន្ន ទឹកជំនន់ ជាមួយ មន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងទាំង៣ប្រភេទ អាជ្ញាធរក្រុង ស្រុកទាំង១១ និងមន្ត្រីទទួលបន្ទុកការងារគ្រោះមហន្តរាយក្រុងស្រុក នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០នេះ នៅសាលាខេត្តកណ្ដាល។
លោកបានថ្លែងថា៖ បញ្ហាសំខាន់ដែលអាជ្ញាធរក្រុង-ស្រុកទាំងអស់ ត្រូវយកចិត្តទុកដាក់ចំពោះគ្រោះទឹកជំនន់ គឺការរៀបចំទីទួលសុវត្ថិភាព សម្រាប់ដាក់ប្រជាពលរដ្ឋដែលរងគ្រោះ សម្ភារៈ និងសត្វពាហនៈរបស់ពួកគាត់។
លោកបន្តថា ក្រៅពីនេះអាជ្ញាធរក៏ត្រូវគិតគូរផងដែរចំពោះទឹកស្អាតសម្រាប់ការប្រើប្រាស់ ផ្នែកសុខាភិបាលត្រូវត្រៀមគ្រូពេទ្យសម្រាប់ជួយពួកគាត់ ពេលមានបញ្ហាសុខភាព សាខាកាកបាទក្រហមកម្ពុជាខេត្ត និងអង្គភាពពាក់ព័ន្ធ ក៏ត្រូវត្រៀមជួយសង្គ្រោះជាស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ផ្សេងៗផងដែរ។
ក្នុងកិច្ចប្រជុំនេះ លោកធ្វើការក្រើនរំលឹក និងជំរុញដល់អាជ្ញារក្រុង-ស្រុកទាំង១១ ត្រូវពន្លឿនក្នុងការផ្ដល់នូវទិន្នន័យ ដើម្បីរៀបចំចងក្រងបញ្ចូលទិន្នន័យតាមបណ្តាស្រុកនិមួយៗ ចូលទៅក្នុងផែនការត្រៀមបម្រុង ឆ្លើយតបគ្រោះអាសន្នខាងលើនេះធ្វើយ៉ាងណាឱ្យបានទាន់ពេលវេលាតាមការកំណត់៕
ដោយ៖ សហការី