ខេត្តកណ្តាល៖ បុរស២នាក់បើកបរម៉ូតូដោយល្បឿនលឿនបុកគ្នាពេញមួយទំហឹង ខណៈកំពុងបើកបរច្រាសទិសគ្នា បណ្តាលឲ្យស្លាប់យ៉ាងអណោចអធ័មនៅកន្លែងកើតហេតុទាំង២នាក់ ។ ដោយឡែកអ្នករួមដំណើរជាមួយម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានរថយន្តសាមុយប្រចាំស្នងការដ្ឋាននគរបាលខេត្តកណ្តាលដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ ។
ករណីគ្រោះថ្នាក់ចរចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២២ និង១០នាទី ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ២១ ត្រង់ចំណុចខាងមុខស្ថាននីយ៍ប្រេងឥន្ទនៈ “រស្មី ពិសី” ស្ថិតក្នុងភូមិព្រែកសំរោង3 សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។
មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា ម៉ូតូបង្កហេតុម៉ាកហុងដាវ៉េវ ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង1E-4458បើកបរដោយឈ្មោះ នូ ឆោម ភេទប្រុស អាយុ៣៥ឆ្នាំ(ស្លាប់) មានទីលំនៅក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។ចំណែកឯម៉ូតូភាគីម្ខាងទៀតម៉ាកស៊ីធី ធុនសេ១០០កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1AM-4153 បើកបរដោយឈ្មោះ ចាន់ រិទ្ធី ភេទប្រុស អាយុ២១ឆ្នាំ (ស្លាប់) មានទីលំនៅក្នុងភូមិវាល ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល និងអ្នករួមដំណើរជាមួយម្នាក់រងរបួសធ្ងន់មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញបុរសម្នាក់បើកបរម៉ូតូម៉ាកហុងដាវ៉េវតាមបណ្តោយផ្លូវជាតិលេខ២១ ក្នុងទិសដៅពីក្រុងតាខ្មៅឆ្ពោះទៅស្រុកស្អាងដោយល្បឿនលឿន ខណៈបើកដល់ចំណុចកើតហេតុអ្នកបើកបរម៉ូតូបានបើករេចង្កូតទៅឆ្វេងដៃបណ្តាលឲ្យជ្រុលទៅបុកម៉ូតូធុនសេ១០០កូរ៉េដែលបើកបរច្រាសទិសគ្នាពេញមួយទំហឹងលាន់ឮដូចរន្ទះ ធ្វើឲ្យបុរសជាអ្នកបើកបរម៉ូតូទាំង២នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ រហូតស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុយ៉ាងអណោចអធ័ម ។ ដោយឡែកអ្នករួមដំណើរជាមួយម៉ូតូធុនសេ១០០កូរ៉េរងរបួសយ៉ាងធ្ងន់ធ្ងរមិនសង្ឃឹមរស់នោះទេ ត្រូវបានរថយន្តសាមុយប្រចាំស្នងការដ្ឋាននគរបាលខេត្តកណ្តាលដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ ។
បច្ចុប្បន្នម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងតាខ្មៅ ធ្វើការដកហូតបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីចាត់ការតាមច្បាប់ ។ ចំណែកឯសាកសពជនរងគ្រោះត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសាររៀងៗខ្លួន ដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ស្អាងជ័យ