កំពង់ឆ្នំាង៖ លោក អូស្មាន ហាស្សាន់ ប្រតិភូអមនាយករដ្ឋមន្ដ្រី រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានអង្គការមូលនិធិអភិវឌ្ឃន៍មុស្លិមកម្ពុជា បានចូលរួម បើកការដ្ឋានសាងសង់ផ្ទះធ្វើអំពីថ្មប្រកក្បឿងចំនួន២ខ្នង ទំហំ៥គុណ៧ម៉ែត្រ សរុបអស់ថវិកា៧០០០ដុល្លារអាម៉េរិក ជួនពលរដ្ឋក្រីក្រខ្មែរឥស្លាមចំនួន២គ្រួសារស្ថិតនៅភូមិច្រេះ ដែលជាជំនួយមនុស្សធម៌ របស់មូលនិធិNuriyah ប្រទេសគូវ៉េត តាមរយៈសមាគមសម្របសម្រួល និងអភិវឌ្ឍន៍កម្ពុជា និងផ្ដល់អំណោយមនុស្សធម៌ជូនពលរដ្ឋក្រីក្រចំនួន២០០គ្រួសារ ស្ថិតនៅ ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នំាង កាលពីព្រឹកថ្ងៃទី ១៣ ខែកក្ដដា ឆ្នំា២០១៥ ។
អំណោយដែលត្រូវយកមកចែកជូនពលរដ្ឋក្រីក្រទំាង២០០គ្រួសារនេះ រួមមានអង្ករ១០គីឡូក្រា ម មី៥កញ្ចប់ ទឹកដោះគោ១កេស ទឹកសឺរ៉ូ១កេស ស្កសរ៥គីឡូក្រាម និងថវិកា២ម៉ឺនរៀល ក្នុងម្នាក់ៗផងដែរ ។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ សព្វថ្ងៃ មិនថានៅទីប្រជុំជន ឬនៅតំបន់ដាច់ស្រយាល យ៉ាងណាក្តី បងប្អូនប្រជាពលរដ្ឋ រស់នៅប្រកបមុខរបរ ដោយសេចក្តីសុខក្សេនក្សាន្ត ជីវភាពគ្រួសារមានការរីកចំរើន ជាលំដាប់ យើងទាំងអស់គ្នារស់នៅ ប្រកបដោយសេចក្តីសុខដុមរមនា គ្មានការរើសអើងសាសនា ពូជសាសន៍ មធ្យោបាយធ្វើដំណើរ និងការទំនាក់ទំនង ក៏មានភាពងាយស្រួល នេះគឺដោយសារតែការសម្រេចចិត្ត របស់បងប្អូន ក្នុងការជ្រើសរើស មេដឹកនាំគណប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដែលពោពេញទៅដោយ ភាពឆ្លាតវាងវៃ ជាមេដឹកនាំ ដែលបានផ្តល់នូវសន្តិភាពសំរាប់សេចក្តីសុខ ជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីធ្វើការអភិវឌ្ឍ ។ លោកបន្ដថា៖ បងប្អូនខ្មែរឥស្លាមដែលកំពុងរស់នៅលើទឹកដី នៃព្រះរាជា ណាចក្រកម្ពុជា ទំាងអស់ត្រូវគោរពច្បាប់ និងវិន័យរបស់រដ្ឋឲ្យបានត្រឹមត្រូវ ទើបជាពលរដ្ឋល្អ ក្នុងសង្គមជាតិដ៍បវរ នៃយើង ។
លោកអូស្មាន ហាស្សាន់ ក៍បានស្នើសុំឲ្យសកម្មភាពមនុស្សធម៌របស់មូលនិធិNuriyah ប្រទេសគូវ៉េត ដែលសព្វថ្ងៃកំពុងបំពេញសកម្មភាពមនុស្សធម៌របស់ខ្លួន ទៅកាន់ប្រទេសចំនួន១៣៦ នៅលើសកលលោក ដោយមិនប្រកាន់និន្នាការ ពូជសាសន៍ រឺសាសនាអ្វីឡើយ ក្នុងគោលបំណង ដើម្បីសង្គ្រោះមនុស្ស ដែលប្រឈម នឹងភាពក្រីក្រ កង្វះខាតបច្ចេកទេស និង ការអប់រំជាដើមនេះ ត្រូវបន្ដនៅសហគមន៍ នៃព្រះរាជាណាចក្រកម្ពុជា បន្ដទៀត ។
ជាក់ស្តែងនៅកម្ពុជាក្នុងសកម្មភាពមនុស្សធម៌របស់ខ្លួនមូលនិធិNuriyah នៃប្រទេសគូវ៉េត ក៍ បានផ្តល់ជាអំណោយ អាហារកញ្ចប់ និងថវិកាសម្រាប់ស្រាយបួស ខែរ៉ម៉ាឌន សាច់គោរគួរប៉ាន អណ្តូងទឹកស្អាត និងគ្រោះធម្មជាតិនានា ដល់ពលរដ្ឋខ្មែរឥស្លាម បានជាច្រើនកន្លែងផងដែរ ។
លោក ក៏បានស្នើឲ្យ Nuriyah ប្រទេសគូវ៉េត បន្តសកម្មភាពមនុស្សធម៌នេះ នៅតែបន្ដជានិច្ច ជាពិសេសវិស័យបច្ចេកទេស ក៏ជាចំណុចសំខាន់ មួយដែលកម្ពុជា កំពុងយកចិត្តទុកដាក់ និង សូមឲ្យមាន ការចូលរួមសហការ ឧបត្ថម្ភពីអង្គការដៃគូរនានា ។ លោកក៍បានបញ្ជាក់អំពីគោលជំហរ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា គឺ នូវតែបើកចំហ គៀងគររកដៃគូម្ចាស់ជំនួយ ដោយមិនប្រកាន់ជំនឿសាសនា ក្នុងការស្វែងរក ជំនួយមនុស្សធម៌ ដើម្បីអភិវឌ្ឍន៍សង្គម ឲ្យមានការរីកចម្រើន ក្នុងន័យកាត់បន្ថយភាពក្រីក្រ ៕ ដោយ៖ សំរិត