ចាប់ខ្លួនបានជនល្មើសលួចគាស់ដំបូលហាងលក់ទូរស័ព្ទ ឆាយ គីម ហើយ

ចែករំលែក៖

ខេត្តកណ្តាល ៖ ជនល្មើសក្នុងករណីលួចគាស់ ដំបូលហាងលក់ទូរស័ព្ទយីហោ “ឆាយគីម” ត្រូវបានសមត្ថកិច្ចនគរបាល ក្រុងតាខ្មៅចាប់ខ្លួនបានម្នាក់ក្នុងចំណោមបក្ខពួក ៣នាក់ កាលពីវេលា ម៉ោង២ និង៣០នាទីទាបភ្លឺ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥ នៅក្នុងភូមិព្រែកឫស្សី សង្កាត់ ព្រែកឫស្សី ក្រុងតាខ្មៅ គ្រាដែលល្មើសខាងលើនេះកំពុងដើរតាមដងផ្លូវ ត្រឡប់មកពីលួចវិទ្យរបស់ស្ត្រីលោកយាយ ម្នាក់ដែលកំពុងដេកលង់លក់ក្នុងដំណេក ។

មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ហេង គីមហុង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិព្រែកហូរលិចសង្កាត់ព្រេកហូរ ក្រុងតាខ្មៅ។

ប្រភពដដែលបានបន្តថា ជនសង្ស័យរូបនេះបានធ្វើសកម្មភាពលួចវិទ្យុរបស់លោកយាយម្នាក់ឈ្មោះ គង់ អាន ភេទ ស្រី អាយុ៨៥ឆ្នាំរស់នៅក្នុងភូមិព្រែកឫស្សី សង្កាត់ ព្រែកឫស្សី ក្រុងតាខ្មៅ ។ ក្រោយពីធ្វើសកម្មភាពជនសង្ស័យបានដើរត្រឡប់ទៅផ្ទះនៅសង្កាត់ព្រែកហូរវិញ ក៏បានជួបជាមួយសមត្ថកិច្ចនគរបាលចេញល្បាតឃាត់ខ្លួនបញ្ជូនទៅកាន់អថិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។

ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីធ្វើការសាកសួរចម្លើយជនសង្ស័យតាមជំនាញរបស់នគរបាលយុត្តិធម៌ ទើបដឹងថាជនសង្ស័យរូបនេះនិងបក្ខពួក២នាក់ធ្លាប់បានធ្វើសកម្មភាពគាស់ដំបូលហាងលក់ទូរស័ព្ទយីហោ “ឆាយគីម”ដែលមានទីតាំងស្ថិតនៅភូមិតាខ្មៅ សង្កាត់/ក្រុងតាខ្មៅ កាលពីវេលាយប់ថ្ងៃទី១៦ខែមិថុនាឆ្នាំ២០១៥ ។

បក្ខពួកជនសង្ស័យខាងលើនេះឈ្មោះ ម៉ៅ ភេទប្រុស អាយុ១៧ឆ្នាំ និងម្នាក់ទៀតឈ្មោះ ស្នា ភេទ ប្រុសអាយុ១៧ឆ្នាំ ស្នាក់នៅម្តុំវាលខ្សាច់ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បច្ចុប្បន្នកំពុងរត់គេចខ្លួន ។

ជនសង្ស័យឈ្មោះ ហេង គីមហុង បានបញ្ជាក់ថា កាលពីអំឡុងយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥ ខ្លួននិងបក្ខពួកខាងលើនេះបានធ្វើសកម្មភាពគាស់ដំបូលហាងលក់ទូរស័ព្ទយីហោឆាយគីម ដោយបក្ខពួកជាអ្នកធ្វើសកម្មភាពហើយខ្លួនជាអ្នកឈរមើលផ្លូវ បន្ទាប់ពីយកបានទូរស័ព្ទដៃស៊េរីទំនើបចំនួន២៤គ្រឿងហើយនោះ បក្ខពួកបានឌុបរូបគេឲ្យទៅឈរចាំនៅសួនច្បាត់ទន្លេក្រុងតាខ្មៅ បន្ទាប់មកបក្ខពួកយកទូរស័ព្ទដៃទៅលក់នៅផ្សារកណ្តាលរាជធានីភ្នំពេញ ស្រាប់តែបាត់ដំណឹងរហូតមិនឃើញយកលុយមកឲ្យខ្លួនវិញឡើយ ។

បច្ចុប្បន្នសមត្ថកិច្ចនគរបាលជំនាញយុត្តិធម៌ក្រុងតាខ្មៅ កំពុងរៀបចំសំណុំរឿង ដើម្បីបញ្ជូនខ្លួនជនសង្ស័យទៅកាន់សាលាដំបូងខេត្តកណ្តាលចាត់ការបន្តតាមច្បាប់៕ស្អាងជ័យ

...

20150712220238

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print