ខេត្តបន្ទាយមានជ័យ៖ បន្ទាប់ពីមានមនុស្ស៤នាក់បានស្លាប់ជាបន្តបន្ទាប់និង១២នាក់ទៀតកំពុងសង្គ្រោះនៅមន្ទីរពេទ្យក្នុងករណីពុលស្រាចិនសែនោះមក នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះគេឃើញសមត្ថកិច្ចពីរស្រុកនិងក្រុងចំនួន១ ក្នុងនោះមានសមត្ថកិច្ចស្រុកម៉ាឡៃ ស្រុកមង្គលបុរីនិងក្រុងប៉ោយប៉ែតសហការជាមួយអាជ្ញាធរខេត្តធ្វើការរួមគ្នាចុះដល់តូបលក់ទំនិញចាប់ហួយមួយចំនួនរួចបានធ្វើការដកហូតប្រភេទស្រាចិនសែដែលជាប្រភេទស្រាផលិតក្នុងស្រុក និងបានធ្វើការអប់រំ និងធ្វើកំណត់ហេតុក្នុងការដែលបងប្អូនអាជីវករទទួលយក
មកលក់បន្ត។
ពាក់ពន្ធករណីខាងលើនេះលោកអភិបាលក្រុងប៉ោយប៉ែតគាត ហ៊ុលបានមានប្រសាសន៏ថា ចំពោះប្រតិបត្តិការនេះលោកបានចាត់ការតាំងពីយប់ក្រោយពេលមានករណីពុលស្រាចិនសែនៅស្រុកម៉ាឡៃនិងក្រុងប៉ោយប៉ែត
ដែលមានបុរសម្នាក់នៅភូមិអូរអណ្ដូងបានស្លាប់បន្ទាប់ពីបញ្ជូនដល់មន្ទីរ
ពេទ្យក្រុងសិរីសោភ័ណ ។លោកបញ្ជាក់ថាតូបខ្លះដែលមិនទាន់បិទក្រុមការងារបានចុះទាំងយប់ទៅប្រមូលយកស្រាដែលមានសញ្ញាដូចខាងលើបានពីរកន្លែង ។ បន្ទាប់មកក៏សុំយោបល់ពីលោកអភិបាលខេត្ត ហើយលោកអភិបាលខេត្ត
ប្រាប់ថាគ្រាន់តែឲ្យម្ចាស់តូបផ្អាកចែកចាយហើយរាប់ចំនួន រួចហើយឲ្យម្ចាស់តូបរក្សាទុករង់ចាំយកស្រាទៅពិសោធមើលសិន។រហូតដល់ព្រឹកថ្ងៃទី១០ខែឆ្នាំដដែលរូបលោកនិងមន្ត្រីក្រោមឱវាទបានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធចុះពិនិត្យរកស្រាប្រភេទខាងលើគ្រប់ទីតាំងតូបក្នុងផ្សារដោយបានហាមឃាត់មិនឲ្យចែកចាយចំពោះអ្នកដែលមានស្រាប្រភេទនេះច្រើន ចំណែកតូបដែលមានស្រាបែបនេះតិចត្រូវដកហូតយកមករក្សាទុកនិងយកទៅពិសោធសិន ។មកដល់ពេលល្ងាចនេះមន្ត្រីសុខាភិបាលខេត្តមិនទាន់មានការឆ្លើយតបចំពោះស្រាតាំងគួយដែលយកទៅពិសោធនោះនៅឡើយទេ។
លោកបន្ថែមថា ចំពោះស្រាចិនសែតាំងគួយប៉ូវកម្លាំងដែលដាក់តាំងលក់នៅលើទីផ្សារនោះគីយកលក់តគ្នាពីមួយទៅមួយមិនទាន់មានប្រភពច្បាស់នៅឡើយ តែតាមការសន្និដ្ឋានតៗគ្នាពួកគាត់អាចលាក់ប្រភព ប៉ុន្តែនៅលើសំបកដបមានលេខទូរសព្ទចែកចាយ ដូច្នេះលោកជឿជាក់ថានិឹងអាចរកទីតាំងផលិតឃើញព្រោះតូបដែលមានលក់ស្រានោះយើងអាចទប់ស្កាត់បានទាំងអស់៕
ដោយ៖ វណ្ណា