អឺរ៉ុប៖ ប្រទេសជាសមាជិកសហគមន៍អឺរ៉ុបទាំង២៧ បានព្រមព្រៀងគ្នា លើគម្រោងបើកព្រំដែនជា មួយបណ្តាប្រទេស ក្រៅពីសហគមន៍។
នៅថ្ងៃទី១០ ខែមិថុនា តំណាងជាន់ខ្ពស់ របស់សហគមន៍អឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស លោក Josep Borrellបានបញ្ជាក់ថា គណៈកម្មការអឺរ៉ុប EC នឹងស្នើដល់បណ្តាប្រទេសជាសមាជិក ចាប់ផ្តើមបើកទ្វារជាមួយប្រទេសខាងក្រៅ ចាប់ពីថ្ងៃទី១ខែកក្កដា។ លោកបន្តទៀតថា ៖ ការបើកព្រំដែនធ្វើឡើងតាមដំណាក់កាល ។
បណ្តាប្រទេសសហគមន៍អឺរ៉ុប បានចាប់ផ្តើម កាត់បន្ថយការរិតត្បិត និងបើកព្រំដែនសម្រាប់ប្រទេសក្នុងតំបន់ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ខាងមុខ ដើម្បីដំណើរការវិស័យទេសចរណ៍ឡើងវិញ។ ពលរដ្ឋនៅក្នុងតំបន់ធ្វើដំណើរឆ្លងដែនដោយមិនចាំបាច់ នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃឡើយ។
កាលពីចុងសប្តាហ៍កន្លងមក បណ្តារដ្ឋមន្ត្រី ក្រសួងមហាផ្ទៃប្រទេសទាំង ២៧ ក្នុងសហគមន៍ បានព្រមព្រៀងគ្នា បើកព្រំដែនដល់ប្រទេសក្នុងតំបន់ ផងដែរ។ នៅថ្ងៃទី១៦ អូទ្រីសក៏នឹងបើកព្រំដែនជាមួយអុីតាលី ដែលជាប្រទេសមានកណីឆ្លងកូវីដ១៩ច្រើន។ ក្រៅពីនេះប្រទេសអូទ្រីសក៏បានអនុញ្ញាតឲ្យប្រទេស ចំនួន៣១ ផ្សេងទៀត ភាគច្រើនក្នុងតំបន់អឺរ៉ុប មិនចាំបាច់ផ្តាច់ខ្លួននោះឡើយ។
គោលដៅខាងលើរបស់អឺរ៉ុប ដើម្បីអូសទាញអ្នកទេសចរណ៍ ជួយដល់វិស័យនេះដំណើរការឡើងវិញ នឹងផ្តល់ការងារធ្វើដល់ពលរដ្ឋរាប់លាននាក់។ មួយវិញទៀតមានតែការបើកព្រំដែន ទើបអាចជួយដល់សេដ្ឋកិច្ច ដំណើរការបានល្អ ក្នុងនោះមានទាំងអាកាសចរណ៍ផងែរ៕
ដោយ៖ ធី រីណា