សមត្ថកិច្ចខណ្ឌដូនពេញ ឃាត់ខ្លួនជនដៃដល់ជាថៅកែភោជនីយដ្ឋានយីហោ “ធារ៉ា”ប្រើអំពើហិង្សាយ៉ាងព្រៃផ្សៃលើបុគ្គលិកខ្លួន

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីបែកធ្លាយវីដេអូ​កា​ម៉ា​រ៉ា​សុវត្ថិភាព ​នៅថ្ងៃ​ទី​១០ ​ខែ​មិថុនា​ ឆ្នាំ​២០២០​ អំពី​សកម្មភាព​ថៅកែ​ហាង​ផឹកស៊ី​យីហោ​(​ធារ៉ា​)​បាន​ឈ្លោះ​គ្នា​ប្តី​ប្រពន្ធ​ ហើយបុគ្គលិករបស់ខ្លួនបានចូលទៅឃាត់កុំឲ្យមានការឈ្លោះប្រកែកគ្នា ។ ប៉ុន្តែបែរជាថៅកែហាងនោះ បាន​ប្រើ​អំពើ​ហិង្សា​ទះ​កំផ្លៀង​ប្រពន្ធ​និង​វ៉ៃ​កូនចៅ​ម្នាក់ បណ្តាល​ឲ្យរងរបួសធ្ងន់រហូត​ដួល​សន្លប់​ស្តូកស្តឹង ។ រួចមកបានធ្វើឲ្យអ្នកលេងតាមបណ្ដាញសង្គមហ្វេសប៊ុកនាំគ្នាយកទៅបង្ហោះតៗគ្នា បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់មហាជន និងកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍វត្តភ្នំ បានចុះទៅនាំខ្លួនថៅកែរូបនោះយកមកសាកសួរ ដើម្បីចាត់ការតាមច្បាប់ ។

តាមប្រភពព័ត៍មានពីលោក អ៊ុន សំអាត នាយប៉ុស្តិ៍​នគរបាលរដ្ឋបាល​វត្តភ្នំ​ បានប្រាប់ឲ្យដឹងនៅល្ងាចថ្ងៃ​ទី​១០ ​ខែ​មិថុនា​ ឆ្នាំ​២០២០​នេះ​ថា​ ជនដៃដល់ជាថៅកែភោជនីយដ្ឋាន «ធារ៉ា» មានឈ្មោះថា កាន់ វុទ្ធី អាយុជាង៤០ឆ្នាំ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តឡើងកាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១១និង៣៥នាទីយប់  នៅចំណុចភោជនីយដ្ឋាន «ធារ៉ា» សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

ដោយឡែកជនរងគ្រោះឈ្មោះ សុត សុភ័ក្រ ជាមេការភោជនីយដ្ឋាន «ធារ៉ា» ត្រូវបានថៅកែប្រើអំពើហិង្សាយ៉ាងព្រៃផ្សៃ និងត្រូវបណ្តេញចេញពីការងារថែមទៀតនោះ ក៏បានឲ្យដឹងថា គាត់បានសម្រេចចិត្តដាក់ពាក្យបណ្តឹងចូលព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញរួចរាល់ហើយ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ។

​គួរបញ្ជាក់ថា ក្នុង​សកម្មភាពឈ្លីបវីដេអូមួយ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ដំបូង​ឡើយ​គេ​ពុំបាន​ដឹង​ថា ​លោក​ត្រូវ​ជា​ប្ដី​របស់​ថៅកែ​ស្រី​ឈ្មោះ​ធារ៉ា​ ដោយ​មិន​ដឹង​មានរឿង​អ្វី​ទេ​ហើយ ​មកពី​ទីណា​នោះ​ទេ ​គឺ​ពេល​ដែល​ដើរ​ឆ្លង​ផ្លូវ​ពី​ទិស​ម្ខាង​មក​ ហាក់​ដូច​ជា​ស្រវឹង​នឹង​និយាយ​ទូរស័ព្ទ​ផង​ ពេល​ដែល​មកដល់​តុ​ប្រពន្ធ​គិតលុយ​ក៏​ចាប់​ផ្តើម​ទាញ​កែវ​ទាញ​ចាន​រួម​នឹង​ប្រអប់​ក្រដាស​បោក​លើ​តុ​ ពេលនោះ​ប្រពន្ធ​ដែល​ជា​ថៅកែ​ស្រី​ស្ទុះ​ងើបឡើង ​ក៏​ត្រូវ​លោក​ថៅកែ​ប្រុស​នោះ​ទះកំផ្លៀង​១​ដៃ​។​ ដោយ​ឃើញ​ដូច្នេះ​កូនចៅ​២​នាក់​ប្រុសៗ​ ដែល​ជា​បុគ្គលិក​នៅ​ហាង​នោះ បាន​ស្ទុះ​រត់​មក​ចាប់​ឃាត់​ ក៏​ត្រូវ​លោក​ថៅកែ​ប្រុស​រូប​នោះ​ស្ទុះ​វ៉ៃ​ និង​រួម​ទាំង​យក​កូនចាន​ចង្កឹះ​គប់​ចំ​ថ្គាម​បុគ្គលិក​ប្រុស​ម្នាក់ ​ក្នុងចំណោម​២​នាក់​នោះ​ បណ្តាល​ឲ្យ​ដួល​សន្លប់​នៅ​ក្បែរ​តុ ទើប​លោក​ថៅកែ​ប្រុស​រូប​នោះ ​ដើរ​ទៅ​ទាត់​ធាក់​គ្នា​កំពុង​សន្លប់​នោះ​ថែមទៀត​។​

​ក្រោយ​មក​ទៀត​នោះ ​គឺ​ថៅកែ​ស្រី​ដែល​ជា​ប្រពន្ធ​នោះ​ខំ​កៀស​ប្តី​ចេញ​ ដើម្បី​កុំ​ឲ្យ​ស្ទុះ​ទាត់​ធាក់​បុគ្គលិក​ដែល​កំពុង​សន្លប់​នោះ​ថែមទៀត​ ក៏​ត្រូវ​​ប្តី​រូប​នោះ​ទះ​មួយ​កំផ្លៀង​ថែមទៀត​ ទើប​ប្រពន្ធ​បាន​ពោល​ពាក្យ​ថា​កុំ​មក​រញ៉េរញ៉ៃ​កន្លែង​នេះ ​គ្មាន​សិទ្ធិ​ទេ​។​ តែ​លោក​ប្តី​ក៏បាន​ជេរ​ប្រពន្ធ​ថែមទៀត​ ពេល​នោះ​ប្តី​ហាក់​ដូច​ជា​រំសាយ​កំហឹង​បន្តិច​ហើយ​ ក៏បាន​ស្រែក​គំរាម​ទៅ​បុគ្គលិក​រងគ្រោះ​ទាំងនោះ​ថា ​ពួក​ហ្អែង​មិន​ត្រូវ​ចេះដឹង​រឿង​ប្តី​ប្រពន្ធ​អញ​ឈ្លោះ​គ្នា​នោះ​ទេ​ ។

​បច្ចុប្បន្នជនដៃដល់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញ ឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋានខណ្ឌ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕ដោយ៖អឿន ភារ៉ា និង និន សុភ័ស្ភ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print