ភ្នំពេញ ៖បុរសម្នាក់បើករថយន្តក្នុងស្ថានភាពស្រវឹងខ្លាំងពេកបើកទៅមុខមិនរួចបានឈប់រ ថយន្តដេកនៅកណ្ដាលផ្លូវធ្វើមិនដឹងបង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរតាមផ្លូវទាំងកណ្តាលយប់ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០០និង២០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី22 ខែមករាឆ្នាំ2016 នៅត្រង់ចំណុចមុខមន្ទីរពេទ្យព្រះកុសមៈ តាមបណ្ដោយផ្លូវលេខ២៧១សង្កាត់ទឹកល្អក់2 ខណ្ឌទួលគោក ។
សាក្សីឃើញបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកឡង់គ្រីស័រ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2I 5911 បើកបរដោយបុរសមិនស្គាល់ឈ្មោះម្នាក់មានវ័យជាង៤០ឆ្នាំ។ រថយន្តនេះធ្វើដំណើរតាមផ្លូវ២៧១ក្នុងទិសដៅពីជើងទៅត្បូងដោយអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹងជោកជាំ ហើយពេលមកដល់ កន្លែងកើតហេតុ បើករថយន្តទៅមុខលែងរួចក៏សម្រេចឈប់រថយន្តនៅកណ្ដាលផ្លូវដេកលង់លក់នៅក្នុងរថយន្តមិនខ្ចីខ្វល់នឹងអ្នកណាបើករថយន្តបុកនោះឡើយ។ ពេលនោះ អ្ន កជិតខាងឃើញបែបនេះភ័យខ្លាចថាមានជនឆ្លៀតឱកាសមកឆ្កឹះទ្វាររថយន្តលួចយករបស់របរមានតម្លៃ ឬក៏ខ្លាចរថយន្តផ្សេងទៀតអត់បានចាប់អារម្មណ៍បើកទៅបុក ទើបនាំគ្នាទូរស័ព្ទហៅសមត្ថកិច្ចមកដាស់ម្ចាស់ រថយន្តឲ្យភ្ញាក់ឡើងហើយបានសុំទោសសមត្ថកិច្ចរួចបើករថយន្តតិចៗចេញទៅបាត់ ៕ ប្រាថ្នា