ភ្នំពេញ៖ ទីតាំងផលិត និងចែកចាយស្រាចិនសែយីហោ”តាំងគួយ” ដែលបង្កឲ្យពុលមនុស្សស្លាប់ និងរបួសជាច្រើននាក់នៅស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីប៉ុន្មានថ្ងៃមុននេះ ត្រូវបានសមត្ថកិច្ចចម្រុះចុះឡោមព័ទ្ធ កាលពីវេលា ៩ព្រឹក ថ្ងៃទី១១ខែ មិថុនាឆ្នាំ ២០២០ នៅចំណុច ផ្ទះមួយកន្លែង ស្ថិតនៅភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា តែដោយសារតែម្ចាស់ហាងរត់គេចខ្លួនទើបកម្លាំងសមត្ថកិច្ចមិនទាន់បានចូលឆែកឆេរ តែកម្លាំងចម្រុះនិងលើកថ្ងៃឆែកឆេរនៅថ្ងៃទី១២ស្អែកនេះ ។
ប្រតិបត្តិការនេះ ដឹកនាំដោយលោក ង៉ែត ចេក អគ្គនាយករងនៃ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម និងមានការចូលរួមសហការពីនគរបាលនិងអាជ្ញាធរមូលដ្ឋានផងដែរ ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា ម្ចាស់សិប្បកម្មខាងលើនេះឈ្មោះ ខ្វៅ សុវណ្ណ ភេទប្រុស អាយុប្រមាណ៧០ឆ្នាំ និងប្រពន្ធឈ្មោះងន ចាគា អាយុ៦០ឆ្នាំ បានចាក់សោបិទផ្ទះបំផ្លាញវត្តុតាងគេចបាត់រយៈពេល២ថ្ងៃមកហើយ ។ បន្ទាប់ពីធ្វើការឡោមព័ទ្ធរហូតដល់៤និង៥០នាទីរសៀល សមត្ថកិច្ចមិនបានឆែកឆេរនោះទេ ដោយពន្យាគឺគ្រាន់តែដកហូតសំបកដបនិងធុងផលិតចំណុះប្រមាណ១ពាន់លីត ដែលម្ចាស់យកទៅប្លុងចោលតែប៉ុណ្ណោះ។
តាមការស្រាវជ្រាវមុនដំបូងម្ចាស់បានទិញអាកុលនៅក្រុមហ៊ុនSKD ដែលជាអាកុលមានស្តង់ដាយកមកផ្សំ ។ប៉ុន្តែដោយសារតែអាល់កុលឡើងថ្លៃក៏ទៅទិញអាល់កុលកន្លែងផ្សេងជាអាល់កុលក្លែងក្លាយធ្វើពីមេតាណុល ដែលជាហេតុបណ្តាលឲ្យពុលតែម្តង។
ប្រភពបន្តថា សមត្ថកិច្ចចម្រុះបានធ្វើការឡោមព័ទ្ធទីតាំងនោះតាំងពីព្រឹក ហើយទំនងជាម្ចាស់ដឹងខ្លួនមុន បានចាក់សោ រត់គេចបាត់ ។ទើបសមត្ថកិច្ច ពន្យាពេលរងចាំមានដីការចុះកាត់សោទ្វារ ដើម្បីបើកប្រតិបត្តិការឆែកឆេរម្តង ។ មុនពេលត្រៀមឆែកឆេរមន្ត្រីជំនាញនិងសមត្ថកិច្ចបានរកឃើញសំដបស្រាថ្នាំខាងលើនិងធុងសម្រាប់ផលិតដែលម្ចាស់យកទៅបោះចោលក្នុងព្រៃនិងកៀនរបងដីឡូតិ៍ទុកចោលខាងជើងផ្លូវជាតិលេខ៦ ដើម្បីបំផ្លាញភស្តុតាង ។
បើតាមមន្ត្រីជំនាញ បានឲ្យដឹងថា ទាក់ទិនការស្លាប់នេះ មន្ត្រីនៃ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំនៃក្រសួងពាណិជ្ជកម្ម បានចុះទៅតាមខេត្តដើម្បីយកស្រាថ្នាំមកធ្វើពិសោធន៍ហើយ តែមិនទាន់ដឹងពីលទ្ធផល ។ ចំពោះការស្លាប់នេះមន្ត្រីជំនាញមានការសង្ស័យថា ម្ចាស់បានយកអាល់កុលក្លែងក្លាយ ធ្វើពីមេតាណុលយកមកផលិតស្រាជាហេតុធ្វើពុលអ្នកផឹក ។ ចំណែកអាស្រ័យដ្ឋាន និងលេខទូរស័ព្ទនៅសំបកដប ទើបសមត្ថកិច្ចឈានរកឃើញទីតាំងផលិតនាំយកទៅបោះដុំចែកចាយតាមបណ្តាលខេត្តហើយចុះមកឆែកឆេរតែម្តង ៕ដោយ៖ អឿន ភារ៉ា