សហរដ្ឋអាមេរិក៖ សប្បុរសជនម្នាក់បរិច្ចាគប្រាក់ចំនួន ១ លានដុល្លារអាមេរិកដល់បុគ្គលិកសុខាភិបាលនៅមន្ទីរពេទ្យ ដូមីនិក(Dominican) ក្នុងរដ្ឋកាលីហ្វ័រញ៉ា ដើម្បីអរគុណពួកគាត់ ចំពោះការខិតខំធ្វើការក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងនឹង Covid-19 ។
នៅក្នុងសារលិខិតផ្ញើទៅកាន់មន្ទីពេទ្យ និងប្រាក់១លានដុល្លារ មនុស្សចិត្តល្អមិនបញ្ចេញឈ្មោះបានសរសេរថា« សូមផ្ញើទៅកាន់វីរបុរស វីរនារី ក្នុងមន្ទីរពេទ្យ Dominican ។ អរគុណ អស់លោកអ្នក ដែលបានក្រោកឈរឡើងប្រឈមនឹងគ្រោះថ្នាក់មើលថែរ ដល់ពលរដ្ឋ ក្នុងសហគមន៍របស់យើងខ្ញុំ។ ភាពក្លាហាន ការយកចិត្តទុកដាក់នោះ បានធ្វើឲ្យអ្នកក្លាយជា វីរបុរស-វីរនារី។ សូមទទួលយកការចូលរួមរបស់យើងខ្ញុំជំនួសការអរគុណដោយស្មោះអស់ពីចិត្តចំពោះអ្វីដែលលោកអ្នកបានខិតខំ។ បេះដូងខ្ញុំតែងតែនៅជាមួយអ្នក។ អ្នកដែលបានមើលថែរនិងព្យាបាលខ្ញុំ រយៈពេលកន្លងមក»។
សប្បុរសជនខាងលើស្នើដល់មន្ទីរពេទ្យឲ្យចែកប្រាក់១លានដុល្លារនោះដល់បុគ្គលិក គ្រូពេទ្យទាំងអស់ក្នុងមន្ទីរពេទ្យ។ អ្នកនាំពាក្យ មន្ទីរពេទ្យខាងលើ នាង Claire Henry បានឲ្យដឹងថា បុគ្គលិកធ្វើការពេញម៉ោង ទទួលបានប្រាក់រង្វាន់ ៨០០ ដុល្លារ និងបុគ្គលិកក្រៅម៉ោង ទទួលបាន៦០០ដុល្លារ។
សប្បុរសជនខាងលើ មិនបានបញ្ចេញឈ្មោះនោះឡើយ។ ចំណែក ប្រធានមន្ទីរពេទ្យលោក Nanette Mickiewicz បានលើកឡើងថា «ខ្ញុំគ្មានពាក្យអ្វីដែលរៀបរាប់ពីការអរគុណរបស់យើងខ្ញុំទាំងអស់គ្នាដល់កាដូពិសេសនេះ ។ យើងមានមោទនភាពពីការងាររបស់យើងកំពុងតែធ្វើ ដោយយកចិត្តទុកដាក់ ដោយមិនមានការត្អូញត្អែ ហត់នឿយនោះឡើយ៕
ដោយ៖ ធី រីណា