លោកឃួង ស្រេង ជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរសុខាភិបាលបិទជាបន្ទាន់ចំពោះពេទ្យធ្មេញ គ្លីនិក និងឱសថស្ថានអត់ច្បាប់ ជៀសវាងបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ

ចែករំលែក៖

     ភ្នំពេញ ៖  លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យមន្ដ្រីជំនាញ រាជធានីភ្នំពេញទទួលបន្ទុកសុខាភិបាល ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងអភិបាលខណ្ឌទាំង១៤ ចុះពិនិត្យ និងបិទអាជីវកម្មជាបន្ទាន់ចំពោះពេទ្យធ្មេញ ជាងធ្មេញ គ្លីនិកអត់ច្បាប់ និងឱសថស្ថានគ្មានច្បាប់នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីកុំឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត ប្រជាពលរដ្ឋ ។

  លោក ឃួង ស្រេង បានជំរុញបែបនេះ កាលពីរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ខណៈដែលលោកអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាស“ផ្សព្វផ្សាយ និងដាក់ឱ្យដំណើរការមន្ទីរសុខាភិបាលស្ថិតក្រោមរចនាសម្ព័ន្ធគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ” នៅសាលារាជធានីភ្នំពេញ។

     លោកឃួង ស្រេង មានប្រសាសន៍ថា “មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បច្ចុប្បន្ននេះ ពិតជាមានការខ្វះចន្លោះនៅត្រង់ចំណុចគ្លីនិកអត់មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល“។

  លោករំលឹកថា “ពេទ្យធ្មេញហ្នឹងក៏មាន ពេទ្យធ្មេញតាមត្រកូល ឬជាងធ្មេញខ្លះ ពីដើម កាលពីឆ្នាំ១៩៨០មក គាត់មើលធ្មេញផ្ទេរពីឪទៅកូន ប៉ុន្តែអ្នកខ្លះគាត់មានគំនិត គាត់រៀនពីឪទៅកូន ជីវភាពធូរធារ គាត់បានបញ្ជូនកូនទៅរៀនពេទ្យធ្មេញ ហើយក្រោយមកទៀត កូនគាត់ក៏ឈរជាពេទ្យធ្មេញ និងប្រកបរបរអាជីវកម្មបើកពេទ្យធ្មេញតទៅ ប៉ុន្តែអ្នកខ្លះទៀត មិនមានវិជ្ជាជីវៈនេះ ដូច្នេះមន្ទីរសុខាភិបាលត្រូវបិទឱ្យអស់ចំណុចនេះ ។ ឥឡូវនេះ កូវីដ-១៩ បើយកពេទ្យធ្មេញ ទៅមើលធ្មេញទៀត រឹតតែមានបញ្ហា ដូច្នេះមន្ទីរសុខាភិបាល ត្រូវលុបបំបាត់ឱ្យខាងតែបាន ។ ក្នុងនោះដែរខណ្ឌទាំង១៤ ត្រូវមើលបញ្ហានេះ មិនមែនតែបញ្ហាពេទ្យធ្មេញនេះមួយនោះទេ គ្លីនិកដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ត្រូវបិទ” ។

  លោក ឃួង ស្រេង បានបញ្ជាក់បន្ថែមថា “អ្នកខ្លះ សុំច្បាប់បើកកន្លែងពិគ្រោះយោបល់ ឬក៏បើកកន្លែងធ្វើតេស្តឈាមស្រាប់តែកន្លែងធ្វើតេស្តឈាមទៅជាកន្លែងព្យាបាលជំងឺក៏មាន មិនត្រូវនឹងបទដ្ឋានបច្ចេកទេស តែចំណុចនេះមន្ទីរសុខាភិបាលដឹងច្បាស់លើបញ្ហានេះ ត្រូវធ្វើកិច្ចការងារនេះឱ្យបានប្រាកដប្រជា ធ្វើយ៉ាងណាទីក្រុងភ្នំពេញ កុំឱ្យមានបទល្មើសនេះកើតឡើង គ្រប់គ្រងទីតាំងគ្លីនិកឯកជន ក៏ដូចជាលុបចោលទីតាំងគ្លីនិកដែលអត់ច្បាប់ ។ ដោយឡែកគ្លីនិកដែលមានច្បាប់ ត្រូវតម្រង់ទិសគាត់ឱ្យបានល្អប្រសើរ ធ្វើកិច្ចការងារនេះឱ្យបានល្អ ហើយតាមដានទាំងអស់គ្នា” ។

ក្នុងនោះផងដែរ លោកអភិបាលរាជធានីភ្នំពេញ បានណែនាំបន្ថែមដល់អភិបាលខណ្ឌទាំង១៤ថា “ត្រូវដឹង គ្លីនិកនៅក្នុងដែនសមត្ថកិច្ចខ្លួនឯងមានប៉ុន្មាន ផ្នែកអ្វីខ្លះ មានច្បាប់ ឬគ្មានច្បាប់ ត្រួតពិនិត្យបញ្ហានេះ ។ មិនបណ្តោយបានទេ បណ្តោយស្រេចតែចិត្តមិនបាន ទេ ។ យើងបានឃើញហើយ គ្លីនិកខ្លះវះទៅស្លាប់ គ្មាននរណាទទួលខុសត្រូវ បិទបើកបិទបើក ដូចអំពិលអំពែក រហូតគេវ៉ៃខ្លាំងទើបបិទឈឹង” ។

      លោក ឃួង ស្រេង បានសម្តែងការកោតសរសើរចំពោះប្រតិបត្តិករដែលមានលោកគ្រូ អ្នកគ្រូពេទ្យ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងយុគសម័យកូវីដ–១៩នេះ ឃើញថា រាជធានីភ្នំពេញមានទំនួលខុសត្រូវ ការព្យាបាលអ្នកជំងឺរហូតដល់យើងទទួលការកោតសរសើរ ពីតំបន់ ក៏ដូចជាបរទេស៕

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print