ប្រភពព័ត៌មានពីសាលាខេត្តកណ្តាលបានរាយការណ៍មកថា លោក ទ្រី ប៊ុនហៀង នាយកចាត់ការវិនិយោគខេត្តកណ្តាល បំពេញការងារមិនត្រឹមត្រូវនោះទេ គឺបានឃុបឃិតជាមួយបក្ខពួក កិបកេងថវិកាជាតិតាមរយៈការដេញថ្លៃគម្រោងសាងសង់សំណង់ផ្សេងៗនៅក្នុងខេត្តកណ្តាល។ ប្រភពដដែលបានបញ្ជាក់ថា សូម្បីថ្នាក់ដឹកនាំខេត្តកណ្តាលក៏មិនហ៊ានរិះគន់ ឬសួរដេញដោលពីភាពមិនប្រក្រតីក្នុងការដេញថ្លៃសាងសង់សំណង់ផ្សេងៗដែលដំណើរការគម្រោងដោយ នាយកចាត់ការវិនិយោគខេត្តកណ្តាល លោក ទ្រី ប៊ុនហៀង ដែរ ព្រោះលោក ទ្រី ប៊ុនហៀង មានខ្នងក្រាស់នៅក្នុងជួរមន្ត្រីរដ្ឋាភិបាល។
ក្រុមហ៊ុនសាងសង់ផ្លូវលំមួយនៅខេត្តកណ្តាលបានបង្ហើបថា ប្រសិនបើមានក្រុមហ៊ុនណាត្រឹមត្រូវចង់ចូលរួមសាងសង់សំណង់ផ្សេងៗដែលដំណើរការដោយស្ថាប័នជំនាញក្រោមការគ្រប់គ្រងរបស់សាលាខេត្តកណ្តាលគឺមិនងាយស្រួលនោះទេ ព្រោះលោក ទ្រី ប៊ុនហៀង បានបង្កការលំបាកតាមច្រើនរូបភាពទប់ស្កាត់មិនឲ្យក្រុមហ៊ុនត្រឹមត្រូវចូលរួមដេញថ្លៃបានដោយជោគជ័យ និងមានតម្លាភាពនោះទេ។ ប្រភពដដែលបានបញ្ជាក់ថាទ្រី ប៊ុនហៀង នាយកចាត់ការវិនិយោគខេត្តកណ្តាល ត្រូវគេដឹងថាបានឃុបឃិតជាមួយមន្ត្រីជំនាញមួយចំនួន និងក្រុមហ៊ុនខិលខូច ដើម្បីឲ្យគម្រោងសាងសង់ធ្លាក់ទៅលើដៃក្រុមហ៊ុនខិលខូច ហើយពួកគេបានចែកផលចំណេញគ្នាដោយគ្មានខ្វល់ខ្វាយពីផលប្រយោជន៍រួមនោះទេ។
មន្ត្រីបម្រើការងារនៅសាលាខេត្តកណ្តាលមួយរូបបានបង្ហើបថា ថ្មីៗនេះនៅសាលាខេត្តកណ្តាលមានការដាក់ឲ្យដេញថ្លៃសាងសង់ផ្លូវបេតុងចំនួន៧ខ្សែ និងផ្លូវក្រាលក្រួសក្រហមចំនួន២ខ្សែ ហើយដែលមានភាពមិនប្រក្រតីជាច្រើនបានកើតឡើង ខណៈមានក្រុមហ៊ុនមួយចំនួនត្រូវបានគេប្រាប់ថាមិនបាច់ចូលរួមដេញថ្លៃនោះទេ។ ប្រភពដដែលបានបញ្ជាក់ថា គម្រោងសាងសង់ភាគច្រើនត្រូវបានគេរៀបចំផ្ទៃក្នុងរួចរាល់ទៅហើយ ដូច្នេះការដាក់ឲ្យដេញថ្លៃជាសាធារណៈគ្រាន់តែជាឆាកល្ខោនសម្តែងឲ្យប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានបានមើលប៉ុណ្ណោះ ៕