ភ្នំពេញ៖ បើតាមការបង្ហាញនិងប្រាប់ពីមន្ត្រីនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឲ្យដឹងថា ព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦ នគរបាលខណ្ឌដង្កោ ដឹកបញ្ជូន ជនសង្ស័យ២នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់ ករណីលួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយ លួចយកទ្រព្យសម្បត្តិ)។

ជនសង្ស័យទាំង២នាក់ដែលឃាត់ខ្លួនបាន ទី១ឈ្មោះ អ៊ឹម ប៊ុនសុង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិត ប្រាកដ ស្នាក់នៅផ្ទះជួល ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងទី២ឈ្មោះ វ៉ង ឡាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ប្រភពព័ត៌មានពីមន្ត្រីនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោប្រាប់ឲ្យដឹងថា កាលពីវេលាម៉ោង ១រំលងអាធ្រាត្រឈានចូល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥ នៅចំណុចផ្ទះលេខ ២១-២២ អឺ និងផ្ទះលេខ២៣ ក្នុងបុរី ឡាយ គង់ ផ្លូវបេតុង ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ជាផ្ទះជនរងគ្រោះឈ្មោះ ងួន មករា ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរមេធាវី ត្រូវជនសង្ស័យទាំង២នាក់ ធ្វើសកម្មភាពគាស់បង្អួច កាត់ចម្រឹងដែកផ្ទះ លួចយកកាបូបលុយចំនួន ១ កុំព្យូទ័រដិសថបចំនួន ១គ្រឿង កុំព្យូទ័រលេបថបចំនួន ១គ្រឿង និងលុយកាក់ចំនួនទៀត ហើយក្រោយពីធ្វើសកម្មភាពបានសម្រេច ក្រុមជនសង្ស័យ បានរត់គេចខ្លួនបាត់ស្រមោល។
ប្រភពដដែលបានប្រាប់បន្តឲ្យដឹងថា បន្ទាប់ពីកើតហេតុភ្លាមៗជនរងគ្រោះមិនបានមកពាក្យបណ្តឹងនោះទេ លុះដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ ទើបជនរងគ្រោះបានមកដាក់ពាក្យ បណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីឲ្យសមត្ថកិច្ចជួយតាមស្រាវជ្រាវរកជនសង្ស័យ យកមកផ្តន្ទាទោសតាមច្បាប់ ហើយក្រោយពីទទួលបានពាក្យបណ្តឹងភ្លាមៗពីជនរងគ្រោះ សមត្ថកិច្ចបានបើកការស្រាវជ្រាវ ដោយសហការជាមួយនគរបាលខណ្ឌមានជ័យ រហូតឈាន ដល់ការឃាត់ខ្លួនសង្ស័យទាំង២នាក់ នៅចំណុចផ្ទះជួលភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ នាវេលាម៉ោង ១១ និង៣០នាទី ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ ដកហូតសម្ភារៈមួយចំនួន នាំមកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿង បញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

ដោយ៖ ភារ៉ា ដង្កោ
...