ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យគ្រឿងញៀនម្នាក់ត្រូវបាននគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀនក៩នៃក្រសួងមហាផ្ទៃ សហការនិងកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យបានធ្វើការបង្ក្រាបចាប់ឃាត់ខ្លួនពាក់ព័ន្ធនិងជួញដូរថ្នាំញៀនខុសច្បាប់ធ្វើការឆែកឆេររកឃើញដកហូតបានថ្នាំញៀនពីរប្រភេទម៉ាទឹកកកនិងថ្នាំញៀនមេតំហ្វេតាមីនwyគ្រាប់សរុបជិត២គីឡូក្រាម ខណៈដែលជនសង្ស័យធ្វើដំណើរតាមរថយន្តក្រុងមួយគ្រឿងហើយចុះពីលើរថយន្តកាន់ថ្នាំញៀន បម្រុងធ្វើសកម្មភាពដោះដូរថ្នាំញៀននៅចំណុចវេទិការខេត្តស្ថិតក្នុងក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង៩យប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ ។ ការបង្ក្រាបនោះក៏មានការសម្របសម្រួលនីតិវិធីពីលោក ផាន់ វណ្ណរ័ត្ន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចប្រាប់ឱ្យដឹងថាជនសង្ស័យមានឈ្មោះ កែវ ពេជ្រ ភេទប្រុស អាយុ២៨ឆ្នាំ បច្ចុប្បន្នរស់នៅក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។ វត្ថុតាងថ្នាំញៀនដែលដកហូតបានម៉ាទឹកកកចំនួនមួយថង់ធំស្មើនឹងទម្ងន់៩៨៨,១ក្រាម ថ្នាំញៀនមេតំហ្វេតាមីនwyគ្រាប់ចំនួន៩.៨៩០គ្រាប់ស្មើនិងទម្ងន់៩៥៧,១ក្រាម។
បើតាមប្រភពព័ត៌មានដដែលប្រាប់ឱ្យដឹងថា កម្លាំងសមត្ថកិច្ចបង្ក្រាបជនសង្ស័យគ្រឿងញៀនបានសម្រេចនៅពេលនេះដោយអនុវត្តតាមវិធានការជំនាញរបស់សមត្ថកិច្ចតាមដានស្រាវជ្រាវស៊ើបអង្កេតជាង១ខែមកហើយ ទើបឈាដល់ការចាប់ខ្លួនជនសង្ស័យដែលធ្វើដំណើរតាមរថយន្តក្រុងមកដោះដូរថ្នាំញៀននៅខេត្តបន្ទាយមានជ័យ។ ជនសង្ស័យនៅថ្ងៃទី ២២ ខែមករា ឆ្នាំ២០១៦ ស្ថិតក្នុងការឃុំខ្លួនបណ្តោះអាសន្ន និងសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីស្រាវជ្រាវស្វែងរកបង្ក្រាបចាប់ឃាត់ខ្លួនបក្ខពួកពាក់ព័ន្ធ មួយចំនួនទៀត។
សូមបញ្ជាក់ថា បញ្ហាបទល្មើសគ្រឿងញៀននេះដែរ នៅក្នុងខេត្តបន្ទាយមានជ័យក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំ បញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត បានដាក់ចេញនូវវិធានការបង្ការទប់ស្កាត់ និងបង្ក្រាបបានជនសង្ស័យប្រព្រឹត្តបទល្មើសគ្រឿងញៀ និងថ្នាំញៀនមួយចំនួនធំ។ វិធានការនេះត្រូវគេមើលឃើញថានគរបាលខេត្តបន្ទាយមាជ័យ និងបន្តអនុវត្តបន្ថែមទៀតដើម្បីរក្សាសុវត្ថិភាពសន្តិសុខជូនប្រជាពលរដ្ឋរស់នៅគ្មានការភ័យខ្លាច៕
ដោយ៖ សំ វិច្ឆិកា