ខេត្តត្បូងឃ្មំុៈ ដោយសារតែជំងឺប្រចាំកាយទើបបណ្តាលឱ្យបុរសម្នាក់ដាច់ចិត្តចងកសម្លាប់ខ្លួនឯងដើម្បីបញ្ចប់ជីវិត។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២:00នាទី រំលងអាធ្រាតថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ នៅក្នុងភូមិថ្នល់ថ្មី សង្កាត់វិហារលួង ក្រុងសួង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
លោកវរសេនីយ៍ទោ ឈន សុធន អធិការនគរបាលក្រុងសួងបានបញ្ជាក់ឱ្យដឹងថាជនរងគ្រោះមានឈ្មោះ មួច អូន ភេទប្រុស អាយុ៣៣ ឆ្នាំ មានប្រពន្ធ ឈ្មោះភឿន រ៉ា អាយុ២៧ ឆ្នាំមានកូនចំនួន2នាក់ និងមានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
លោកបានបញ្ជាក់បន្តថាជនរងគ្រោះមានជំងឺ រ៉ាំរ៉ៃប្រចាំកាយ បានទៅព្យាបាលនៅមន្ទីរពេទ្យជាច្រើនកន្លែង និងបានបញ្ចូលឈាមអស់ចំនួន28ប្លោកហើយនៅតែមិនបានជាសះស្បើយទៀតទើបសម្រេចចិត្ត ចងក សម្លាប់ខ្លួន ដោយបានយកខ្សែអង្រឹងចងក សម្លាប់ខ្លួនឯងនឹងដើមទៀបនៅចំណុចក្រោយ ផ្ទះម្តាយ ខ្លួនឈ្មោះ យី ហេង អាយុ៦៧ ឆ្នាំនៅភូមិឃុំកើតហេតុ។
លោកបានបន្តថា ករណីនេះក្រោយពីកើតហេតុត្រូវបានកម្លាំងសមត្ថកិច្ចជំនាញអធិការដ្ឋានក្រុងសួងចុះស្រាវជ្រាវស៊ើបអង្កេតនិងពិនិត្យសាកសព ឃើញថាជនរងគ្រោះពិតជាបានធ្វើអត្តឃាតដោយចងក សម្លាប់ខ្លួនឯងពិតប្រាកដមែន ហើយសមត្ថកិច្ចជំនាញក៏បានប្រគល់សាកសពជនរងគ្រោះឱ្យទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីផងដែរ៕វណ្ណះ