ភ្នំពេញៈ សម្តេចមានប្រសាសន៍យ៉ាងដូច្នេះថាៈ មួយរយះកន្លងមក ខ្ញុំបាននិយាយច្រើនពីកូន និងចៅខ្ញុំ។ ថ្ងៃនេះខ្ញុំចង់និយាយពីមាតា បិតាដែលមនុស្សគ្រប់រូបតែងមានដូចៗគ្នា។ ពេលខ្ញុំក្លាយជាឪពុក និងជាជីតារបស់កូនៗនិងចៅៗ ខ្ញុំកាន់តែយល់នូវទឹកចិត្តឪពុកម្តាយខ្ញុំ ជីដូន ជីតាខ្ញុំនៅពេលដែលពួកគាត់នៅរស់។ ដោយសារខ្ញុំជាបង្គោលក្នុងគ្រួសារឪពុក ម្តាយខ្ញុំបានស្ថិតនៅក្នុងផ្ទះជាមួយខ្ញុំរហូតជីវិតចុងក្រោយរបស់គាត់។ ម្តាយក្មេកខ្ញុំនៅផ្ទះជាប់គ្នាដែលផ្តល់ឱកាសឱ្យកូនៗនិងចៅៗបានមើលថែពួកគាត់យ៉ាងដិតដល់បំផុត។
ពេលឪពុកខ្ញុំនៅរស់ គាត់មានកូនប្រុស ស្រី៦នាក់ ចៅជាង៣០នាក់ ចៅទួតជាង៦០នាក់។ គាត់ស្គាល់ឈ្មោះចៅ និងចៅទួតទាំងអស់ដែលបង្ហាញឱ្យឃើញថាគាត់នៅជាមួយយើងតាំងពីពេលយើងចាប់ផ្ទៃរហូតដល់ថ្ងៃដែលគាត់លាចាកលោកនេះទៅ។
ករណីយនេះដូចគ្នាជាមួយគ្រួសារខ្មែរយើងភាគច្រើនដាច់ខាត។ ពេលនេះខ្ញុំកាន់តែយល់ថាហេតុអ្វីបានជាឪពុកខ្ញុំតែងតែសួររកខ្ញុំ និងរង់ចាំមើលផ្លូវខ្ញុំពេលខ្ញុំទៅបំពេញភារកិច្ចឆ្ងាយ។ ទោះខ្ញុំមានឋានះនាទីខ្ពង់ខ្ពស់ មានកូនមានចៅក៏ដោយ តែក្នុងចិត្តគាត់ខ្ញុំនៅតែជាក្មេងម្នាក់ដែលគាត់ត្រូវមើលថែជាប្រចាំ។
ពេលនេះដល់វេនខ្ញុំម្តង ពេលបាត់ដំណឹងកូនណាមួយ ពិសេសនៅពេលអត់មានកូន និងថែមទាំងអត់មានចៅនៅជិត ខ្ញុំមានអារម្មណ៍ហាក់ឯកោខ្លាំង។ ពេលចៅៗមកជួបជុំម្តងៗចំនួនលើសពី៣នាក់ឡើងទៅ ទោះបីវិលមុខបន្តិចដោយសាចៅៗប្រឡែងគ្នាតែមានអារម្មណ៍សប្បាយរីករាយខ្លាំងណាស់ ហើយកាន់តែរីករាយថែមទៀត នៅពេលចៅណាមួយយកលទ្ធផលរៀនសូត្រមកឱ្យជីតាមើល។
សូមក្មួយៗនិងចៅៗទាំងឡាយ មេត្តាយកចិត្តទុកដាក់ដល់ព្រះរស់នៅក្នុងផ្ទះ។ ទោះមានឬក្រតែចិត្តមនុស្សដូចគ្នាទេ។ សុំកុំទុកមនុស្សចាស់ឱ្យនៅឯកោ ត្រូវធ្វើបុណ្យថែទាំគាត់ទាន់គាត់នៅរស់ប្រសើរជាងចាំគាត់ចែកឋានទើបនាំគ្នាស្តាយក្រោយ។ ត្រូវថែទាំគាត់ និងជូនគាត់ពិសារទាន់គាត់នៅរស់ប្រសើរជាងសែនព្រេនឱ្យគាត់នៅពេលគាត់មរណះកាលទៅហើយ។ បើមិនបានផ្តល់អ្វីឱ្យអ្នកមានគុណទេ សូមកុំធ្វើឱ្យឪពុកម្តាយ ជីដូនជីតា ស្រក់ទឹកភ្នែកដោយសារទង្វើខុសរបស់យើង ដូចជាលេងល្បែងស៊ីសង គ្រឿងញៀន លួចប្លន់ បងតូច បងធំ។ល។ អ្នកមានគុណចង់ឱ្យយើងម្នាក់ៗក្លាយជាមនុស្សល្អ៕