ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ពលរដ្ឋនៅរាជធានីភ្នំពេញ ឲ្យមានការយោគយល់ពីការប្រមូលសំរាម ខណៈពេលនេះសាលាក្រុង បានដាក់ឲ្យក្រុមចំនួន៣ ដើម្បីធ្វើការវិនិយោគលើការប្រមូលសំរាម ក្នុងរាជធានីភ្នំពេញ ជំនួសក្រុមហ៊ុនស៊ិនទ្រីត្រូវបានបញ្ចប់ ។ ការលើកឡើងបែបនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានចូលរួមសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ។
លោកអភិបាលរាជធានីភ្នំពេញ បានបន្តទៀតថា៖ ក្នុងរយៈពេលនេះ សូមបងប្អូនដែលមានសំរាមសូមចូលរួមជាមួយរដ្ឋបាលសាលារាជធានីភ្នំពេញ ក្នុងការបង់ថ្លៃប្រមូលសំរាម និងយកសំរាមចោលកន្លែងកំណត់តាមពេលកំណត់ផងដែរ ដើម្បីងាយស្រួលដល់ភ្នាក់ងារទៅប្រមូលបានទាន់ពេលវេលា ។ លោក បញ្ជាក់ថា៖ សាលាក្រុងកំពុងជ្រើសរើសក្រុមហ៊ុន ចំនួន៣ក្រុមហ៊ុនមានបទពិសោធន៍កម្រិតអន្តរជាតិក្នុងការប្រមូលសំរាម ក្នុងប្រតិបត្តិការក្នុងរាជធានីភ្នំពេញ ។ សំរាមក្នុងរាជធានីភ្នំពេញមានត្រឹមប្រមាណដល់ទៅ៣០០០តោនក្នុង មួយថ្ងៃ ដូច្នេះទាមទារឲ្យមានក្រុមហ៊ុន ចំនួន៣ទើបអាចប្រមូលសំរាមទាន់ពេលវេលា។
លោក ឃួង ស្រេង បានបញ្ជាក់ថាបើតាមអ្នកជំនាញ បានបង្ហាញថា ក្រុមហ៊ុនតែមួយអាចប្រមូលសំរាមបានទាន់ពេលទេព្រោះពលរដ្ឋក្នុងរាជធានី កើនឡើងដល់ជាង៣លាននាក់។ហើយលោក សង្ឃឹមថាក្រុមហ៊ុន ទាំងបីនោះនឹងប្រមូលសំរាមដោយសុក្រិតនិងទាន់ពេល បើមិនដូច្នេះទេបញ្ហាសំរាមនៅតែប្រឈម ។
លោក ឃួង ស្រេង បានសង្កត់ធ្ងន់ថាការគ្រប់គ្រងសំណល់រឹង.សំរាមនៅតែជាការងារអាទិភាពធំមួយរបស់រដ្ឋបាលរាជធានីភ្នំពេញក្នុងនោះមានការអនុញ្ញាតពីក្រសួង មហាផ្ទៃនិងការគាំទ្រពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមក៍បានបង្កើតរដ្ឋករស្វយ័តគ្រប់គ្រងសំរាមនិងសំណល់ រឹងបានរៀបចំរចនាសម្ព័ន្ធរូចរាល់ហើយ ប៉ុន្តែស្ថិតក្នុងដំណាក់កាលអន្តរកាល សាលាក្រុងបានជួបប្រទះបញ្ហាប្រឈមខ្លះៗ។ខណៈពលរដ្ឋបានកើនដល់ប្រមាណ៣លាននាក់កំពុងរស់នៅក្នុងស្នាក់នៅរាជធានីភ្នំពេញក្នុងខណ្ឌចំនួន១៤និងសង្កាត់១០៥។
លោក ឃួង ស្រេង បានសម្ដែងនូវក្តីសង្ឃឹមថាការផ្លាស់ប្តីរបៀបរបបការងារពីអ្នកគ្រប់គ្រងសេវាមកជាប្រតិបត្តិករផ្តល់សេវាដោយផ្ទាល់ដូច្នេះការប្រមូលសំណល់រឹង.សំរាម នៅរាជធានីភ្នំពេញនឹងមានស្ថានភាពប្រសើរក្នុងពេលដ៍ខ្លីខាងមុខនេះ។
ដោយឡែកលោក ផៃ ស៊ីផាន,ប្រធានអង្គភាពអ្នកនាំពាក្យ រដ្ឋាភិបាល បានបញ្ជាក់ថា សន្និសីទនេះមានគោលបំណងបង្ហាញឲ្យសា ធារណជនយល់កាន់តែច្បាស់ពីសកម្ម ភាព សមិទ្ធផលនិងទិសដៅបន្តរបស់រដ្ឋបាលសាលារាជធានីភ្នំពេញ ក្នុងគោលដៅជំរុញដល់គោលនយោបាយអភិបាលកិច្ចល្អឲ្យកាន់តែមានប្រសិទ្ធិភាព៕ដោយ៖ សំរិត