ខេត្តកណ្ដាល៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយកម្លាំង ផ្នែកប្រឆាំងគ្រឿងញៀនស្រុកពញាឮ និងស្រុកអង្គស្នួល សហការជាមួយកម្លាំងនគរបាលខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូររក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់ រយៈពេល២ថ្ងៃគឺថ្ងៃទី១៣–១៤ ខែមិថុនា ឆ្នាំ២០២០ ជាក់ស្តែងឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ រួមនឹងថ្នាំញៀនប្រភេទមេតំហ្វេតាមីន (Ice) ចំនួន៣៨កញ្ចប់ ស្មើទម្ងន់១,០៤៤.៥ក្រាម (ជាង១គីឡូក្រាម)។
តាមប្រភពព័ត៍មានពីមន្រ្តីជំនាញខេត្តកណ្ដាល បានឲ្យដឹងថា យោងតាមការស្រាវជ្រាវស៊ើបអង្កេតតាមជំនាញ នៅថ្ងៃទី១៣ ខែមិថុនាឆ្នាំ២០២០ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ក្រោមការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត និងក្រោមការសម្របសម្រួលពីតំណាងអយ្យការ ឮសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកពញាឮ បានបើកកិច្ចប្រតិបត្តិការ ចាប់បង្ក្រាបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យឈ្មោះ កង ប៊ុនមករា ហៅជ្រូក និងឈ្មោះ ជួន រ៉ាដូ ហៅតុលឆែកឆេរចាប់យកបានថ្នាំញៀនចំនួន៣០កញ្ចប់, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ០១គ្រឿង រួមនឹងសម្ភារពាក់ព័ន្ធមួយចំនួន។
មន្រ្តីជំនាញបន្តថា តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ កង ប៊ុនមករា កម្លាំងសមត្ថកិច្ច បានបន្តនិតិវីធីពន្លាតដែនដីនាំជនសង្ស័យទៅចង្អុលបង្ហាញទីតាំងចំណុចផ្ទះជួល ជនសង្ស័យម្នាក់ទៀត ឈ្មោះ មៀច វិចិត្រ ក្នុងភូមិទន្លេកន្ទិល ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺដោយសហការល្អជាមួយកម្លាំងនគរបាលខេត្តកំពង់ស្ពឺ ដោយបានចាប់ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ រួចឆែកឆេរចាប់យកថ្នាំញៀនចំនួន១៦កញ្ចប់ រួមនឹងសម្ភារពាក់ព័ន្ធមួយចំនួន។
ផ្អែកតាមចម្លើយសារភាពរបស់ឈ្មោះ មៀច វិចិត្រ កម្លាំងសមត្ថកិច្ច បានបន្តនិតិវីធីពន្លាតដែនដីនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ ដោយបាននាំជនសង្ស័យទៅចង្អុលបង្ហាញទីតាំងរោងគោ របស់មុខសញ្ញាជួញដូរគ្រឿងញៀនឈ្មោះ យ៉ាត កុយឡេត នៅចំណុចភូមិដកពរ ឃុំវល្លិសរស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ដោយមានការសហការល្អជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ សមត្ថកិច្ចបង្ក្រាបចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ទៀត ចាប់យកថ្នាំញៀនចំនួន ០២កញ្ចប់ និងសម្ភារវត្ថុតាងមួយចំនួនទៀត រីឯមុខសញ្ញាមេក្រុមជួញដូរគ្រឿងញៀនឈ្មោះ យ៉ាត កុយឡេត បានរត់គេចខ្លួន។បន្ទាប់ពីចាប់បានមួយគោលដៅហើយ សមត្ថកិច្ចបានឈានទៅថល់គោលដៅគោលដៅទី២ នៅចំណុចផ្ទះជនសង្ស័យឈ្មោះ មៀច វិចិត្រ ស្ថិតក្នុងភូមិទន្លេកន្ទឹល ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយឃាត់ខ្លួនជនសង្ស័យ បានចំនួន៤នាក់។
បច្ចុប្បន្នជនសង្ស័យទាំង១០នាក់ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីសាកសួរ នឹងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់តាមនីតិវិធីច្បាប់៕ដោយ៖ស តារា