ភ្នំពេញ៖ នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ កន្លងទៅ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យតុវជននិងកីឡា បានរៀបចំពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ដល់អត្តពលិក១៧នាក់ គ្រូបង្វឹកនិងគ្រូជំនួន៧នាក់ ២ប្រភេទកីឡាផ្សេងគ្នា សរុបថវិកាប្រមាណ ៣៤៧.៤០០.០០០រៀល នៅទីស្តីការក្រសួងអប់រំយុវជននិងកីឡា។
លោកហ៊ុន សាមុត ប្រធាននាយកដ្ឋានអប់រំកាយនិងកីឡា មានប្រសាសន៍ថា ប្រាក់ឧបត្ថមរបស់រាជរដ្ឋាភិបាលកម្ពុជាផ្តល់ជួនកីឡាករ កីឡាការិនី គ្រូបង្វឹកគ្រូជំនួយខាងលើក ធ្វើឡើងស្របតាម អនុក្រឹត្យនិងប្រកាសអន្តរក្រសួង ស្តីពីការប្រមូលផ្តុំហ្វឹកហាត់និងការត្រៀមប្រកួតលក្ខណៈអន្តរជាតិផ្ឡូវការប្រចាឆ្នាំ ក្នុងនោះអត្តពលិកកីឡាប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ប្រាក់គ្រឿងនិងសំរឹទ្ធិ៥គ្រឿងពីព្រឹត្តិការណ៍ប្រកួតជើងឯកអាស៊ីលើកទី១៩នៅទីក្រុងភ្នំពេញ រីឯកីឡាកាយសម្ព័ន្ធទទួលបានមេដាយសំរឹទ្ធិ១គ្រឿង លើវិញ្ញាសាអាអេរ៉ូប៊ិចជើងឯកអាស៊ីលើកទី៥នៅប្រទេសវៀតណាម។
លោកហង់ ជួនណារ៉ុន បានថ្លែងកោតសរសើរដល់កីឡាករកីឡាការិនី គ្រូបង្វឹកនិងគ្រូជំនួយទាំងអស់ដែលខិតខំប្រឹងប្រែងរហូតឈានដល់ដណ្តើមយក មេដាយ មាស ប្រាក់និងសំរឹទ្ធិជួនជាតិមាតុភូមិ ពីព្រឹត្តិការណ៍ប្រកួតកីឡាប៉េតង់ជើងឯកអាស៊ីលើកទី១៩និងកីឡាកាយសម្ព័ន្ធជើងឯកអាស៊ីលើកទី៥ កាលពីចុងឆ្នាំ២០១៥កន្លងទៅ។
ទន្ទឹមនិងការកោតសរសើរខាងលើ លោករដ្ឋមន្ត្រីបានជំរុញឲ្យ អត្តពលិកកីឡាប៉េតង់កម្ពុជា ពិសេសគ្រូបង្វឹករួមជាមួយថ្នាក់ដឹងនាំ សហព័ន្ធ ត្រូវរៀបចំផែនការ និងយុទ្ធសាស្ត្រឡើងវិញ ដើម្បីត្រៀមចូលរួមប្រកួតប្រជែងនៅលើឆាកអន្តរជាតិបន្តទៀត។ ពីព្រោះកីឡាប៉េតង់គឺជាប្រភេទកីឡាដែលមានសក្តានុពល របស់កម្ពុជា តែងតែដណ្តើមយកមេដាយ ជួនជាតិ ដូចជាជើងឯកថ្នាក់ជាតិ ថ្នាក់តំបន់ ថ្នាក់អាស៊ី និងថ្នាក់ពិភពលោកជាដើម។
គួររំលឹកថា ការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកអាស៊ីលើកទី១៩នៅក្រុងភ្នំពេញមានអត្តពលិកចូលរួមប្រមាណ១២ប្រទេស ក្នុងនោះ ក្រសួងអប់រំយុវជននិងកីឡា បានចំណាយថវិកាអស់ប្រមាណ ២៦៩.៨៤៦.៦៤០រៀល៕
ដោយ៖ សារីម