ភ្នំពេញ៖ តារាសម្តែង ចន ច័ន្ទតារា ដែលគេស្គាល់ថាជាប្អូនប្រុសបង្កើតរបស់អ្នកនាងចន ច័ន្ទលក្ខិណា នោះ បានបង្ហាញពីគម្រោងក្នុងប្រឡូកក្នុងអាជីពជំនួញថ្មីដែលកំពុងពេញនិយមគឺការបើកដំណើរការហាងកាហ្វេ។ ជំនួញនេះត្រូវបានគេដឹងថាចាយទុនប្រមាណជាង១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
ស្ងប់ស្ងាត់ការងារសិល្បៈមួយរយៈពេលខ្លី តារាសម្តែង ចន ច័ន្ទតារា បានធ្វើឲ្យអ្នកក្នុងចង្កោមសិល្បៈភ្ញាក់ផ្អើលនឹងការប្រកាសត្រៀមខ្លួនក្លាយជាអ្នកជំនួញដោយគម្រោងនៃការបើកដំណើរការហាងកាហ្វេយីហោ TICK COFFEE នាតំបន់បុរីប៉េងហួត បឹងស្នោ។ តាមការបញ្ជាក់ខ្លីពីតារាសម្តែងរូបនេះបញ្ជាក់ថាអាជីវកម្មថ្មីរបស់លោកនឹងបើកដំណើរការក្នុងពេលដ៏ខ្លីខាងមុខនេះ ខណៈដែលបច្ចុប្បន្នស្ថិតក្នុងតំណាក់កាលរៀបចំតុបតែងកែលម្អ។ លោកបញ្ជាក់ថាហាងថ្មីនេះគឺលោកហ៊ុនរួមជាមួយនឹងម្តាយ និងបងស្រីលោកគឺអ្នកនាងចន ច័ន្ទលក្ខិណា ដោយគ្រោងចាយទុនប្រមានជាង១០ម៉ឺនដុល្លារអាមេរិក។ លោកថា នេះក៏ជាមុខរបរថ្មីដែលក្រុមគ្រួសារជួយជំរុញ លើកទឹកចិត្តហើយក៏ជាការងារដែលលោកស្រលាញ់ផងដែរ។ បើទោះបីជាត្រៀមខ្លួនក្លាយជាអ្នកមើលការខុសត្រូវប៉ុន្តែលោកនៅតែទទួលការងារសិល្បៈជាធម្មតាដដែល។ តារាសម្តែងស្រស់សង្ហា រូបនេះរំពឹងថាអាជីវកម្មថ្មីរបស់លោកនិងក្រុមគ្រួសារនឹងទទួលបានការគាំទ្រច្រើនពីអតិថិជន ៕
ដោយ វឌ្ឍនា