គំនរ​ឈើ​ប្រណីត​រាប់​ពាន់​កំណាត់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ឈ្មួញ​លាក់​ទុក​ក្នុង​ព្រៃ​ក្រុមហ៊ុន​ CV​

ចែករំលែក៖

​ខេត្តក្រចេះ​៖​ គំនរ​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​ ក្រឡឹង​ និង​សុ​ក្រំ​ ស៊ីឡាំង​ សុ​ក្រំ​មូល​ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​លាក់​ទុក​ក្នុង​ព្រៃ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ ក្នុង​នោះ​ត្រូវ​បាន​គេ​សង្ស័យ​ថា​ ជា​ឈើ​របស់​ឈ្មួញ​ធំៗ​ចំនួន​៣​នាក់​ក្នុង​ខេត្តក្រចេះ​ ដែល​ជា​អ្នក​ប្រមូល​ទិញ​ឈើ​ដឹក​ជញ្ជូន​យ៉ាង​អនាធិបតេយ្យ​ និង​ទ្រង់ទ្រាយ​ធំ​ផង​ដែរ​ ។​

​គំនរ​ឈើ​ដែល​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្ថិត​នៅ​ចំណុច​ឃុំ​រលួស​មាន​ជ័យ​ ស្រុក​សំបូរ​ ខេត្តក្រចេះ​ ក្នុង​នោះ​ ឈើ​ប្រណីត​ធ្នង់​ ក្រឡឹង​ត្រូវ​បាន​លើក​តម្រៀប​គរ​លើ​គ្នា​ ឈើ​សុ​ក្រំ​មូល​ និង​សុ​ក្រំ​ស៊ីឡាំង​ ត្រូវ​បាន​គេ​លាក់​ទុក​នៅ​តាម​គុ​ម្ពោ​ធ​ព្រៃរបស់​ក្រុមហ៊ុន​ CV​ ។​ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ កាលពី​ព្រឹក​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០១៦​ នៅ​ក្នុង​ព្រៃ​ និង​តាម​ផ្លូវលំ​ មាន​ឃើញ​ផ្សែង​ខ្មួលខ្មាញ​ ដោយ​សកម្មភាព​របស់​ជនខិលខូច​បាន​នាំ​គ្នា​ដុត​គំនរ​ឈើ​ប្រណីត​នៅ​តាម​ដងផ្លូវ​ចូល​ទៅ​កាន់​ទីតាំង​ខាងលើ​ក្នុង​គោលបំណង​បំបាត់ភស្តុតាង​ ឬ​ក៏​បំភ័ន្ត​សមត្ថកិច្ច​ថា​ ឈើ​នៅ​ក្នុង​ពេល​នេះ​គ្មាន​ការ​លាក់​ទុក​ ដោយ​ពួក​គេ​ដុត​បំផ្លាញ​អស់ហើយ​ ។​

​ប៉ុន្តែ​កម្លាំង​ជំនាញ​ បាន​បន្ត​រុករក​ក្នុង​ព្រៃ​ ក៏​ប្រទះ​ឃើញ​ឈើ​ទាំងនោះ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ ហើយ​លោក​ សាន​ ប៊ុ​ន​ថា​ន​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តក្រចេះ​ ក៏​បាន​ដឹកនាំ​បញ្ជា​កម្លាំង​ឲ្យ​ទៅ​កាន់​ទីនោះ​ដើម្បី​យាមកាម​ មិន​អនុញ្ញាត​ឲ្យ​មាន​ឈ្មួញ​ ឬ​ជនខិលខូច​ណា​បន្លាស់​ឈើ​ចេញពី​ទីតាំង​នោះ​បាន​ឡើយ​ ។​

​លោក​ ទ្រី​ សុ​ភក្ត្រ​ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ​បាន​ប្រាប់​នគរវត្ត​តាម​ទូរស័ព្ទ​ នា​ព្រឹក​ថ្ងៃ​ទី​២៣​ ខែមករា​ ឆ្នាំ​២០១៦​ ថា​ ពិតជា​មាន​គំនរ​ឈើ​នៅ​ទីនោះ​មែន​ ដោយសារ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​សហការ​ល្អ​ជាមួយនឹង​ខាង​កម្លាំង​កងរាជអាវុធហត្ថ​ ក្នុង​នោះ​ លោក​ សាន​ ប៊ុ​ន​ថា​ន​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ ក៏​បាន​ដឹកនាំ​កម្លាំង​ទៅ​កាន់​ទីនោះ​ ហើយគ្នា​របស់​លោក​ ក៏​នឹង​ត្រូវ​រៀបចំ​ឲ្យ​មាន​ក្រុមការងារ​ដើម្បី​វាស់វែង​ ។​

​លោក​ទ្រី​ សុ​ភក្ត្រ​បន្ត​ថា​ ខ្ញុំ​មិន​ទាន់​ប៉ាន់​ប្រមាណ​បាន​ទេ​ថា​ ឈើ​ទាំងនោះ​មាន​ចំនួន​ប៉ុន្មាន​ ជា​របស់​អ្នក​ណា​ និង​ស្ថិត​នៅ​ក្នុង​ក្រុមហ៊ុន​ណា​ ចាំ​មើល​ ការ​មើល​ផែនទី​ ឬ​ចុច​ GPS​ សិន​ ។​

​គួរ​រំលឹក​ថា​ ឈើ​ប្រណីត​ទាំងនេះ​ ត្រូវ​បាន​គេ​ទម្លាយ​ឲ្យ​ដឹង​ថា​ ជា​ឈើ​របស់​មេ​ឈ្មួញ​ឈ្មោះ​ ឃី​ ផេង​ ជា​មន្ត្រី​យោធា​ ក្នុង​តំបន់​ប្រតិបត្តិការ​សឹក​រង​ក្រចេះ​ ឈ្មោះ​ ហាក់​ វុ​ត្ថា​ ហៅ​ ថា​ក​ខ្លី​ ជា​មេបញ្ជាការ​រង​យោធា​វរ​ការពារ​ព្រំដែន​លេខ​២០៤​ នៅ​ស្រុក​ស្នួល​ និង​ម្នាក់​ទៀត​ ឈ្មោះ​ ហៀ​ប​ រស់នៅ​ស្រុក​ស្នួល​ ខេត្តក្រចេះ​ ។​ ឈ្មួញ​ទាំង​៣​រូប​នេះ​ ជា​មុខសញ្ញា​បទល្មើស​ព្រៃឈើ​ដ៏​ចេញ​មុខ​ និង​យូរ​ឆ្នាំ​មក​ហើយ​ ទាំង​សកម្មភាព​ប្រមូល​ទិញ​ឈើ​ក្នុង​ព្រៃ​ ការ​ដឹក​ជញ្ជូន​ ហើយ​មួយ​រយៈ​នេះ​ ឈ្មោះ​ ហាក់​ វុ​ត្ថា​ ហៅ​ ថា​ក​ខ្លី​ ខ្លួន​ជា​សមត្ថកិច្ច​ដែល​មាន​តួនាទី​ភារកិច្ច​ ជា​អ្នកចូលរួម​ទប់ស្កាត់​បង្ក្រាប​បទល្មើស​ បែរជា​ឈ្មួញ​ក្នុង​ការ​ទិញ​ឈើ​ លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ចេញពី​ទឹកដី​ស្រុក​កោះ​ញែក​ ខេត្តមណ្ឌលគិរី​ និង​យក​មក​លាក់​ទុក​ក្នុង​ទឹកដី​ស្រុក​សំបូរ​ ខេត្តក្រចេះ​ ។​

​គំនរ​ឈើ​រាប់​ពាន់​កំណាត់​ដែល​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ចុះ​បង្ក្រាប​នៅ​ចំណុច​អូរ​គគីរ​ ឃុំ​រលួស​ស្រែ​ចេស​ ស្រុក​សំបូរ​ ហើយ​នាយ​ឧត្តមសេនីយ៍​ សៅ​ សុខា​ អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ​ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ជា​ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​ បង្ក្រាប​បទល្មើស​ព្រៃឈើ​ កន្លង​ទៅ​ក៏​បាន​ដឹកនាំ​ក្រុមការងារ​ទៅ​កាន់​ទីនោះ​ដោយ​ផ្ទាល់​ និង​បាន​បញ្ជា​ដល់​ក្រុមការងារ​ត្រូវ​តែ​ចាត់វិធានការ​ស៊ើបអង្កេត​រក​ឲ្យ​ ឃើញ​ពី​ប្រភព​ឈើ​ទាំងនេះ​ បាន​កាត់​ចេញពី​ក្រុមហ៊ុន​ ឬ​ក៏​កាប់​ពី​កន្លែង​ផ្សេង​យក​មក​លាក់​ទុក​នៅ​ទី​នេះ​ដើម្បី​ចាត់វិធានការ​ទៅ​តាម​នីតិវិធី​ ។​

​ឈ្មួញ​ ហាក់​ វុ​ត្ថា​ ហៅ​ ថា​ក​ខ្លី​ មេបញ្ជាការ​រង​យោធា​ វរៈ​ការពារ​ព្រំដែន​លេខ​២០៤​ គាត់​ជា​អ្នក​ប្រមូល​ទិញ​ឈើ​ និង​លាក់​ឈើ​រាប់​ពាន់​កំណាត់​ ពិសេស​ប្រភេទ​ឈើ​ធ្នង់​ និង​ឈើ​សុ​ក្រំ​ ទុក​សម្រាប់​លក់​បន្ត​ ឬ​ជា​អ្នកគ្រប់គ្រង​ឈើ​ឲ្យ​ទៅ​ឧកញ៉ា​ វន​ ប៊ុ​ន​ថៃ​ ហៅ​ឧកញ៉ា​ ថៃ​ ។​ ឈ្មួញ​នៅ​ទីនោះ​បង្ហើប​ថា​ ហាក់​ វុ​ត្ថា​ ជា​អ្នកមាន​តួនាទី​ ប្រមូល​ទិញ​ឈើ​ យក​មក​លាក់​ទុក​ក្នុង​ព្រៃ​ ដល់​ពេល​ឧកញ៉ា​ វន​ ប៊ុ​ន​ថៃ​ ជា​អ្នកគ្រប់គ្រង​ឈើ​នៅ​លើ​រថយន្ត​ ឬ​ត្រូវ​បាន​ដឹក​ចេញ​ ។​

​សមត្ថកិច្ច​គួរតែ​ចាត់វិធានការ​មេ​ឈ្មួញ​ទាំង​៣​រូប​ ហាក់​ វុ​ត្ថា​ ឃី​ ផេង​ និង​ឈ្មួញ​ ហៀ​ប​ អ្នក​ទាំងនេះ​ហើយ​ដែល​ជា​ប្រភព​បង្កើត​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​នៅ​ក្នុង​ទឹកដី​ខេត្តក្រចេះ​ និង​រាលដាល​ទៅ​ដល់​ទឹកដី​ស្រុក​កែវ​សីមា​ ស្រុក​កោះ​ញែក​ ខេត្តមណ្ឌលគិរី​ផង​ដែរ​ ។​

​ពាក់ព័ន្ធ​នឹង​បទល្មើស​លាក់​ឈើ​ដ៏​សន្ធឹក​សន្ធប់​នេះ​ បើ​ទោះជា​ប្រភព​ខ្លះ​អះអាង​ថា​ អ្នក​ទាំង​៣​បាន​លាក់​ទុក​ និង​បាន​ ប្រើប្រាស់​កម្មករ​របស់​ខ្លួន​ ដុត​បំផ្លាញ​មួយ​ចំនួន​ក៏​ដោយ​ ប៉ុន្តែ​នគរវត្ត​មិន​អាច​ទាក់ទង​បាន​ទេ​នា​ព្រឹក​ថ្ងៃ​ទី​២៣​ ខែមករា​ ឆ្នាំ​២០១៦​ ដោយ​គ្មាន​លេខ​ទូរស័ព្ទ​ ។​ ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ​ កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ និង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​មួយ​ចំនួន​ទៅ​ដល់ទី​នោះ​ មួយ​ចំនួន​ទៀត​កំពុង​ចេញដំណើរ​ក្នុង​ប្រតិបត្តិការ​ការងារ​បង្ក្រាប​ និង​វាស់វែង​ ៕

...

 

ដោយ៖ សុខ​ ខេមរា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print