កូរ៉េខាងជើង នឹងបញ្ជូនកងទ័ពទៅកាន់តំបន់តាមព្រំដែនកូរ៉េខាងត្បូង ខណៈកម្តៅការទូតប្រទេសទាំង២កំពុងផ្ទុះឡើងខ្លាំង

ចែករំលែក៖

អន្តរជាតិ៖ អ្នកនាំពាក្យយោធាកូរ៉េខាងជើង បានថ្លែងប្រាប់សារព័ត៌មានរដ្ឋរបស់ខ្លួន KCNA ដោយមិនបានបញ្ជាក់ឈ្មោះថា កងទ័ពកូរ៉េខាងជើងកំពុងតែបង្ហាញនូវជំហរដ៏ម៉ឺងម៉ាត់របស់ខ្លួន ក្នុងការចេញសកម្មភាពយោធាឲ្យបានទាន់ពេលតបទៅតាមដំណោះស្រាយដែលនឹងត្រូវបញ្ចេញដោយបក្ស និងរដ្ឋាភិបាល ការថ្លែងនេះត្រូវបានធ្វើឡើងកាលពីថ្ងៃអង្គារ ទី១៦ ខែមិថុនាម្សិលមិញនេះ បន្ទាប់ពីកូរ៉េខាងជើងបានបំផ្ទុះអគារកញ្ចក់កម្ពស់ ៤ជាន់ ដែលជាកន្លែងទទួលមន្ត្រីកូរ៉េខាងត្បូងចូលរួមកិច្ចប្រជុំចាប់តាំងពីឆ្នាំ២០១៨ នោះចោលតែម្តង

ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ បានចេញផ្សាយនាព្រឹកថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២០នេះថា ខណៈការទូតរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូងកំពុងឡើងកម្ដៅខ្លាំងជាថ្មីម្តងទៀត ដោយសារតែការបង្ហោះខិត្តប័ណ្ណប្រឆាំងរបបដឹកនាំទីក្រុងព្យុងយ៉ាងឥតឈប់ឈរ ដោយក្រុមជនជាតិកូរ៉េខាងជើងរត់ទៅរស់នៅកូរ៉េខាងត្បូងនោះ ប្រទេសមានអាវុធនុយក្លេអ៊ែរមួយនេះបានប្រកាសថា កងទ័ពនឹងត្រូវបញ្ជូនទៅធ្វើការដាក់ពង្រាយឡើងវិញ នៅតំបន់សេដ្ឋកិច្ចកែសុង (Kaesong) និងភ្នំគុមហ្គាង (Kumgang) ដែលស្ថិតនៅតាមបណ្តោយព្រំដែនជាមួយកូរ៉េខាងត្បូង នៅក្នុងពេញឆាប់ៗខាងមុខ។

គួរបញ្ជាក់ថា ស្ថិតនៅក្រោមផែនការសកម្មភាពយោធានេះ គណៈកម្មការមជ្ឈិមយោធានៃគណបក្សពលករកូរ៉េនឹងចេញសេចក្តីសម្រេចនៅក្នុងពេលឆាប់ៗ ដើម្បីឲ្យយោធា និងអាវុធដែលអាចទៅរួច ធ្វើការដាក់ពង្រាយនៅតំបន់ភ្នំទេសចរណ៍ Kumgang និងតំបន់សេដ្ឋកិច្ចKaesong ដែលទាំងពីរទីតាំងនេះស្ថិតនៅលើទឹកដីព្រំដែនកូរ៉េខាងជើង ជាប់នឹងកូរ៉េខាងត្បូង។ បន្ថែមពីការដាក់ពង្រាយយោធាខាងលើនេះប៉ុស្តិ៍ប៉ូលិសស៊ីវិលដែលត្រូវបានដកចេញក្រោយកិច្ចព្រមព្រៀងកូរ៉េទាំងពីរកាលពីឆ្នាំ២០១៨ នោះក៏នឹងត្រូវដាក់ឡើងវិញផងដែរ ដើម្បីការពារព្រំដែនកូរ៉េខាងជើង នៅតំបន់ជួរមុខ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print