ខេត្តមណ្ឌលគិរី៖ កម្លាំងជម្រកសត្វព្រៃភ្នំណាមលៀរ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីថ្មីៗនេះ បានចុះប្រតិបត្តិការទប់ស្កាត់បង្ក្រាបបទល្មើស គំនរឈើដែលគ្មានម្ចាស់មួយកន្លែង ដោយប្រមូលឈើបាន៣៥៣កំណាត់ នៅចំណុចពាមអូរពោត និងអូរតាំ ជាប់ខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ស្ថិតក្នុងភូមិសាស្ត្រភូមិឡឥដ្ឋ ឃុំក្រង់ទេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។
លោករ័ត្ន សុវណ្ណ នាយកដែនជម្រកសត្វព្រៃភ្នំណាមលៀរ ដែលជាអ្នកដឹកនាំផ្ទាល់បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី១៧ ខែមករា កម្លាំងឧទ្យានុរក្ស ស្នាក់ការរងអូរពោត សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីបានចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសគំនរឈើគ្មានម្ចាស់មួយកន្លែងដែលមានឈើផ្ចឹក, សុក្រំ, ត្រាច, ស្រឡៅ និងត្បែងបានសរុប៣៥៣កំណាត់ ត្រង់ចំណុចពាមអូរពោត និងអូរតាំជាប់ខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ។ ប្រតិបត្តិការជាបន្តបន្ទាប់រហូតមកដល់ពេលនេះ កម្លាំងរបស់ដែនជម្រកសត្វព្រៃភ្នំណាមលៀរ សហការជាមួយនឹងកម្លាំងស្នងការនគរបាលខេត្ត បានប្រមូលឈើគរទុកមួយកន្លែងរង់ចាំរកលទ្ធភាពដឹកយកមកទុកនៅស្នាក់ការ ។
លោក រ័ត្ន សុវណ្ណ បានបន្តថា យើងជួបប្រទះការលំបាក ដោយស្ថានភាពផ្លូវ និងមិនមានសម្ភារគ្រប់គ្រាន់ដើម្បីដឹកជញ្ជូនយកមកទុក ។ យ៉ាងណាក៏ដោយ លោករំពឹងថា នឹងរង់ចាំពេលវេលាដើម្បីពិភាក្សាជាមួយប្រធានមន្ទីរបរិស្ថានរកលទ្ធភាពដើម្បីដឹកជញ្ជូនឈើយកមករក្សាទុកឲ្យបានត្រឹមត្រូវ ។ លោកបានបដិសេធន៍ចំពោះការលើកឡើងថា កម្លាំងរបស់ដែនជម្រកសត្វព្រៃភ្នំណាមលៀរមិនយកចិត្តទុកដាក់បង្ក្រាបបទល្មើស ។
លោកថា ទីតាំងភូមិសាស្ត្រមានការលំបាក និងកម្លាំងមានចំនួនតិច ។ សូម្បីតែការជញ្ជូនឈើចេញពីទីតាំងដែលរកឃើញគឺលំបាកខ្លាំងណាស់ ៕
ដោយ៖ ហេង សូរិយា