ប៉ូលិសប្រទេសកាណាដាបានបញ្ជាក់កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦ថា មនុស្ស៤នាក់បានបាត់បង់ជីវិត និងច្រើននាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីហេតុការណ៍បាញ់ប្រហារកើតឡើងក្នុងថ្នាក់រៀនមួយកន្លែងស្ថិតនៅតំបន់ដាច់ស្រាយាល់ តំបន់សួនឧទ្យាន Saskatchewan របស់ប្រទេសកាណាដា ។
មន្ត្រីបានបន្តថា ហេតុការណ៍បាញ់ប្រហារបានកើតឡើងកាលពីថ្ងៃទី២២ ខែមករា ស្ថិតនៅសាលា La Loche ចម្ងាយ៦០០គីឡូម៉ែត្រភាគខាងជើងទីក្រុង Saskatoon ។ មូលហេតុមិនត្រូវបានលាតត្រដាងនោះឡើយ ។
នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានថ្លែងពីទីក្រុង Davos ប្រទេសស្វីស ទីដែលលោកអញ្ជើចូលរួមប្រជុំស្តីអំពីវេទិកាសេដ្ឋកិច្ចអន្តរជាតិនោះថា នេះជាសុបិន្តអាក្រក់របស់ឪពុកម្តាយគ្រប់ៗរូប ។
ការបាញ់សម្លាប់រង្គាលនៅក្នុងសាលារៀន ប្រទេសកាណាដាគឺកម្រកើតមានខ្លាំងណាស់ ដោយសារតែមានការអនុវត្តតឹងរ៉ឹងទៅលើច្បាប់ស្តីអំពីអាវុធយុទ្ធភណ្ឌជាជាងនៅប្រទេសអាមេរិក ។ ប្រទេសកាណាដា ត្រូវគេដឹងថា ធ្លាប់មានការបាញ់សម្លាប់រង្គាលក្នុងថ្នាក់ម្តងបណ្តាលឲ្យនិស្សិត១៤នាក់បាត់បង់ជីវិត ក្នុងឆ្នាំ១៩៨៩ ស្ថិតនៅក្នុងសាកលវិទ្យាល័យ Ecole Polytechnique ទីក្រុង Montreal ។ ក្នុងឆ្នាំ១៩៩២ មានការបាញ់ប្រហារក្នុងសាលារៀនម្តងទៀតស្ថិតនៅសាកលវិទ្យាល័យ Concordia ទីក្រុង Montreal បណ្តាលឲ្យបាត់បង់ជីវិត៤នាក់ ។
ក្រោយហេតុការណ៍បាញ់ប្រហារខាងលើ ប៉ូលិសបានចាប់ខ្លួនជនសង្ស័យបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសផងដែរ ។
សាក្សីម្នាក់បានបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មានកាណាដា Canadian Press ថា ហេតុការណ៍បាញ់ប្រហារនេះអាចចាប់ផ្តើមឡើងពីរឿងរ៉ាវក្នុងផ្ទះជនសង្ស័យរហូតដល់សាលារៀន ។ លោក Kevin Janvier បានបញ្ជាក់ថា ខ្ញុំមិនប្រាកដ១០០ភាគរយនោះទេ ប៉ុន្តែវាបានចាប់ផ្តើមចេញពីផ្ទះជនសង្ស័យរហូតទៅដល់សាលារៀន ។
ក្នុងចំណោមបណ្តាខេត្តទាំងអស់របស់កាណាដា ខេត្ត Saskatchewan ត្រូវប៉ូលិសធ្វើរបាយការណ៍ទាក់ទងអំពើហិង្សាកើតឡើងច្រើនជាងគេបំផុតនៅក្នុងឆ្នាំ២០១៤ កើនឡើងទ្វេដង ក្នុងចំណោមមនុស្ស១០០.០០០នាក់ មានករណីហិង្សាក្នុងគ្រួសារកើតឡើង២៤៣ករណី ។ នេះបើតាមស្ថិតិរបស់កាណាដា ផ្សព្វផ្សាយឲ្យដឹងកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥ ។
ក្រុមគ្រូពេទ្យត្រូវបញ្ជូនទៅកាន់មណ្ឌលសុខភាព Keewatin Yatthe ដើម្បីព្យាបាលជនរងគ្រោះក្នុងហេតុការណ៍បាញ់ប្រហារខាងលើនេះ ។ ប៉ុន្តែទោះយ៉ាងណា អ្នកនាំពាក្យមន្ទីរសុខាភិបាលបានបដិសេធន៍ប្រាប់ចំនួនជនរងគ្រោះដែលរងរបួស ហើយត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យនោះ ។
និស្សិតម្នាក់ឈ្មោះ Noel Desjarlais បានប្រាប់ទីភ្នាក់ងារព័ត៌មាន CBC ថា រូបគេបានឮសូរសំឡេងគ្រាប់កាំភ្លើងផ្ទុះជាច្រើនគ្រាប់ស្ថិតនៅក្នុងសាកលវិទ្យាល័យនោះដែលមាននិស្សិតប្រមាណ៩០០នាក់ ។
និស្សិត Desjarlais បានបញ្ជាក់ថា មានសំឡេងស្រែកខ្លាំងៗ និងមានការផ្ទុះអាវុធ៦-៧គ្រាប់ នៅពេលដែលរូបគេរត់ចេញមកខាងក្រៅសាលា។ Desjarlais បានជឿជាក់ថា មានការផ្ទុះកាំភ្លើងបន្ថែមទៀត នៅពេលរូបគេចាកចេញផុតពីសាលានោះ ។
ក្នុងឆ្នាំ២០១៤ លោកគ្រូម្នាក់បានសម្តែងការព្រួយបារម្ភចំពោះអំពើហិង្សាដែលកើតឡើងនៅក្នុងសាកលវិទ្យាល័យ La Loche ។ កាលពីអំឡុងពេលនោះ សិស្សក្នុងថ្នាក់មានទំនាស់ជាមួយគ្នា ហើយត្រូវបញ្ជូនឲ្យតុលាការផ្តន្ទាទោស ដាក់ពន្ធនាគារ ។ លុះបន្ទាប់ពីចេញពីមន្ទីរឃុំឃាំងមកវិញ ជននោះត្រូវអនុញ្ញាតឲ្យវិលត្រឡប់មកសិក្សាវិញ ហើយឈានដល់ការសងសឹកជាមួយអតីតគូទំនាស់របស់ខ្លួន តាំងពីនៅក្នុងថ្នាក់រៀន រហូតដល់លំនៅឋានក្រុមគ្រួសារផងដែរ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត