ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ ផ្សព្វផ្សាយការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ទាំង៦ ដល់អាជីវករ និងប្រតិបត្តិករទេសចរណ៍ក្នុងខេត្ត

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តបទដ្ឋាន គតិយុត្តដាក់ឱ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ (ជំហានទី១) សម្រាប់មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំង៦ ក្នុងដំណាក់កាលវិបត្តិជំងឺឆ្លងកូវីដ-១៩ ដល់អាជីវករទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍នៅសាលាខេត្តព្រះសីហនុ។

មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំង៦ នោះរួមមាន៖ អាជីវកម្មសេវាស្នាក់នៅ សេវាកម្មភោជនីយដ្ឋាន-អាហារដ្ឋាន សេវាកម្មដឹកជញ្ជូនទេសចរណ៍ផ្លូវគោក សេវាកម្មដឹកជញ្ជូនទេសចរណ៍ផ្លូវទឹក សហគមន៍ទេសចរណ៍ និងរមណីយដ្ឋានទេសចរណ៍ ដែលលោករដ្ឋមន្ត្រីបានបញ្ជាក់ហើយថាត្រូវតែអនុវត្តតាមឱ្យបានត្រឹមត្រូវតាមវិធានសុវត្ថិភាព ដែលបានប្រកាសដាក់ឱ្យអនុវត្តថ្មីៗកន្លងទៅនេះ ដើម្បីឱ្យវិស័យទេសចរណ៍មានដំណើរល្អឡើងវិញ និងធានាបានសុវត្ថិភាពសម្រាប់ទេសចរនៅកម្ពុជា ព្រោះប្រសិនបើអាជីវកម្ម ប្រតិបត្តិករទេសចរណ៍ទាំងឡាយមិនជួយគ្នាធ្វើតាមវិធាននេះទេ វិស័យទេសចរណ៍នៅកម្ពុជាមិនអាចបន្តសកម្មភាពទៅបានល្អនោះឡើយ។

នាឱកាសនោះ លោករដ្ឋមន្ត្រី ថោង ខុន បានផ្តល់អនុសាសន៍ណែនាំបន្ថែមមួយចំនួន ដល់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់កិច្ចការងារអនុវត្តបន្តដូចតទៅ៖
* ទី១៖ រដ្ឋបាលខេត្តត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀត លើការណែនាំ និងតាមដានការអនុវត្តរបស់ស្ថាប័ន និងអង្គភាពជំនាញពាក់ព័ន្ធនឹងវិធានសុវត្ថិភាពទេសចរណ៍ ក្នុងនោះមានមន្ទីរទេសចរណ៍ ដែលត្រូវដើរតួនាទីជាអង្គភាពជំនាញ ចុះផ្សព្វផ្សាយដល់អាជីវករ បណ្តុះបណ្តាលបន្តអំពីការ
អនុវត្តដល់អង្គភាពពាក់ព័ន្ធ និងអ្វីដែលសំខាន់នោះ។ មន្ទីរសុខាភិបាល ដែលជាអង្គភាពមានភារកិច្ចបញ្ជាក់លើសុវត្ថិភាពចំណីអាហារ ជាពិសេសក្នុងដំណាក់កាលនេះត្រូវដើរតួនាទីបន្ថែម ជាអង្គផ្សព្វផ្សាយនូវរាល់ការណែនាំថ្មីៗរបស់ក្រសួងសុខាភិបាល ដូចជាការប្រើប្រាស់ម៉ាស់ ការលាងដៃ ការរក្សាគម្លាតសុវត្ថិភាពជាដើម ដែលត្រូវបានរាជរដ្ឋាភិបាលផ្តល់ទំនុកចិត្តចាត់តាំង ជាក្បាលម៉ាស៊ីនដឹកនាំក្នុងកិច្ចការងារនេះ។ រដ្ឋបាលក្រុង-ស្រុកត្រូវចូលរួមជួយគាំទ្រដល់ការអនុវត្តនេះ និងផ្តល់កិច្ចសហការលើគ្រប់រូប ទាំងសម្រាប់ពេលចុះផ្សព្វផ្សាយ ណែនាំ និងការតម្រូវឱ្យអនុវត្តផ្សេងៗ ដូចជាការតម្រូវឱ្យផ្អាកអាជីវកម្ម ជាបណ្តោះអាសន្នជាដើម។
* ទី២៖ គោលដៅទេសចរណ៍តាមមាត់ឆ្នេរសមុទ្រ មានការប្រមូលផ្តុំសេវាកម្មទេសចរណ៍ ជាច្រើនបញ្ចូលគ្នា ដែលភាគច្រើនមានសេវាម្ហូបអាហារ កីឡាទេសចរណ៍ និងពេលខ្លះអាចមានរួមទាំងសេវាកម្មដឹកជញ្ជូន និងមគ្គុទ្ទេសក៍ទេសចរណ៍ផងដែរ នៅក្នុងគោលដៅរមណីយដ្ឋានទេសចរណ៍ ជាប្រភេទ «ឆ្នេរកម្សាន្ត»។
ដោយឡែក នៅក្នុងវិស័យទេសចរណ៍ត្រូវគិតគូរអំពីគំរូអាជីវកម្មប្រភេទថ្មី (New Business Model) ដើម្បីសម្របទៅតាមស្ថានភាពសេដ្ឋកិច្ច-សង្គមជាក់ស្តែង ដោយក្នុងនោះ ទី១- អាជីវកម្មអាចអនុវត្តដំណោះស្រាយឌីជីថល (Digital Solutions) តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា ជាជំនួយ និងទី២- ត្រូវពង្រឹងសមត្ថភាព និងគុណភាព ពិសេសការបង្កើនផលិតភាព ដើម្បីត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតប្រជែងកាន់តែស្រួចស្រាល ទីផ្សារកាន់តែរួមចង្អៀត ហើយខ្សែចង្វាក់ផ្គត់ផ្គង់កាន់តែបង្រួមខ្លី។
ទន្ទឹមនឹងនេះ ត្រូវជំរុញណែនាំមូលដ្ឋានអាជីវកម្មវិស័យទេសចរណ៍ទាំងអស់ ឱ្យគោរពអនុវត្តតាមវិធានសុវត្ថិភាពទេសចរណ៍ដើម្បីអនុវត្តតាម «គោលការណ៍ណែនាំថ្មី New Norms/Protocols» ទាំងសម្រាប់មូលដ្ឋានអាជីវកម្មដែលកំពុងដំណើរការ និងមូលដ្ឋានអាជីវកម្មដែលបានផ្អាក ឬបិទទ្វារ នៅពេលមានការអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ ទោះបីជាអាចប្រឈម នឹងកត្តាមិនអំណោយផលមួយចំនួន ( ដូចជាលទ្ធភាពទទួលភ្ញៀវបានចំនួនតិចជាងមុន និងចំណាយប្រតិបត្តិការខ្ពស់ជាងមុន ) ក៏ដោយ ដើម្បីធានានូវសុវត្ថិភាព សម្រាប់គ្រប់ភាគីពាក់ព័ន្ធ ទាំងភ្ញៀវ និងបុគ្គលិក។
លោក គួច ចំរើន បានឱ្យដឹងថា ដើម្បីចូលរួមជំរុញវិស័យសេដ្ឋកិច្ច សង្គម និងទេសចរណ៍ឱ្យមានការរីកចម្រើនរកបដោយគុណភាព និងនិរន្តរភាព រដ្ឋបាលខេត្តព្រះសីហនុបាននិងកំពុងយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍ និងស្ដារហេដ្ឋារចនាសម្ពន្ធផ្លូវថ្នល់ រៀបចំកែលម្អឆ្នេរសមុទ្រ ទឹកស្អាត អគ្គិសនី ការគ្រប់គ្រងសំណល់រឹងរាវ បន្ទប់ទឹកសាធារណៈ ការរៀបចំសួនច្បារ និងកំពង់ផែទេសចរណ៍ ស្ដង់ដាសេវាកម្មទេសចរណ៍ ព្រមទាំងពង្រឹងការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងសេវាដឹកជញ្ជូនសាធារណៈ រួមទាំងជំរុញយុទ្ធនាការទីក្រុងស្អាត ឆ្នេរស្អាតទាំងនៅក្នុងទីក្រុង ទីប្រជុំជន និងនៅតាមតំបន់ឆ្នេរឱ្យកាន់តែមានសោភ័ណភាព បរិស្ថានល្អប្រសើរ ដើម្បីចូលរួមអភិវឌ្ឍ និងគាំទ្រដល់គោលនយោបាយ និងផែនការអភិវឌ្ឍទេសចរណ៍ជារិរបស់រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ន និងពេលអនាគត។
ក្រោយចប់កិច្ចប្រជុំខាងលើ លោក ថោង ខុន បានចុះពិនិត្យអាកាសយានអន្តរជាតិកងកេង និងនារសៀលថ្ងៃដដែល លោករដ្ឋមន្ត្រីក៏បានចុះសំណេះសំណាលជាមួយអាជីវករ និងចុះត្រួតពិនិត្យការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍លើកាណូតទេសចរណ៍នៅឆ្នេរអូរឈើទាលផងដែរ៕

...

ប្រភព៖ ទទក

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print