អន្តរជាតិ៖ ក្រោយការផ្ទុះរាលដាលជំងឺCOVID-19 ថ្មីភ្លាមៗ មនុស្សរាប់ម៉ឺននាក់ ត្រូវបានធ្វើតេស្តរក COVID-19 ដែលគេជឿថាបានចាប់ផ្ដើមក្នុងផ្សារលក់បោះដុំបន្លែសាច់ Xinfadi ។ ជាក់ស្តែងនៅថ្ងៃទី១៧ ខែមិថុនាម្សិលមិញនេះ អាជ្ញាធរប៉េកាំងបានរាយការណ៍ឆ្លងថ្មីចំនួន៣១ករណី ដែលធ្វើឲ្យករណីសរុបឆ្លងចេញមកពីផ្សារនេះឡើងដល់១៣៧ករណីហើយ។ ដោយបារម្ភរលកចម្លងទី២ក្នុងប្រទេសចិនអាជ្ញាធរទទូចឲ្យប្រជាជនកុំចាកចេញពីទីក្រុងប៉េកាំង។ មិនតែប៉ុណ្ណោះព្រលានយន្តហោះរបស់ប៉េកាំង បានសម្រេចលុបចោលជើងហោះហើរខ្លួន២ភាគ៣ ហើយសាលារៀនក្នុងរដ្ឋធានីចិននេះ ក៏ត្រូវបានបិទទ្វារជាថ្មីម្ដងទៀត។ ការសម្រេចនេះ ធ្វើឡើងខណៈអាជ្ញាធរចិនញាប់ដៃញាប់ជើងទប់ស្កាត់ការរាលដាល COVID-19 ជាចង្កោមថ្មីក្នុងផ្សារមួយកន្លែង។ ទន្ទឹមនេះ ពួកគេព្រមានថាការកើនឡើងនៃករណីឆ្លងថ្មី។
លោក Pang Xinghuo នាយករងមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺរបស់ប៉េកាំង បញ្ជាក់ប្រាប់នៅក្នុងសន្និសីទព័ត៌មានមួយថា «ព្រោះតែផ្សារ Xinfadi គឺជាកន្លែងលក់ដូររបស់របរប្រចាំថ្ងៃដ៏ធំបំផុតមួយ ដោយមានពលករអន្តោប្រវេសន៍រាប់ពាន់នាក់ និងភ្ញៀវទេសចរជាច្រើនដើរទិញទំនិញក្នុងនោះ វាពិបាកនឹងគ្រប់គ្រងការរាលរាល»។ លោក Pang Xinghuo បានព្រមានថា៖«យើងប្រហែលមើលឃើញការកើនឡើងករណីថ្មីក្នុងពេលប៉ុន្មានថ្ងៃចុងក្រោយ»។
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP លោក Zhang Qiang មន្ត្រីនៃក្រុមការងារបង្ការជំងឺរាត្បាតរបស់ប៉េកាំង អាជ្ញាធរសុខាភិបាលក្រុងបានបង្កើនសមត្ថភាពធ្វើតេស្ត ហើយកំពុងប្រមូលសំណាកមនុស្ស៤០ម៉ឺននាក់ក្នុងមួយថ្ងៃ។ ចាប់តាំងពីថ្ងៃទី១៣ ខែមិថុនាមកសំណាកមនុស្ស ៣៥៦ ០០០នាក់ ត្រូវបានធ្វើតេស្ត។ ជាមួយគ្នានេះ មន្ត្រីចិនបានអះអាងថា ចាប់តាំងពីថ្ងៃទី៣០ ខែឧសភាមក មនុស្សជាង២០ម៉ឺននាក់បានទៅផ្សារ Xinfadi ដែលផ្គត់ផ្គង់បន្លែផ្លែឈើនិងសាច់ជាង៧០ភាគរយសម្រាប់ទីក្រុងប៉េកាំង។
ដោយឡែកសារព័ត៌មានរដ្ឋចិន People’s Daily បានរាយការណ៍ថា ជើងហោះហើរយ៉ាងតិច ១២៥៥ជើងដែលដាក់កាលបរិច្ឆេទរួច ត្រូវបានលុបចោលវិញ នៅថ្ងៃទី១៧ ខែមិថុនា។ ជិត៧០ភាគរយនៃជើងហោះហើរទាំងនេះ គឺឆ្ពោះទៅកាន់និងមកពីព្រលានយន្តហោះសំខាន់របស់ទីក្រុងប៉េកាំង។ ដោយការរាលដាលនេះ បានបង្ខំឲ្យអាជ្ញាធរប៉េកាំងប្រកាសបម្រាមធ្វើដំណើរសម្រាប់ប្រជាជនដែលស្ថិតនៅតំបន់មានហានិភ័យមធ្យមឬខ្ពស់ ខណៈតម្រូវឲ្យប្រជាជនដទៃទាំងអស់ធ្វើតេស្តដើម្បីអាចចាកចេញពីប៉េកាំង។ បន្ថែមពីលើនេះ ខេត្តមួយចំនួនបានសម្រេចដាក់អ្នកដំណើរមកពីប៉េកាំងឲ្យនៅដាច់ដោយឡែក។ តួយ៉ាង ទីក្រុងប៉េកាំងដែលទើបតែបើកទ្វារសាលារៀនកាលពីថ្មីៗនេះត្រូវបានបញ្ជាឲ្យបិទដំណើរការវិញម្ដងទៀត ហើយសិស្សទាំងអស់ត្រូវត្រលប់ទៅរៀនតាមអនឡាញដដែល។
គួរបញ្ជាក់ថា នាដើមសប្តាហ៍នេះ កាសែតរដ្ឋចិន បានរាយការណ៍ថា កូរ៉ូណាវីរុស ត្រូវបានរកឃើញលើជ្រុញកាប់សាច់ត្រីសាលម៉ុន លក់នៅផ្សារ Xinfadi ក្នុងទីក្រុង ប៉េកាំង ។ របាយការណ៍នេះ ធ្វើឲ្យផ្សារទំនើបធំៗក្នុងរដ្ឋធានីចិននេះរើសាច់ត្រីសាលម៉ុនចេញពីធ្នើរពួកគេអស់រលីង។ ក្រោយមក ចិន បានសម្រេចផ្អាកការនាំចូលត្រីសាលម៉ុនពីក្រុមហ៊ុនផ្គត់ផ្គង់អឺរ៉ុប។
ពាក់ព័ន្ធករណីខាងលើនេះវិញ ប្រទេសន័រវែស នៅថ្ងៃទី១៧ ខែមិថុនា បានប្រកាសពីបំណងចង់បន្តនាំចេញត្រីសាលម៉ុនខ្លួនទៅកាន់ប្រទេសចិន ក្រោយប៉េកាំងត្រូវបានរាយការណ៍ថាលុបចោលសេចក្តីសន្និដ្ឋានថា ត្រីដែលគេនិយមបរិភោគឆៅនេះ អាចជាប់ពាក់ព័ន្ធការផ្ទុះរាលដាលជាចង្កោមជំងឺ COVID-19វិញ។ ប៉ុន្តែ លោក Shi Guoqing នាយករង CDC ចិន នៅថ្ងៃទី១៦ ខែមិថុនា អះអាងថា បច្ចុប្បន្នខ្លួនគ្មានភ័ស្តុតាងណាមួយបញ្ជាក់ថា ត្រីសាលម៉ុនគឺជាប្រភពចម្លងជំងឺCOVID-19ឡើយ៕ ដោយ៖ស តារា