ខេត្ដព្រះសីហនុ៖ ប្រជាពលរដ្ឋខេត្ដ ព្រះសីហនុថ្លែងថា ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប (Royal Group) របស់លោកឧកញ៉ា គិត ម៉េង នៅតែបន្ដសកម្មភាពសាងសង់ ផែថ្មមានទីតាំងនៅភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុដដែល ទោះបីប្រធាន គណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍ តំបន់ឆ្នេរសមុទ្រកម្ពុជាបានចេញលិខិតណែនាំកាលពីថ្ងៃទី២០ ខែមករា ឱ្យក្រុម ហ៊ុននេះបញ្ឈប់ការសាងសង់និងត្រូវ រៀបចំទីតាំងឆ្នេរអូរត្រេះឱ្យមានសភាពដូចដើមវិញបែបណាក្ដី ។ ចំណែកតំណាង ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបនិយាយថា ក្រុម ហ៊ុនត្រៀមសហការជាមួយអាជ្ញាធរខេត្ដព្រះសីហនុ និងរាជរដ្ឋាភិបាលជានិច្ច ។
អភិបាលខេត្ដព្រះសីហនុបានឱ្យដឹងថា លោកនឹងបើកកិច្ចប្រជុំរវាងមន្ដ្រីជំនាញនៅតាមស្ថាប័នពាក់ព័ន្ធក្រោមឱវាទខេត្ដ ជាមួយតំណាងក្រុមហ៊ុនដើម្បីចុះបញ្ឈប់សកម្មភាពសាងសង់ក្នុងពេលឆាប់ៗ ។
ប្រជាពលរដ្ឋចាត់ទុកសកម្មភាពបន្ដសាងសង់ផែថ្មដោយក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុបថា កំពុងផ្គើនទៅនឹងលិខិតចុះថ្ងៃ ទី២០ ខែមករា របស់រាជរដ្ឋាភិបាល ដែលបញ្ឈប់មិនឱ្យក្រុមហ៊ុននេះបន្ដសាងសង់ផែថ្មនៅលើឆ្នេរអូរត្រេះ ។ ប្រជាពល រដ្ឋបានស្នើដល់អភិបាលខេត្ដព្រះសីហនុ ចុះអនុវត្ដបញ្ឈប់សកម្មភាពសាងសង់ ផែថ្មរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ចេញ ពីឆ្នេរអូរត្រេះឱ្យមានប្រសិទ្ធភាព ។ ជាង នេះទៀតអភិបាលខេត្ដព្រះសីហនុអាច ប្រើប្រព័ន្ធតុលាការដើម្បីបញ្ឈប់សកម្មភាពសង់ផែកប៉ាល់ឬផែទូករបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបចេញពីតំបន់ឆ្នេរអូរត្រេះ ទើបមានប្រសិទ្ធភាព ។
ទាក់ទិនការសាងសង់ផែថ្មរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នេះដែរ ប្រជាពលរដ្ឋ និងមន្ដ្រីរាជការក៏បានរិះគន់អាជ្ញាធរខេត្ដ ព្រះសីហនុដែលបណ្ដោយឱ្យមានសកម្មភាពសង់ផែថ្មរបស់ក្រុមហ៊ុនឯកជនចេញជារូបរាង និងបំផ្លាញដល់បរិស្ថានតំបន់ ឆ្នេរអូរត្រេះទើបមានកិច្ចអន្ដរាគមន៍ពេលនេះ ។ ប្រជាពលរដ្ឋបានមើលឃើញផ្ទាល់ ដល់ទីតាំងឆ្នេរអូរត្រេះបានអះអាងថា ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប មិនទាន់បញ្ឈប់ ការសាងសង់ផែថ្មរបស់ខ្លួននៅឡើយ ទោះបីមានលិខិតចុះថ្ងៃ ទី២០ ខែមករា របស់រាជរដ្ឋាភិបាលឱ្យបញ្ឈប់សកម្មភាពសាងសង់បែបណាក្ដី ។ មិនតែប៉ុណ្ណោះប្រជា ពលរដ្ឋបានស្នើដល់អភិបាលខេត្ដព្រះសីហនុត្រូវកោះអញ្ជើញមន្ដ្រីជំនាញនៅតាម ស្ថាប័នពាក់ព័ន្ធចុះបញ្ឈប់សកម្មភាពសង់ផែថ្មរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបចេញពី ឆ្នេរអូរត្រេះឱ្យមានប្រសិទ្ធភាព ។
អភិបាលខេត្ដព្រះសីហនុបានថ្លែងថាអាជ្ញាធរត្រៀមប្រជុំមន្ដ្រីជំនាញនៅតាមស្ថាប័នពាក់ព័ន្ធនានាក្នុងខេត្ដនេះដើម្បី ចុះបញ្ឈប់សកម្មភាពសាងសង់ឱ្យស្របតាមលិខិតរបស់រាជរដ្ឋាភិបាល ។ ក្នុង លិខិតចុះថ្ងៃទី២០ ខែមករា របស់លោក ទេសរដ្ឋមន្ដ្រី អ៊ឹម ឈុនលឹម រដ្ឋមន្ដ្រី ក្រសួងរៀបចំ ដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការ ជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរ សមុទ្រកម្ពុជាផ្ញើជូនលោក យន្ដ មីន អភិបាលខេត្ដព្រះសីហនុគឺមិនអនុញ្ញាតឱ្យក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលស្នើសុំ សាងសង់ផែទូកឬកប៉ាល់សម្រាប់បម្រើឱ្យការអភិវឌ្ឍកោះរ៉ុងនៅលើទីតាំងឆ្នេរអូរត្រេះបានទេ ។ បន្ថែមលើនេះលិខិតរាជ រដ្ឋាភិបាលក៏បានតម្រូវឱ្យលោកយន្ដ មីន ត្រូវណែនាំឱ្យក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបបញ្ឈប់ការសាងសង់ផែថ្មនៅលើឆ្នេរអូរត្រេះ ជាបន្ទាន់និងត្រូវរៀបចំទីតាំងឆ្នេរអូរត្រេះឱ្យមានសភាពដូចដើមវិញ ។
លោក អ៊ឹម ឈុនលឹម សង្កត់ធ្ងន់ថា ទីតាំងតំបន់ឆ្នេរអូរត្រេះគឺមិនអនុញ្ញាតឱ្យមានសំណង់រឹងមាំសាងសង់នៅលើឆ្នេរនេះទេ ព្រោះរាជរដ្ឋាភិបាលមានគោល ការណ៍ឱ្យរៀបចំឆ្នេរអូរត្រេះជាឆ្នេរគំរូ សម្រាប់បម្រើដល់វិស័យទេសចរណ៍និងបរិស្ថានតំបន់ឆ្នេរដោយត្រូវបង្កករាល់ការសាងសង់លើដីចំណីសមុទ្រនៅតំបន់នោះ ព្រមទាំងត្រូវសិក្សារកវិធានការ ដើម្បីរុះរើសំណង់អនាធិបតេយ្យចេញពីទីតាំងដីចំណីឆ្នេរអូរត្រេះថែមទៀតផង ៕
ដោយ៖ ហេង សូរិយា